ភ្នំពេញៈ ក្រសួងមហាផ្ទៃនឹងរៀបចំវគ្គបណ្តុះបណ្តាលជូនដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានជាប់ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី ៥ ខែមិថុនា អំពីតួនាទី និងភារកិច្ច រួមជាមួយនឹងច្បាប់ស្តីពីការគ្រប់គ្រងឃុំ-សង្កាត់ នៅក្រោយពេលបញ្ចប់ការប្រកាសចូលកាន់តំណែង និងរៀបចំបទបញ្ជាផ្ទៃក្នុង និងនីតិវិធីផ្សេងៗ របស់ឃុំ-សង្កាត់នីមួយ។
លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី៤ ខែកក្កដាថា បច្ចុប្បន្ន ក្រសួងបាន ប្រាប់ឱ្យរាជធានី-ខេត្ត ប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបតែជាប់ឆ្នោត ដោយត្រូវបញ្ចប់ទាំងស្រុងនៅត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២២ នៅទូទាំងប្រទេស ស្របតាមច្បាប់កំណត់។
លោកបន្តថា បន្ទាប់ពីបញ្ចប់ ការប្រកាសចូលកាន់តំណែងនេះ ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ត្រូវចាប់ផ្តើមធ្វើការរៀបំបទបញ្ជាផ្ទៃក្នុង និងនីតិវិធីផ្សេងទៀត ដើម្បីអាចធ្វើការងារក្នុងឃុំសង្កាត់រៀងៗខ្លួនបានដោយផ្អែកទៅលើបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងដែលបានផ្តល់ជូន។ ប៉ុន្តែក្រុមប្រឹក្សាឃុំសង្កាត់ទាំងនោះ អាចពិនិត្យកែសម្រួលទៅតាមស្ថានភាព និងសកម្មភាពជាក់ស្តែង។ បន្ទាប់មកទៀត ក្រសួងនឹងពិនិត្យមើលលើលទ្ធភាពក្នុងការបើកវគ្គបណ្តុះបណ្តាលជូនដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងនោះ។ ព្រោះឃុំសង្កាត់មួយចំនួនមកពីគណបក្សនយោបាយចម្រុះ ជាពិសេសបណ្តុះបណ្តាលផ្តោតលើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលទើបជាប់ថ្មីជាមុនសិន ទើបរៀបចំធ្វើជាបន្តបន្ទាប់។
ទោះជាយ៉ាងណា លោកថា មិនទាន់បានកំណត់ពេលវេលាជាក់លាក់ក្នុងការបើកវគ្គបណ្តុះបណ្តាលនេះទេ ប៉ុន្តែនៅចំពោះមុខនេះ ក្រុមប្រឹក្សាឃុំសង្កាត់នីមួយៗនៅទូទាំងប្រទេសត្រូវរៀបចំបទបញ្ជា និងនីតិវីធីឱ្យបានរួចរាល់ ហើយបញ្ជូនមកក្រសួងដើម្បីធ្វើការពិនិត្យមើលលើបទបញ្ជា និងនីតិវិធីទាំងនោះថាតើស្របតាមច្បាប់ដែរឬទេ និងផ្តល់យោបល់ត្រឡប់ទៅវិញ។ ប៉ុន្តែ យ៉ាងហោចណាស់ ក៏ត្រូវការពេល២-៣ខែទៅមុខទៀតដែរ ទើបអាចបើកវគ្គបណ្តុះបណ្តាលនេះបាន។
លោកថ្លែងថា៖ «យើងបើកវគ្គបណ្តុះបណ្តាលជូនពួកគាត់ផ្តោតសំខាន់ជាដំបូង គឺវគ្គតម្រង់ទិសឱ្យគាត់យល់ពីច្បាប់គ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ច្បាប់ស្តីពីការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ នៅថ្នាក់ឃុំសង្កាត់ និងរៀបចំផែនការអភិវឌ្ឍន៍ឃុំសង្កាត់ ដែលទាំងអស់នេះ គឺជាកិច្ចការស្នូលដែលពួកគាត់ត្រូវដឹង ហើយបន្ទាប់មកទៀត បើមានជំនាញអ្វីផ្សេងទៀត គេនឹងធ្វើជាបន្តបន្ទាប់ហើយ»។
លោកថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងនៅថ្ងៃទី ៤ កក្កដាថា លោកគំាទ្រ ឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ព្រោះជាកិច្ចការងារល្អមួយ ដើម្បីឱ្យក្រុមប្រឹក្សាឃុំសង្កាត់ដែលទើបជាប់ថ្មី មានការយល់ដឹងពីតួនាទី និងការងារក្នុងឃុំសង្កាត់នីមួយៗ ឱ្យបានច្បាស់លាស់ ជាពិសេសធ្វើយ៉ាងណា ឱ្យពួកគាត់មានសាមគ្គីភាពគ្នា ទាំងអ្នកថ្មី និងអ្នកចាស់។
លោកថ្លែងថា៖ «មួយទៀត ក្រសួងមហាផ្ទៃក៏ត្រូវតែពង្រឹងពួកគាត់ ឱ្យចេះសាមគ្គីគ្នា និងចេះធ្វើការងារទៅតាមតួនាទី និងភារកិច្ច ដើម្បីបម្រើប្រជាពលរដ្ឋ នៅក្នុងឃុំសង្កាត់ ឱ្យបានស្មើៗគ្នា ដោយមិនប្រកាន់និន្នាការនយោបាយ និងត្រូវធ្វើផែការអភិវឌ្ឍន៍ឃុំ-សង្កាត់អី ក៏ត្រូវចេះឆ្លងមតិយោបល់គ្នា។ ខ្ញុំយល់ថា វាជាកិច្ចការងារល្អហើយ»។
លោកស្រី ហេង ស្រីពៅ មេឃុំកន្សោមអក នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង មកពីគណបក្សប្រជាជនកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ កក្កដាថា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលទើបជាប់ឆ្នោតថ្មីថ្មោង គួរតែទទួលបាននូវវគ្គបណ្តុះបណ្តាល។ ព្រោះអ្នកដែលមានបទពិសោធ និងធ្លាប់ជាប់ជាក្រុមប្រឹក្សាឃុំសង្កាត់ មិនសូវជាមានបញ្ហាទេ ប៉ុន្តែបញ្ហាសំខាន់អ្នក ដែលទើបជាប់ថ្មី ត្រូវឱ្យពួកគាត់យល់ពីកិច្ចការងាររដ្ឋបាលឃុំ-សង្កាត់។
លោកស្រីថ្លែងថា៖ «កាលពីកន្លងមក នៅពេលដែលខ្ញុំជាប់ឆ្នោតជាមេឃុំដំបូង នៅឆ្នាំ២០១៧ និងសមាជិកក្រុមប្រឹក្សាឃុំដទៃទៀត ក៏ទទួលបានវគ្គបណ្តុះបណ្តាលតម្រង់ទិសឱ្យយល់កិច្ចការងារឃុំដែរ»៕