ភ្នំពេញៈ ក្រសួងព័ត៌មាន កំពុងត្រៀមរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានទៅគណៈរដ្ឋមន្ត្រីនាពេលឆាប់ៗខាងមុខនេះ ក្រោយពីទទួលបានការអនុម័តជាចុងក្រោយ ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខណៈការពិគ្រោះយោបល់កម្រិតបច្ចេកទេសនៃក្រសួងទាំង២ត្រូវបានបញ្ចប់។
លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នាថ្ងៃទី ៤ ខែកក្កដានេះថា៖ «មកដល់ពេលបច្ចុប្បន្ននេះ គឺការរៀបចំ តាក់តែង សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន គឺយើងបានបញ្ចប់នៅក្នុងកិច្ចពិគ្រោះយោបល់ក្នុងកម្រិតបច្ចេកទេសជាមួយនឹងក្រសួងយុត្តិធម៌រួចរាល់ហើយ គឺយើងនៅតែរង់ចាំនៅក្នុងកិច្ចប្រជុំពិនិត្យសម្រេចចុងក្រោយរបស់ថ្នាក់ដឹកនាំនៃក្រសួងទាំង២ ប៉ុណ្ណោះ»។
លោក សោភ័ណ្ឌ ថ្លែងទៀតថា កាលពីចុងសប្ដាហ៍កន្លងទៅនេះរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ដើម្បីពិនិត្យទៅលើវឌ្ឍនភាពការងាររបស់ក្រុមការងារបច្ចេកទេសរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់នេះ និងពិនិត្យទៅលើសំណើរបស់អង្គការសង្គមស៊ីវិលមួយចំនួនពាក់ព័ន្ធទៅនឹងសេចក្ដីព្រាងច្បាប់នេះផងដែរ។
លោកបញ្ជាក់ថា៖ «យើងប្រជុំពិនិត្យជាមួយនឹងក្រសួងយុត្តិធម៌ជាចុងក្រោយទាក់ទងនឹងបញ្ហា ទោសបញ្ញត្តិ ដើម្បីធ្វើយ៉ាងណាកុំឱ្យការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់នេះ គឺមិនមានការកំណត់ទោសទណ្ឌថ្មីខុសពីច្បាប់ដែលមានស្រាប់ ឬក៏ខុសពីក្រមព្រហ្មទណ្ឌដែលមានជាធរមាន»។
លោក សោភ័ណ្ឌ បានឱ្យដឹងថា ដំណើរការនៃការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់នេះ មើលទៅហាក់បីដូចជាចំណាយពេលយូរ ក៏ប៉ុន្ដែការរៀបចំ គឺមានការបើកយ៉ាងទូលំទូលាយឱ្យមានការចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា យូណេស្កូ និងការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានិងអង្គការសង្គមស៊ីវិលជាច្រើនទៀត។
លោក សោភ័ណ្ឌ លើកឡើងថាការរៀបចំសេចក្ដីព្រាងច្បាប់នេះ ក៏ត្រូវពិនិត្យទៅលើភាពដែលអាចអនុវត្ដទៅបានសមស្របទៅតាមបរិបទសេដ្ឋកិច្ច សង្គម វប្បធម៌ នយោបាយនៃប្រទសកម្ពុជាផងដែរ ដែលធ្វើឱ្យចំណាយពេលច្រើនក្នុងការពិគ្រោះយោបល់។ ក្រៅពីនេះក្នុងពេលរៀបចំសេចក្ដីព្រាងច្បាប់នេះពិភពលោកទាំងមូលរួមទាំងកម្ពុជាបានទទួលរងផលប៉ះពាល់នៃការរីករាល់ដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យដំណើរការជាប្រក្រតីរបស់ស្ថាប័នសាធារណៈរបស់រាជរដ្ឋាភិបាលត្រូវអនុវត្ដតាមគន្លងថ្មីនាំឱ្យមានការពន្យារពេលមួយចំនួនក្នុងដំណើរការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់នេះផងដែរ។
លោកបញ្ជាក់ថា ក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធ នៅតែបន្តនូវការខិតខំប្រឹងប្រែងពិនិត្យទៅលើសេចក្ដីព្រាងច្បាប់នេះ ហើយនឹងជំរុញបញ្ចប់ទៅលើសេចក្ដីព្រាងច្បាប់ទាំងមូលដើម្បីដាក់ជូនទៅកាន់ទីស្ដីការគណៈរដ្ឋមន្ដ្រីក៏ដូចជាស្ថាប័ននីតិបញ្ញត្តិតាមនីតិវិធីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ថ្លែងថា ទោះបីជាយ៉ាងណាក៏ដោយក្រុមអង្គការសង្គមស៊ីវិលនៅតែទទូចឱ្យក្រសួងព័ត៌មាន ពន្លឿននូវដំណើរការឈានទៅអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននេះ។
លោកបន្តថា៖« អង្គការសង្គមស៊ីវិល សូមឱ្យដាក់បញ្ចូលនូវខ្លឹមសារ ឬក៏សំណើដែលអង្គការសង្គមស៊ីវិលបានលើកឡើង ហើយបានដាក់បញ្ចូលទៅក្នុងឯកសារដែលយើងបានបញ្ជូនទៅកាន់ប្រមុខដឹកនាំរដ្ឋាភិបាល និងក្រសួងព័ត៌មាន។ ក្នុងនោះរួមមានទាំងការឱ្យពិចារណាទៅលើខ្លឹមសារនៃមាត្រាមួយចំនួននៃសេចក្ដីព្រាងច្បាប់នាពេលបច្ចុប្បន្ននេះ ជាពិសេសទាក់ទងនឹងព័ត៌មានសម្ងាត់»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពីថ្ងៃទី១ ខែកក្កដា បានដឹកនាំប្រជុំជាមួយក្រុមការងារបច្ចេកទេស ពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះឡើងវិញ ក្រោយពីអង្គការសង្គមស៊ីវិលចំនួន ៣៣ ស្ថាប័នបានស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយជំរុញបញ្ចប់សេចក្តីព្រាងច្បាប់នេះកាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២២។
លោករដ្ឋមន្ត្រីបានលើកឡើងក្នុងកិច្ចប្រជុំនោះថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានចូលរួមពិនិត្យពិភាក្សាកែសម្រួលនូវសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានជាមួយក្រសួងព័ត៌មានជាច្រើនឆ្នាំកន្លងមកហើយ ហើយព្រមទាំងបានឯកភាពគ្នាម្តងរួចមកហើយដែរ ប៉ុន្តែមកដល់ពេលនេះ បែរជាត្រឡប់មកក្រោយវិញ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ច្បាប់ដែលអាចឆ្លងចេញបាន គឺផ្អែកលើគោលការណ៍អន្តរជាតិ ហើយក៏ពាក់ព័ន្ធសភាពការណ៍ជាក់ស្តែងក្នុងប្រទេស ហើយអ្វីសំខាន់គឺសភាពការណ៍នយោបាយ»៕