ភ្នំពេញៈ លោក ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ាជំរុញឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា (SAC) រិះរកមធ្យោបាយ ធ្វើការជាមួយប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តការរវាងអាស៊ាន និងអង្គការសហប្រជាជាតិ។
លោកជំរុញបែបនេះក្នុងជំនួបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងឡាំង ប្រធាន SAC នាថ្ងៃទី ៣០ ខែមិថុនា ក្នុងឱកាសលោកបំពេញទស្សនកិច្ចលើកទី២ នៅមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ២ ខែកក្កដា។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា បានឱ្យដឹងនាថ្ងៃទី ៤ ខែកក្កដាថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធាន អាស៊ាន ស្ដីពីមីយ៉ាន់ម៉ាក៏បានឆ្លៀតឱកាសដើម្បីជំរុញឱ្យ SAC រិះរកមធ្យោបាយ ដើម្បីធ្វើការជាមួយប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីឱ្យយើងអាចពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងរបស់យើងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងអង្គការសហប្រជាជាតិ»។
ភាគីទាំង ២ បានផ្លាស់ប្តូរទស្សនៈលើបច្ចុប្បន្នភាពស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងការអនុវត្តកង់សង់ស៊ី៥ចំណុចរបស់អាស៊ាន និងតាមដាននូវលទ្ធផលនៃកិច្ចប្រជុំចំនួន៣លើកកន្លងមករវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក មីន អោងឡាំង ក៏ដូចជាលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌អាស៊ានដល់មីយ៉ាន់ម៉ា។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល លោក មីន អោងឡាំង បានប្រាប់លោកប្រាក់ សុខុន នូវស្ថានភាពសន្តិសុខបច្ចុប្បន្ន អំពើហិង្សា អំពើឃោរឃៅ និងការបំភិតបំភ័យជនស៊ីវិល និងបានលើកឡើងអំពីការធ្វើឱ្យប្រសើរឡើង នូវសន្តិសុខសម្រាប់ប្រជាជន និងឆន្ទៈរបស់លោកក្នុងការចូលរួមដោយផ្ទាល់នៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់ថ្នាក់ជាតិ។
ក្នុងជំនួបជាមួយលោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានរំលឹកឡើងវិញ ពីការស្នើសុំឱ្យមានការបញ្ជូនលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) អតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ត្រឡប់ទៅឃុំខ្លួនក្នុងផ្ទះវិញ។
ប្រេសិតពិសេសរូបនេះ បានអំពាវនាវសារជាថ្មី ឱ្យបញ្ឈប់អំពើហិង្សា ហើយបានស្នើឱ្យ SAC គាំទ្រការផ្តល់ជំនួយមនុស្សធម៌ ប្រកបដោយសុវត្ថិភាព ទាន់ពេលវេលា និងមិនលំអៀងទៅកាន់តំបន់ពិបាកទៅដល់ ដោះលែងអ្នកទោស និងឱ្យមានការជួបជាមួយបុគ្គលដែលមិនមែនជា SAC មួយចំនួន រួមមានលោកស្រី Aung San Suu Kyi និងលោកស្រី Daw Su Su Lwin ដែលជាភរិយាអតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក Htin Kyaw។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា នៅក្នុងជំនួបនោះ លោក ប្រាក់ សុខុន ត្រូវបានប្រាប់ថា ដោយសារតែស្ថានភាពសុខភាពលោកស្រី Su Su Lwin មិនអាចជួបរូបលោកបាននោះទេ ខណៈករណីលោកស្រី Aung San Suu Kyi កំពុងស្ថិតក្រោមនីតិវិធីតុលាការ។
នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចនេះ លោក ប្រាក់ សុខុន បានជួបជាមួយតំណាងគណបក្សនយោបាយចំនួន ៧ នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបានទទួលអាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ២០២០។ គណបក្សនយោបាយទាំងនេះ បានរាយការណ៍សង្ខេបជូនលោកអំពីការវិវត្តនៃស្ថានការណ៍នយោបាយ និងមនុស្សធម៌ក្នុងរដ្ឋ និងតំបន់នីមួយ។
តំណាងគណបក្សនយោបាយទាំងនេះ បានសំដែងក្តីបារម្ភយ៉ាងខ្លាំង ចំពោះផលប៉ះពាល់ធ្ងន់ធ្ងរនៃអំពើហិង្សាលើជនស៊ីវិល រួមទាំងការដុតបំផ្លាញភូមិ ដោយមិនមានស្ថាប័នណាមួយទទួលខុសត្រូវពិតប្រាកដឡើយ។ ពួកគេក៏បានសំដែងនូវបំណងរួមចង់ឱ្យមានសន្តិភាព និងអហិង្សា។
គណបក្សនយោបាយមួយចំនួន ក៏បានរាយការណ៍ប្រាប់ប្រេសិតពិសេសរូបនេះ អំពីរបៀបដែលពួកគេបានជួយដល់ជនភៀសខ្លួនក្នុងប្រទេស ដែលមកពីតំបន់ផ្សេងទៀត ដោយបានអំពាវនាវឱ្យមានការផ្តល់ជំនួយមនុស្សធម៌ឱ្យបានទាន់ពេលវេលាទៅកាន់តំបន់ទាំងនោះ។
លោក ប្រាក់ សុខុន បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការជួយពន្លឿនការផ្តល់ជំនួយមនុស្សធម៌ និងបង្កើតបរិយាកាសអំណោយផល សម្រាប់ការចាប់ផ្តើមកិច្ចសន្ទនានយោបាយ៕