ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ នៅថ្ងៃទី ៤ ខែកក្កដា នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសបញ្ជាក់នាថ្ងៃទី ១ ខែកក្កដា ថា កិច្ចប្រជុំនេះនឹងធ្វើឡើងក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាព» ហើយនឹងក្លាយជាវេទិកាមួយសម្រាប់រដ្ឋមន្ត្រីការបរទេស MLC ធ្វើការវាយតម្លៃទៅលើវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ ២០១៨-២០២២។
ប្រភពដដែលបន្តថា កិច្ចប្រជុំនេះនឹងកំណត់ទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ ពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងគាំទ្រគ្នាទៅវិញទៅមករវាងបណ្ដាប្រទេសមេគង្គ និងប្រទេសចិន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសនៅក្នុងកាលៈទេសៈនៃការគំរាមកំហែងពិភពលោកដែលមិនធ្លាប់មានពីមុនមក។
លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេស MLC ដទៃទៀត ក៏នឹងចូលរួមក្នុងពិធីសម្ពោធអគារអង្គភាពសម្របសម្រួលជាតិនៃ MLC របស់ប្រទេសមីយ៉ាន់ម៉ា ផងដែរ។
លោក ប្រាក់ សុខុន រំពឹងថានឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេស MLC ផ្សេងទៀត ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌ MLC សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុង និងក្រៅតំបន់៕