ភ្នំពេញៈ អាកប្បកិរិយាភ័យខ្លាច មិនហ៊ានលេងជាមួយក្មេងដទៃ មិនហ៊ាននិយាយរកមនុស្សជុំវិញខ្លួន គេចវេះ ព្រួយបារម្ភខ្លាំង មុនការប្រឡងមកដល់ ការធ្វើបទបង្ហាញ ឬមុនចូលរួមព្រឹត្តិការណ៍សង្គមនានា ទាំងនោះជាការបង្ហាញនូវរោគសញ្ញាមួយចំនួនដែលប្រជាជនខ្មែរ គួរចាប់ផ្ដើមផ្តោតការយកចិត្តទុកដាក់ ព្រោះនេះជារោគសញ្ញារបស់អ្នកមាន «ជំងឺថប់បារម្ភសង្គម»។
ភ្នំពេញ ប៉ុស្តិ៍ បាននិយាយជាមួយអ្នកប្រឹក្សាផ្លូវចិត្ត ២ រូប គឺលោកហឿ សេធុល និងអ្នកស្រីលឹម ប៊ួយហៀក រួមទាំងឪពុកម្ដាយសិស្ស ដែលជាអតិថិជនរបស់អ្នកស្រី លឹម ប៊ួយហៀក តាមការឆ្លើយតបសារមួយចំនួន ដោយសូមមិនបញ្ចេញប្រវត្តិច្បាស់លាស់ អំពីការវិវឌ្ឍនៃជំងឺ ផលប៉ះពាល់ និងការព្យាបាលដែលគ្រប់គ្នាគួរគិតគូរ។
អ្វីទៅជាជំងឺថប់បារម្ភសង្គម? បើតាមអ្នកស្រីលឹម ប៊ួយហៀក ជំងឺថប់បារម្ភសង្គម ហៅឱ្យខ្លីថា ជាជំងឺថប់បារម្ភ ដែលពាក់ព័ន្ធទៅនឹងទំនាក់ទំនងសង្គម។
អ្នកស្រីរៀបរាប់ពីរោគសញ្ញាត្រួសៗថា៖ «អ្នកជំងឺតែងមានអារម្មណ៍ភ័យមិនស្រណុកក្នុងខ្លួនពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ឬឱ្យតែសកម្មភាពណា ដែលត្រូវប្រឈមជាមួយការមានទំនាក់ទំនង ដូចជាត្រូវសន្ទនា ការជួបជាមួយអ្នកណាម្នាក់ មនុស្សមិនស្គាល់ ត្រូវឡើងនិយាយជាសាធារណៈ ឬត្រូវទៅសម្ភាស។
អ្នកស្រីបន្ថែមថា៖ «ពេលធ្វើអ្វីតែងតែខ្លាចគេវិនិច្ឆ័យ ខ្លាចខុសអាម៉ាស់មុខ ដែលបន្តចាប់ពី ៦ ខែ ឬលើសពីនេះ ដោយបេះដូងចាប់ផ្ដើមលោតញាប់ ដៃបែកញើស ឬមានអារម្មណ៍ដូចឈឺ។ អ្នកខ្លះមានអារម្មណ៍ដូចបុកពោះ ឬមានអារម្មណ៍ថាខួរក្បាលខ្លួនឯងមិនដំណើរការ សំឡេងគាត់ប្រែជាខ្សោយ ហើយពិបាកក្នុងទំនាក់ទំនងដោយប្រើភ្នែក»។
បើតាមលោកគ្រូ ហឿ សេធុល ដែលផ្អែកទៅលើសៀវភៅ DSM-5 អ្នកមានជំងឺនេះអាចមានសញ្ញាណទូទៅមួយចំនួនទៅលើរាងកាយ អារម្មណ៍ និងផ្នែកការគិតនិងអាកប្បកិរិយារបស់គាត់។
លោកបកស្រាយថា៖ «ចំពោះរាងកាយ ពេលត្រូវប្រឈមមុខជាមួយអ្នកដទៃនៅខាងក្រៅ គាត់បែកញើសដៃ ជើង ញ័រដៃ ញ័រជើង។ គាត់មានអារម្មណ៍ភ័យព្រួយ តានតឹងខ្លាំង ខ្លាចពេលចេញទៅក្រៅ ឬពេលជជែកជាមួយអ្នកណាមួយ។ ឯផ្នែកការគិត គឺតែងតែគិតអវិជ្ជមានលើខ្លួនឯង គិតថាខ្លួនឯងមិនអាចប្រឈមនឹងបញ្ហាហ្នឹងបាន ខ្មាសខ្លួនឯង និងអ្នកដទៃ។ ចំណែកឯអាកប្បកិរិយា អាចព្យាយាមគេចចេញពីអ្នកដទៃ ឬអ្នកខ្លះមិនចង់ទៅសាលា»។
មនុស្សភាគច្រើនមិនបានចាប់ភ្លឹក ក៏មិនបានតាមដានពីអាការរបស់ខ្លួនឯង ព្រោះគិតថា តិច ឬច្រើន អាការបែបនេះ គឺជាអាការរបស់មនុស្សទូទៅ។ ដូច្នេះ តើក្នុងដំណាក់កាលណាដែលគួរឱ្យព្រួយបារម្ភ?
អ្នកស្រីលឹម ប៊ួយហៀក ឱ្យដឹងថា ដំបូងគួរបែងចែកឱ្យដាច់ រវាងអ្វីដែលជាជំងឺ អ្វីដែលមិនមែនជាជំងឺ។ ជាធម្មតាសម្រាប់ពាក្យដែលថាជាជំងឺមានន័យថាទាល់តែមានរោគសញ្ញាគ្រប់គ្រាន់ មានចំណុចច្បាស់លាស់ ហើយរយៈពេលកើតឡើងជាក់លាក់។ វាត្រូវជាមួយកាលកំណត់ឬអត់? នៅពេលដែលមានរោគសញ្ញាទាំងអស់ហ្នឹង តើមានផលប៉ះពាល់ទៅលើការរស់នៅប្រចាំថ្ងៃ ទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនរបស់គាត់ឬទេ?
អ្នកស្រីថា៖«បើវាបង្កការរំខាន រហូតធ្វើឱ្យម្នាក់នោះធ្វើការមិនបាន រៀនមិនបាននោះ បានន័យថា ពួកគាត់គួរតែជួបជាមួយនឹងអ្នកជំនាញដើម្បីព្យាបាល និងដោះស្រាយបញ្ហាទាំងហ្នឹង»។
អ្នកស្រីឱ្យដឹងពីផលប៉ះពាល់ ក៏ដូចជាមូលហេតុដែលនាំឱ្យមានជំងឺនេះ។
ជាអ្នកចិត្តសាស្រ្តជាន់ខ្ពស់ ១ រូប នៅដឹប៊ីឃីបភ័រ (The Beekeeper) ហើយបានធ្វើការជាអ្នកប្រឹក្សាផ្លូវចិត្ត អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ អ្នកស្រី លឹម ប៊ួយហៀក លើកឡើងថា ឥឡូវមនុស្សអាចជួបបញ្ហានេះច្រើនទាក់ទងទៅនឹងការប្រើអេឡិចត្រូនិកច្រើន របៀបរស់នៅបែបថ្មី និងស្ថានភាពកូវីដដែលអូសបន្លាយ។
អ្នកស្រីប៊ួយហៀក បកស្រាយបន្ថែមថា នៅពេលពួកគាត់ផ្អែកទៅលើបច្ចេកទេសជាច្រើន ដូចជាទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទ វាអាចប៉ះពាល់ទៅលើខួរក្បាល និងគ្រួសារ ដោយឪពុក ម្តាយខ្លះ មិនដឹងថា កូនត្រូវគេធ្វើបាបតាមអ៊ីនធឺណិតទេ។ គ្រួសារក៏មិនសូវមានពេលជាមួយគ្នា ក្មេងៗដែលនៅផ្ទះជិតគ្នាមិនមានភាពស្និទ្ធស្នាលគ្នា ធ្វើឱ្យក្មេងៗ កាន់តែមានភាពភ័យខ្លាចក្នុងការទាក់ទងជាមួយមនុស្សនៅជុំវិញខ្លួន។
អំឡុងពេលកូវីដ ទៀតសោត ខណៈដែលមនុស្សត្រូវផ្ដាច់ខ្លួនពីគ្នា អ្នកស្រីថា អង្គការសុខភាពពិភពលោក បានរកឃើញថាមានការកើនឡើងនៃបញ្ហាផ្លូវចិត្តជាច្រើន។
អ្នកស្រីបន្ថែមថា៖«ពេលយើងពឹងផ្អែកទៅលើបច្ចេកវិទ្យាច្រើនពេក ធ្វើឱ្យយើងបាត់បង់នូវសមត្ថភាពត្រូវរៀនចេះតាំងពីតូចមក។ បច្ចុប្បន្ន កូនក្មេងមានការយឺតយ៉ាវក្នុងការនិយាយច្រើន។ ឪពុកម្ដាយសម័យថ្មី រវល់ច្រើន គាត់ពឹងផ្អែកតែទៅលើសាលា»។
អ្នកស្រីបន្តទៀតថា៖«សកម្មភាពពួកគាត់ ដែលចំណាយជាមួយកូន ច្រើនតែជាការញ៉ាំអីជុំគ្នា តែពេលខ្លះសូម្បីតែពេលនោះនៅកាន់ទូរស័ព្ទទៀត។ ដូច្នេះតើឱកាសណាដែលក្មេងអាចរៀនទំនាក់ទំនងជាមួយនឹងអ្នកដទៃ?។ អ៊ឹចឹងគាត់អត់សូវមានសកម្មភាពអី ដែលជំរុញឱ្យកូនមានទំនាក់ទំនងជាមួយអ្នកដទៃ»។
ដោយឡែក បើតាមលោកសេធុលរៀបរាប់បន្ថែមទាក់ទងទៅនឹងមូលហេតុនៃជំងឺនេះ គឺអាចមកពីបទពិសោធមិនល្អក្នុងកុមារភាព ដូចជាគេមាក់ងាយ អំពើហិង្សាផ្សេងៗ ធ្វើឱ្យក្មេងងាយបាត់បង់គុណតម្លៃខ្លួនឯង ងាយនឹងមើលខ្លួនឯងក្នុងផ្លូវអវិជ្ជមាន និងមើលពិភពលោកក្នុងផ្លូវអាក្រក់។
មួយទៀតពេលដែលកុមារចូលវ័យជំទង់ ពួកគេមានសារធាតុគីមីនៅក្នុងរាងកាយ ពួកគេមានអាកប្បកិរិយាផ្លាស់ប្ដូរ មានការខ្មាសអៀនច្រើន ដូច្នេះគាត់ងាយប្រឈមណាស់។ បើផ្ដល់ការថែទាំមិនបានគ្រប់គ្រាន់ និងដោយសារសង្គមឆ្លងកាត់សង្រ្គាមច្រើន ប្រជាជនងាយនឹងប៉ះទង្គិចផ្លូវចិត្ត។ កត្តាសំខាន់មួយទៀតនោះគឺអាចទាក់ទងនឹងកង្វះភាពកក់ក្ដៅក្នុងគ្រួសារភាពព្រងើយកន្តើយពីឪពុកម្ដាយ មិនយកចិត្តទុកដាក់ផ្នែកអារម្មណ៍ ផ្នែកមនោសញ្ចេតនារបស់កូន។
លោកថ្លែងថា៖ «នៅក្នុងការចិញ្ចឹមបីបាច់កូន អ្នកខ្លះគិតថា ចង់ឱ្យកូនមានអីញុំា មានសម្ភារគ្រប់គ្រាន់ គឺគ្រប់គ្រាន់ហើយ។ តែអ្វីដែលមនុស្សត្រូវការមិនមែនតែសម្ភារទេ តម្រូវការផ្នែកអារម្មណ៍ សេចក្ដីស្រឡាញ់ ការថ្នាក់ថ្នមក៏ជាតម្រូវការមូលដ្ឋាន ដែលជួយឱ្យផ្នែកផ្លូវចិត្តរបស់យើងមានភាពរឹងមាំ»។
ទន្ទឹមនឹងនេះ លោកគ្រូសេធុលបន្ថែមថា ជាទូទៅតាមបទពិសោធរបស់លោកគ្រូផ្ទាល់ គឺឃើញកើតលើក្មេងជំទង់ច្រើនជាងមនុស្សធំ ពី១៣-២០ឆ្នាំជាង។
លោកគ្រូបញ្ជាក់ថា៖ «គាត់ខ្លាចសាលា អត់ចង់ទៅរៀន ស្ងៀមស្ងាត់ នៅបន្ទប់ម្នាក់ឯង។ ពេលខ្លះគាត់ទៅសាលាហាក់បីភ័យខ្លាច ដូចជាពិបាកប្រឈមមុខជាមួយគ្រូ។ ពេលនឹកឃើញទៅសាលា ចង្វាក់បេះដូងរបស់គាត់ឡើងខ្លាំង តានតឹង និងថប់[អារម្មណ៍]ខ្លាំង»។
មកដល់ត្រង់នេះ អតិថិជនស្វាមីភរិយាបរទេស ១ គូ របស់អ្នកស្រី ប៊ួយហៀក ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កូនគាត់ ដែលកំពុងរៀននៅអនុវិទ្យាល័យ គឺគាត់ចាប់ផ្ដើមសង្កេតឃើញអាការរបស់កូនតាំងពីនៅថ្នាក់ទី៤។ កូនរបស់គាត់តែងតែចូលចិត្តពន្យារពេល មានការបារម្ភខ្លាំងក្នុងការទទួលយកការវិនិច្ឆ័យចំពោះកំហុសរបស់ខ្លួន និងការស្ដីបន្ទោសទាំងនៅសាធាណៈ និងផ្ទាល់ខ្លួន។ អ្នកទាំង២ និយាយ វាបានបង្កការរំខានរហូតដល់កូនគាត់មិនអាចគេងបានស្ងប់ ពេលដឹងខ្លួនឡើងមិនអាចគេងវិញបាន ហើយតែងតែបារម្ភយ៉ាងខ្លាំងចំពោះថ្ងៃស្អែក ដែលត្រូវទៅសាលា។
ប្តីប្រពន្ធនោះប្រាប់តាមការណែនាំថា៖«មានធាតុផ្សំសំខាន់ៗចំនួន ២៖ ១ គឺ អន្តរកម្ម របស់ឪពុកម្តាយជាមួយកូន ក៏ដូចជាប្រតិកម្មរបស់ឪពុកម្តាយចំពោះការថប់បារម្ភរបស់ក្មេង និងទី២ ការគិតរបស់កុមារខ្លួនឯង។ ដូច្នេះក្នុងការដោះស្រាយបញ្ហាថប់បារម្ភសង្គមនេះ វាគឺជាការងារជាក្រុមដោយត្រូវមានការចូលរួមទាំងកុមារ អ្នកចិត្តសាស្រ្ត និងឪពុកម្តាយ»។
អ្នកទាំង ២ បន្ថែមថា៖ «ការព្យាបាលបញ្ហាសុខភាពផ្លូវចិត្តនឹងចំណាយពេលយូរ។ ប៉ុន្តែសំខាន់ជាងនេះទៅទៀតការប្តេជ្ញាចិត្តពីកូនខ្លួនឯង និងឪពុកម្តាយក្នុងការធ្វើតាមដំបូន្មាន និងយោបល់របស់អ្នកចិត្តសាស្រ្តដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យការព្យាបាលទទួលបានជោគជ័យ។ យើងបានអនុវត្តវា បាន៣ខែហើយតាំងពីទៅជួបអ្នកប្រឹក្សាផ្លូវចិត្ត»។
បើតាមស្វាមីភរិយា បន្ទាប់ពីបានទៅជួបអ្នកចិត្តសាស្រ្ត ពេលនេះកូនរបស់ពួកគេ រៀនបានជំនាញមួយចំនួនក្នុងការប្រឈមនឹងការថប់បារម្ភដែលនៅចំពោះមុខ។ ប៉ុន្តែមិនទាន់មានជំនាញក្នុងការផ្លាស់ប្ដូរការគិត ដែលបង្កើតឱ្យមានការថប់អារម្មណ៍នៅឡើយទេ។ កូនរបស់ពួកគេកំពុងស្ថិតក្នុងដំណើរការ និងមិនទាន់បានបំពេញវគ្គសិក្សាគ្រប់នៅឡើយទេ។
លោកគ្រូសេធុលឱ្យដឹងថា ក្នុងវិធីព្យាបាលតាមបែបចិត្តសាស្រ្ត គឺគេហៅថា ការព្យាបាលដោយពុទ្ធិអាកប្បកិរិយា មានន័យថាត្រូវពង្រឹងផ្នែកពុទ្ធិ និងផ្នែកអាកប្បកិរិយារបស់គាត់ផង។ លោកគ្រូបានជួយឱ្យអ្នកជំងឺស្គាល់ពីអត្តសញ្ញាណខ្លួនឯងកាន់តែច្បាស់ ដើម្បីឱ្យគាត់កាន់តែមានភាពជឿជាក់ និងជួយឱ្យគាត់បន្សាំត្រឡប់ទៅសកម្មភាពប្រចាំថ្ងៃរបស់គាត់វិញ។
លោកនិយាយថា៖ «ឧទាហរណ៍ថា គាត់ខ្លាចសាលា មិនចង់ទៅរៀន យើងរកវិធីអ្វីដែលធ្វើឱ្យគាត់មានអារម្មណ៍ទុកចិត្ត ក្នុងការទៅសាលា ដូចជាការគាំពារពីឪពុកម្ដាយ ឬពីសាលាបន្ថែមទៀត។ យើងព្យាយាមឱ្យគាត់មានទម្លាប់ល្អក្នុងការហូបចុក ចៀសវាងសារធាតុដែលអាចមានផលប៉ះពាល់ដល់សុខភាពគាត់ផងដែរ»។
ចំណែកអ្នកស្រី លឹម ប៊ួយហៀក ក៏បានបញ្ជាក់ដែរថា ការស្រាវជ្រាវរកឃើញថា ការព្យាបាលបែបពុទ្ធិអាកប្បកិរិយា គឺជាការព្យាបាលដែលមានប្រសិទ្ធភាព ព្រោះការថប់បារម្ភវាអាចកើតចេញពីការគិត មិនសមហេតុផលរបស់គាត់។
អ្នកស្រីថា អ្នកស្រីជួយបង្វែរឱ្យគាត់គិតសមហេតុផល និងបង្រៀនបច្ចេកទេសឱ្យគាត់ចេះសម្រាករាងកាយ និងសម្រាកសាច់ដុំ មានន័យថាអ្នកដែលគាត់មានអារម្មណ៍ភ័យខ្លាច បែកញើសតើគាត់ត្រូវធ្វើដង្ហើមយ៉ាងម៉េច? តើគាត់ត្រូវគួរធ្វើអ្វីខ្លះដើម្បីកាត់បន្ថយនូវភាពភ័យខ្លាច? នៅពេលដែលគាត់រៀនបានជំនាញច្រើនហើយគឺអ្នកស្រីព្យាយាមឱ្យគាត់ប្រឈមជាមួយនឹងស្ថានភាពពីដំណាក់កាលមួយទៅមួយ។
ជារួម អ្នកស្រីព្យាបាលដោយប្រើពុទ្ធិអាកប្បកិរិយា ការព្យាបាលដោយសិល្បៈ និងការព្យាបាលដោយលក្ខណៈគ្រួសារ។ចំពោះគ្រួសារនេះដែរ អ្នកស្រីបានផ្ដល់ការណែនាំសម្រាប់ឪពុកម្ដាយថា ពួកគាត់ត្រូវរៀនឱ្យច្រើនពីការលូតលាស់របស់កូន ត្រូវឱ្យតម្លៃទៅលើការចំណាយពេលជាមួយគ្នាបែបសកម្មភាព បែបបទពិសោធជាជាងបច្ចេកវិទ្យា។
អ្នកស្រីរៀបរាប់បន្ថែមថា៖ «យើងឱ្យគាត់ចេះកែច្នៃការប្រើពេលវេលាជាមួយគ្នា ដូចជាឱ្យគាត់ទៅខាងក្រៅ ជួបជុំបងប្អូន លេងកីឡា ឬទៅសួនកម្សាន្ត។ សម្រាប់ក្មេងធំគាត់ត្រូវការពេលជាមួយមិត្តភក្តិ ដោយអាចឱ្យហៅមកផ្ទះទៅវិញទៅមកលេងកីឡា លេងតន្រ្ដីឬក៏លេងសកម្មភាពអីផ្សេងៗទៀតដែលជាលក្ខណៈក្រុមកុំឱ្យប្រើទូរស័ព្ទជាលក្ខណៈបុគ្គលម្នាក់ៗ»។
ឪពុកម្ដាយអ្នកជំងឺបានឱ្យដឹងពីសារៈសំខាន់នៃការនាំកូនមកពិគ្រោះជាមួយអ្នកជំនាញថា បញ្ហាសុខភាពផ្លូវចិត្តជាអ្វីដែលមិនត្រូវខ្មាសទេ។ វាប្រៀបដូចជាអ្នកមានអាការក្អក អ្នកចង់លេបថ្នាំបំបាត់ការក្អក។
ប្រសិនបើអ្នកមានបញ្ហាសុខភាពផ្លូវចិត្ត អ្នកចង់ទទួលការពិនិត្យ និងភាពធូរស្បើយ។ ជាច្រើនដង វាមិនបាត់ទៅណាទេ ប៉ុន្តែ អ្នកអាចធ្វើការរួមគ្នាជាមួយអ្នកចិត្តសាស្រ្ត ដើម្បីណែនាំកូនអំពីវិធីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តរបស់ពួកគេ ហើយនៅតែរស់នៅក្នុងជីវិតដ៏មានន័យ និងរីករាយ។
ចំណុចសំខាន់មួយ ដែលឪពុកម្តាយត្រូវដឹងនោះគឺថា នៅពេលដែលកូនមានបញ្ហាសុខភាពផ្លូវចិត្ត វាមិនបាត់ទៅដោយឯកឯងនោះទេ។ វាអាចនឹងកាន់តែអាក្រក់ទៅៗ។ ដូច្នេះ វាមានសារៈសំខាន់ខ្លាំងណាស់ដែលវាត្រូវបានដោះស្រាយឱ្យបានឆាប់ ដើម្បីកុមារអាចមានកុមារភាពដ៏រីករាយ និងរីកចម្រើនទៅជាមនុស្សពេញវ័យ ដែលមានជំនាញដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តរបស់ពួកគេ។
ពួកគាត់បានផ្ដាំទៅឪពុកម្ដាយទាំងអស់ថា៖ «បញ្ហាអាកប្បកិរិយា ដែលកូនរបស់អ្នកបង្ហាញ ជួនកាលជាសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្ត មិនមែនភាពកំហូច ឬចង់បោកប្រាស់យើងនោះទេ។ ឪពុកម្តាយគឺជាមនុស្សតែម្នាក់គត់ ដែលអាចជួយកូន និងផ្តល់ការគាំទ្រពេញលេញដល់ពួកគេ។ ដូច្នេះ ប្រសិនបើយើងសង្ស័យថា កូនយើងមានបញ្ហាសុខភាពផ្លូវចិត្ត គួរតែឱ្យកូនត្រូវបានវាយតម្លៃដោយអ្នកចិត្តសាស្រ្ត។ បើគ្មានបញ្ហាទេជាការល្អ។ តែប្រសិនបើមាន ការអន្តរាគមន៍ទាន់ពេលវេលា គឺតែងតែជាជម្រើសដ៏ល្អបំផុតសម្រាប់កុមារ»។
លោកថា៖ «វាដូចបញ្ហារាងកាយអ៊ឹចឹង។ បើយើងអត់ព្យាយាមព្យាបាលវាទេ យើងទុកឱ្យវាធ្ងន់ធ្ងរ រហូតដល់មានការប្រើប្រាស់ថ្នាំ ការចំណាយរបស់យើងខ្ពស់ អាចគ្រោះថ្នាក់ដល់អាយុជីវិត និងពិបាកឱ្យអ្នកជំងឺត្រឡប់មករកសភាពដើមវិញណាស់»៕