ភ្នំពេញៈ អ៊ីស្រាអែលមានបំណងចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយកម្ពុជា ដើម្បីនាំយកពលករកម្ពុជាទៅបម្រើការក្នុងវិស័យកសិកម្មនៅប្រទេសអ៊ីស្រាអែល ខណៈកម្ពុជាបង្ហាញឆន្ទ:គាំទ្រលើគម្រោងនេះ ព្រោះវានឹងជួយពង្រីកសមត្ថភាពកសិករកម្ពុជា។
ការបង្ហាញបំណងនេះធ្វើឡើងក្នុងជំនួបនាថ្ងៃទី ១ ខែកក្កដា រវាងលោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម និងលោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតទើបត្រូវបានតែងតាំងថ្មីនៃរដ្ឋអ៊ីស្រាអែល (State of Israel) ប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។
លោក វេង សាខុន ថ្លែងថា អ៊ីស្រាអែលកន្លងមកបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរក្នុងការជួយអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្មតាមរយ:ការផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាឆ្នាំទី ៣ បានទៅធ្វើហាត់ការនៅប្រទេសអ៊ីស្រាអែលចាប់តាំងពីឆ្នាំ ២០០៨ ដែលរហូតមកដល់បច្ចុប្បន្នមានរយ:ពេល ១៤ ឆ្នាំ ដោយមានសរុបនិស្សិតចំនួន ១ ៤៦៩ នាក់។
លោកថ្លែងថា បច្ចុប្បន្នពួកគេបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការចែករំលែកបទពិសោធល្អៗទាក់ទងបច្ចេកវិទ្យាកសិកម្មទំនើបៗ ដែលទទួលបានពីប្រទេសអ៊ីស្រាអែល ដើម្បីអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចម្រើនស្របតាមផែនការជាយុទ្ធសាស្ត្រក្នុងការធ្វើទំនើបកម្មកសិកម្ម។
ហ្វេសប៊ុកក្រសួងកសិកម្មបញ្ជាក់នាថ្ងៃទី ១ ខែកក្កដា ថា៖ «ភាគីអ៊ីស្រាអែលមានបំណងចុះ MOU រវាងរដ្ឋាភិបាលទាំងពីរ (G to G Umbralla) ដើម្បីនាំយកពលករកម្ពុជាទៅបម្រើការក្នុងវិស័យកសិកម្មនៅប្រទេសអ៊ីស្រាអែល»។
ប្រភពដដែលបន្តថា៖ «ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញឆន្ទ:គាំទ្រលើគម្រោងនេះ ព្រោះបើអាចកើតឡើងបាននោះវានឹងជួយពង្រឹង និងពង្រីកសមត្ថភាពកសិករកម្ពុជាទាំងផ្នែកទ្រឹស្តី និងការអនុវត្តអំពីការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបរបស់អ៊ីស្រាអែល។ ទាក់ទងនឹងបញ្ហានេះ លោកជំទាវមានក្តីសង្ឃឹមថា នឹងទទួលបានការសហការល្អពីក្រសួងការងារ ហើយនិងឈានចុះហត្ថលេខាក្នុងពេលដ៏ខ្លីខាងមុខនេះ»៕