ស្ទឹងត្រែងៈ ក្រុមអ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រមានជំនឿជាថ្មីថា ប្រភេទត្រីប៉ាសាណាកដ៏កម្រ និងងាយរងគ្រោះនៅមិនទាន់ផុតពូជពីប្រទេសកម្ពុជា នោះទេ បន្ទាប់ពីត្រីពូជនេះ ១ ក្បាល ត្រូវបានប្រជានេសាទម្នាក់ចាប់បាននៅផ្នៃកខាងលើនៃតំបន់អាងទំនប់វារីអគ្គិសនីសេសាទក្រោម ២ ក្នុងខេត្តស្ទឹងត្រែង កាលពីពេលថ្មីៗនេះ។
លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា តាមរយៈការសិក្សាស្រាវជ្រាវជាង ២ ទសវត្សរ៍កន្លងមកនេះ ត្រីប៉ាសាណាក មិនត្រូវបានរកឃើញនៅក្នុងដែនទឹកសាបនៃប្រទេសកម្ពុជានោះទេ។ ទន្ទឹមនឹងនេះវាត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រដែលធ្វើការផ្ដោតសំខាន់លើផ្នែកធនធានជលផលដាក់ការសង្ស័យថា បានផុតពូជពីប្រទេសកម្ពុជាផងដែរ។ប៉ុន្តែការចាប់បានវាដោយអ្នកនេសាទម្នាក់ក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២២ បានក្លាយជារបកគំហើញដ៏គួរឱ្យភ្ញាក់ផ្អើលជាថ្មីឡើងវិញដល់ក្រុមអ្នកវិទ្យាសាស្ត្រ បើទោះជាត្រីនោះបានងាប់ទៅហើយក៏ដោយ។
លោកបានបញ្ជាក់ថា៖ «ចាប់តាំងពីឆ្នាំ ១៩៩៩ មកយើងមិនដែលជួបប្រទះត្រីប៉ាសាណាក នៅក្នុងដែនទឹកសាបនៃប្រទេសកម្ពុជាយើងទេ ហើយយើងក៏ធ្លាប់គិតថាពួកវាបានងាប់ផុតពូជអស់ទៅហើយ។ ប៉ុន្តែថ្មីៗនេះមានប្រជានេសាទម្នាក់ក្នុងខេត្តស្ទឹងត្រែង ចាប់បានវានៅក្នុងទន្លេសេសានផ្នែកខាងលើតំបន់អាងទំនប់វារីអគ្គិសនីសសានក្រោម ២»។
បើតាមលោក ផាណារ៉ា ត្រីប៉ាសាណាក ដែលប្រជានេសាទក្នុងខេត្តស្ទឹងត្រែងទើបចាប់បានមានទម្ងន់ ៦ គីឡូក្រាម ប៉ុន្តែគួរឱ្យស្ដាយវាបានងាប់បាត់ទៅហើយ។ថ្វីបើយ៉ាងដូច្នេះក្ដីវាបានក្លាយជាតម្រុយថ្មីមួយ សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រក្នុងការចុះសិក្សាស្រាវជ្រាវស្វែងរកការពិត និងជីវិតដ៏អាថ៌កំបាំងរបស់ពួកវា។
លោកបានបន្ថែមថា៖ «យើងសោកស្ដាយដែលវាបានងាប់បាត់ទៅហើយ ប៉ុន្តែវានៅតែមានសារៈសំខាន់សម្រាប់យើងជាអ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ។ វាអាចបញ្ជាក់ថា ពួកវានៅមានវត្តមានក្នុងដែនទឹកសាបនៃប្រទេសកម្ពុជា យើងនៅឡើយ»។
បច្ចុប្បន្នសំណាករបស់វាត្រូវបានក្រុមមន្ត្រីជំនាញនាំយកទៅរក្សាទុកនៅឯមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល ដើម្បីសិក្សាស្រាវជ្រាវបន្តថាតើវាជាប្រភេទត្រីប៉ាសាណាកពូជសុទ្ធពីធម្មជាតិឬជាប្រភេទត្រី ដែលត្រូវបានគេបង្កាត់ដោយសេនេទិច។ នេះបើតាមសម្ដីរបស់លោក ផាណារ៉ា។
អ្នកស្រី ជា សីលា អ្នកគ្រប់គ្រងកម្មវិធីអច្ឆរិយភាពនៃទន្លេមេគង្គប្រចាំកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ត្រីប៉ាសាណាក ជាប្រភេទត្រីសកម្មក្នុងការចាប់ចំណី (កូនត្រីតូចៗ) ជាអាហារ និងចូលចិត្តរស់នៅតំបន់ដែលមានទឹកជួរ (ទឹកហូរខ្លាំង) តាមដងទន្លេមេគង្គភាគឦសាននៃប្រទេសកម្ពុជា ជាប់ព្រំដែនទឹកនៃប្រទេសឡាវ និងភាគកណ្ដាលនៃប្រទេសថៃ។ ដោយសារវាសកម្មក្នុងការហែលចាប់ចំណី វាងាយនឹងជាប់ មង អួន និងសំណាញ់របស់អ្នកនេសាទដែលក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយនេះចំនួនរបស់វាត្រូវបានគេប៉ាន់ប្រមាណថា មានការថយចុះជាង ៩០ ភាគរយ។
អ្នកស្រីបានបន្តថា បច្ចុប្បន្នប្រទេសឡាវ និងប្រទេសថៃ កំពុងត្រូវបានគេព្យាករថា កំពុងឈានទៅរកការបាត់បង់ផុតពូជនៃប្រភេទត្រីប៉ាសាណាក នេះផងដែរ ដោយសារការនេសាទហួសកម្រិត និងដោយសារការអភិវឌ្ឍនៃទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គដែលបង្កឱ្យបាត់បង់នូវទីជម្រករបស់ពួកវា។
អ្នកស្រី សីលា បានបញ្ជាក់ថា៖ «តាមរយៈការចុះសិក្សាស្រាជ្រាវចុងក្រោយកាលពីឆ្នាំ ២០១៧-២០១៨ កន្លងទៅនេះត្រីប៉ាសាណាក ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ទំនងជាអាចនឹងផុតពូជពីដែនទឹកសាបនៃប្រទេសកម្ពុជា ខណៈនៅប្រទេសថៃ និងឡាវ ត្រូវបានគេប្រទះឃើញមានចំនួនតិចតួចបំផុត»។
យ៉ាងណាក៏ដោយ ដំណឹងនៃការចាប់បានត្រីប៉ាសាណាក ដ៏កម្រពីធម្មជាតិកាលពីថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២២ ដោយអ្នកនេសាទកម្ពុជាក្នុងខេត្តស្ទឹងត្រែង បានធ្វើឱ្យមានក្ដីរំពឹងជាថ្មីដល់ក្រុមអ្នកស្រាវជ្រាវនិងអភិរក្ស។អ្នកស្រី សីលា បានបន្តថា ថ្វីបើមកទល់ពេលនេះ គេនៅមិនទាន់កំណត់ទីតាំងជាក់លាក់នៃដែនជម្រករបស់ត្រីប៉ាសាណាកនោះក៏ដោយ តែវត្តមានរបស់ត្រីនេះត្រូវបានបង្ហាញថា វានៅមានវត្តមាននៅឡើយក្នុងដែនទឹកសាបនៃប្រទេសកម្ពុជា ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការចុះស្រាវជ្រាវជាថ្មីឡើងវិញនូវប្រភេទត្រីដ៏កម្រនេះ។
ចំណែកលោក គង់ ចាន់ធី ប្រធានបណ្តាញសហគមន៍នេសាទនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងជាប់នឹងព្រំដែនប្រទេសឡាវ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដោយសារត្រីប៉ាសាណាក ជាប្រភេទត្រីកម្រពីធម្មជាតិនោះប្រជានេសាទក្នុងសហគមន៍របស់លោករួមទាំងរូបលោកផងមិនស្គាល់ត្រីនេះច្បាស់នោះទេ ហើយក៏គ្មានប្រជានេសាទណាម្នាក់ធ្លាប់ចាប់បានវានោះដែរក្នុងរយៈពេល ២០ ឆ្នាំមកនេះ។
លោកថ្លែងថា៖ «កាលពីជាង ២០ ឆ្នាំមុនខ្ញុំធ្លាប់ចាប់បានម្ដងម្កាលដែរ តែមិនច្រើនទេគឺសរុបទៅបានប្រមាណ ២-៣ ក្បាលប៉ុណ្ណោះ។ បើតាមខ្ញុំចាំ នៅពេលនោះ ខ្ញុំច្រឡំថា ជាត្រីស្រោមដាវ ប៉ុន្តែម្ដាយឪពុកខ្ញុំស្គាល់វាច្បាស់ ប្រាប់ខ្ញុំថាជាត្រីប៉ាសាណាក ហើយថាតម្លៃរបស់វាប្រហាក់ប្រហែលនឹងត្រីប៉ាសេអ៊ីដែរ»។
យោងតាមសៀវភៅស្តីពីត្រីទឹកសាបនៃព្រះរាជាណាចក្រកម្ពុជាត្រីប៉ាសាណាក់ ដែលមានឈ្មោះវិទ្យាសាស្ត្រ Aaptosyax grypus ជាប្រភេទត្រីមានស្រកាល្អិត មាត់ធំគ្រហឹបដូចជា សត្វអណ្ដើក ដោយថ្គាមខាងក្រោមធំ មានស្នាមគន្លាក់នៅកណ្តាល និងថ្គាមលើគ្របដណ្តប់លើថ្គាមក្រោម គ្មានពុកមាត់ និងព្រុយខ្នងគ្មានទ្រនុងរឹង ហើយពោះរាងមូលខ្លួនរាងស្រលូននិងមានប្រវែងវែងបំផុត ១៣០ សង់ទីម៉ែត្រ និងទម្ងន់ ៣០ គីឡូក្រាម។ វាត្រូវបានចាត់ថ្នាក់ជាប្រភេទត្រីទទួលរងការគំរាមកំហែងជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិសម្រាប់អភិរក្សធម្មជាតិ ដែលហៅកាត់ថា IUCN៕