ភ្នំពេញៈ «ក្នុងជីវិតដែលកំពុងរស់នៅក្នុងសម័យបច្ចេកវិទ្យា រស់នៅក្នុងសភាពតានតឹង និងរស់នៅក្នុងភាពប្រកួតប្រជែងគ្នា ដើម្បីរស់នាពេលបច្ចុប្បន្ននេះ មនុស្សយើងមិនអាចខ្វះសមាធិបានទេ ដែលម្នាក់ៗគួរតែចំណាយពេលយ៉ាងហោចណាស់តែ ១០ នាទីប៉ុណ្ណោះ ក្នុង ១ ថ្ងៃសម្រាប់ធ្វើសមាធិ»។ នេះជាការថ្លែងរបស់សាស្រ្តាចារ្យនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជលោក ប្រាក់ សម្ផស្ស។
តើសមាធិជាអ្វី? សមាធិ គឺជាការតម្កល់ចិត្តឱ្យនឹងនៅក្នុងរឿងមួយ ឬជាការតម្កល់ចិត្តឱ្យនឹងក្នុងអារម្មណ៍មួយ។ដោយសារចិត្តរបស់មនុស្សនេះ ជាសភាវមួយដែលមិនចេះនៅស្ងៀម ជាសភាវដែលចេះតែសន្សំនូវរឿង ហើយចិត្តមិនដែលទំនេរនោះទេ សូម្បីតែពេលដេកហើយ ក៏ចិត្តនៅតែមិនទាន់ស្ងប់ទៀត។ នេះជាការឱ្យនិយមន័យដោយ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ជាឧត្តមទីប្រឹក្សា គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្នុងខេត្តសៀមរាប។
ព្រះអង្គមានថេរដីកាថា៖ «ការធ្វើសមាធិ គឺជាការរៀនតម្កល់ចិត្តឱ្យស្ងប់ ហើយសមាធិនេះជាកម្មវិធី ជាមេរៀនមួយសម្រាប់ពុទ្ធសាសនា ពុទ្ធបរិស័ទ និងសម្រាប់មនុស្សទូទៅ នៅលើសកលលោកទាំងមូល»។
បើតាមលោក ប្រាក់ សម្ជស្ស ការធ្វើសមាធិ មានសារសំខាន់ណាស់ សម្រាប់មនុស្សម្នាក់ៗ ដោយសារវាជួយឱ្យមានការផ្ចង់អារម្មណ៍មូល ជួយឱ្យយើងមានអារម្មណ៍មូល ធ្វើការងារអ្វីបានជោគជ័យ ធ្វើឱ្យចិត្តស្ងប់មិនឃ្លីងឃ្លោងទៅតាមអារម្មណ៍ផ្សេងៗ ដែលកើតឡើងនៅក្នុងខណៈដែលកំពុងធ្វើអ្វីមួយនោះ ហើយនិងការជួយកាត់បន្ថយភាពតានតឹង ឬស្រ្តេសដោយវាជួយបន្សុតនូវជាតិពុល ដែលជាភាពសៅហ្មងនៅក្នុងចិត្តចេញ។
លោកបានសង្កត់ធ្ងន់ថា៖ «ខ្លឹមសារគោលសំខាន់ របស់សមាធិ គឺការឱ្យចេះរស់នៅក្នុងពេលបច្ចុប្បន្ន។ អ៊ីចឹងតម្លៃដែលព្រះពុទ្ធឱ្យតម្លៃខ្លាំង គឺការរស់នៅក្នុងពេលបច្ចុប្បន្ន កុំឱ្យរស់នៅក្នុងអតីត និងកុំរស់នៅក្នុងពេលអនាគត ប៉ុន្តែរស់នៅក្នុងពេលច្ចុប្បន្ន ព្រោះបើយើងរស់ក្នុងអតីត យើងនឹងជួបបញ្ហា វិបត្តិស្មុគស្មាញច្រើន»។
លោក នួន ថោង សាស្រ្តាចារ្យផ្នែកទស្សនវិជ្ជា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាគ្រូដឹកនាំសមាធិប្រចាំនៅភូមិរំដួល ក៏បានប្រាប់ឱ្យដឹងដែរថា សមាធិផ្តល់នូវគុណសម្បត្តិច្រើន សម្រាប់អ្នកអនុវត្តដោយធ្វើឱ្យទាំងផ្លូវកាយ និងផ្លូវចិត្តបរិសុទ្ធនៅក្នុងជីវិតប្រចាំថ្ងៃ។
លោកបានថ្លែងថា៖ «មនុស្សគ្រប់រូប គួរតែហាត់រៀនធ្វើសមាធិជាបណ្តើរៗ ហើយជាប្រចាំផងដែរ ដោយចំណាយពេលតែ ៤ ទៅ ៥ នាទី ឬ ១០ នាទីក្នុងមួយថ្ងៃសម្រាប់ធ្វើសមាធិ។ ខ្ញុំគិតថា មិនខាតពេលអីនោះទេ តែវានឹងបង្កើននូវថាមពលផ្លូវចិត្តរបស់យើងឱ្យស្ងប់»។
សាស្រ្តាចារ្យរូបនេះ ចង់ឱ្យប្រជាពលរដ្ឋទាំងអស់ ធ្វើសមាធិ ដោយសារសមាធិ ក៏ជាធម្មឱសថមួយផងដែរដែលជាឱសថផ្នែកខាងព្រះធម៌ ហើយឱសថនេះ វិសេសវិសាលណាស់ ធ្វើឱ្យមនុស្សមានសុខភាពល្អទាំងផ្លូវកាយនិងចិត្តពិតប្រាកដ។
ទាក់ទងនឹងចំណុចនេះដែរ លោក ប្រាក់ សម្ជស្ស បានលើកឡើងថា រឿងពីរដែលមនុស្សមិនអាចខ្វះបាននៅក្នុងដំណើរជីវិត ទី១ គឺសមាធិ ដែលជួយហ្វឹកហាត់ផ្លូវចិត្តឱ្យស្ងប់ និងទី២ គឺការហាត់ប្រាណធ្វើឱ្យរាងកាយរឹងមាំ។
លោកបានបញ្ជាក់ថា៖ «ទស្សនៈខ្ញុំផ្ទាល់ ដំណើរជីវិតរបស់យើង គឺត្រូវការសមាធិជាចាំបាច់ ហើយយើងអាចចាត់ទុកថា សមាធិជាឱសថរក្សានិងព្យាបាលផ្លូវចិត្តមួយដ៏សំខាន់ ហើយការធ្វើសមាធិនេះ មិនកំណត់អាយុឬវ័យនោះទេ។ គ្រប់វ័យទាំងអស់អាចធ្វើឬរៀនធ្វើសមាធិនេះបាន»។
អ្នកស្រី បុប្ផា (ជាឈ្មោះអ្នកនិពន្ធដាក់ឱ្យ) ដែលស្ទើរតែបាត់បង់ជីវិតចោលកូនរបស់នាង ដែលទើបតែមានអាយុ ៣ ឆ្នាំ ដោយសារតែវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ រហូតនាងបានសម្រេចបញ្ចប់រឿងរ៉ាវគ្រប់យ៉ាង ដោយការបញ្ចប់ជីវិតរបស់ខ្លួនឯង ប៉ុន្តែជាសំណាងល្អ ជីវិតនាងត្រូវបានសង្រ្គោះដោយសារសំឡេងទូរស័ព្ទរោទិ៍ដាស់នាងឱ្យភ្ញាក់ពីការប៉ុនប៉ងសម្លាប់ខ្លួននេះ។
បុបា្ផ បានប្រាប់ថា នាងដឹងថា ពេលមនុស្សមានវិបត្តិផ្លូវចិត្ត វិធីដែលល្អបំផុត គឺការប្រឹក្សាយោបល់ជាមួយអ្នកជំនាញឬនរណាម្នាក់ដែលទុកចិត្ត ដើម្បីនិយាយពីរឿងទុក្ខលំបាករបស់ខ្លួនចេញមកក្រៅ។
នាងបានបន្តថា៖ «តែខ្ញុំមិនបានជ្រើសរើសវិធីនោះទេ ព្រោះខ្ញុំខ្មាស់គេ និងយល់ថា គ្មានអ្នកទុកចិត្តបាន។ ទីបំផុតខ្ញុំសម្រេចចិត្តជ្រើសយកការលើកទឹកចិត្តខ្លួនឯង ការតាំងចិត្តឱ្យស្ងប់ដោយការធ្វើសមាធិ ដែលជម្រើសនេះពិតជាពិបាកបំផុត នៅពេលដែលមនុស្សម្នាក់ធ្លាក់ទឹកចិត្ត តែនៅតែបន្តតាំងចិត្តឱ្យរឹងមាំ»។
ពេលមានវិបត្តិក្នុងគ្រួសារ រឿងដែលខ្មាស់គេបំផុត គឺគ្រួសារបានចោទបុប្ផាថា នាងមានសាហាយជាសាធារណៈ និងប្រាប់គ្រប់មិត្តភ័ក្តិជិតស្និទ្ធរបស់នាងផងដែរ។ ឪពុកនាង មិនជឿសំដីនាង ហើយបែរជាចោទកូនខ្លួនឯងថា មានសាហាយដែរ ទាំងដែលគាត់មិនបានសួរកូនស្រីខ្លួនឯង សូម្បីតែ ១ ម៉ាត់។
ស្រ្តីរូបនេះបានប្រាប់ថា នាងមិនដែលគិតថា ការធ្វើចិត្តឱ្យស្ងប់ ដោយការធ្វើសមាធិ ការស្តាប់ព្រះធម៌ គឺជាថ្នាំព្យាបាលដ៏ស័ក្តសិទ្ធសម្រាប់ជំងឺដ៏អាក្រក់មួយនេះរបស់នាងឡើយ ប៉ុន្តែនាងបែរជាជាសះស្បើយ និងអាចងាកមករកជីវិតល្អប្រសើរវិញដូចធម្មតាបាន ដោយការស្តាប់ធម៌ និងធ្វើសមាធិនេះ។
បុប្ផានិយាយថា៖ «មិនមែនគ្រប់អ្នកដែលមានវិបត្តិផ្លូវចិត្ត អាចព្យាបាលបានដោយការធ្វើសមាធិឡើយ ប៉ុន្តែវាក៏ជាចំណែកមួយ ដែលធ្វើឱ្យយើងមានអារម្មណ៍ផ្លូវចិត្តធូរស្បើយបានមួយកម្រិតដែរ។ បូកផ្សំនឹងការធ្វើសមាធិ ខ្ញុំបានព្យាយាមធ្វើឱ្យខ្លួនរវល់ និងចៀសវាងការនៅតែម្នាក់ឯង»។
ទាក់ទងនឹងបញ្ហានេះ លោក ប្រាក់ សម្ជស្ស ក៏បានលើកឡើងដែរថា ក្នុងកម្រិតនៃការកើតមានជំងឺបាក់ទឹកចិត្តឬការថប់អារម្មណ៍ អាចភ្ជាប់ការព្យាបាលដោយការប្រើវិធីសាស្រ្តនៃការធ្វើសមាធិនេះ អាចជួយព្យាបាលបានមួយកម្រិតផងដែរ ប៉ុន្តែសម្រាប់អ្នកដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរ គឺទាមទារឱ្យមានការព្យាបាលជាមួយនឹងពេទ្យ ឬប្រើប្រាស់ថ្នាំ។
ស្រដៀងគ្នានេះដែរ លោក នួន ថោង ក៏បានប្រាប់ដែរថា ប្រសិនបើអ្នកដែលមានជំងឺបាក់ទឹកចិត្ត បានព្យាបាលជាមួយនឹងគ្រូពេទ្យធូរស្បើយហើយ តែមិនបានប្រើថ្នាំពេទ្យសម្រាប់ជួយបន្តទេនោះ មួយរយៈពេលក្រោយជំងឺនេះអាចនឹងលាប់មកវិញ។ ប៉ុន្តែប្រសិនបើគាត់ព្យាបាលជាហើយ ហើយបានអនុវត្តការធ្វើសមាធិជាប្រចាំ នោះជំងឺនេះនឹងមិនលាប់ឡើងវិញទេ ព្រោះសមាធិនេះ ជួយខ្លាំងណាស់ទៅដល់ផ្លូវចិត្ត។
ចំណែក លោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ប្រធានផ្នែកសុខភាពផ្លូវចិត្ដ និងបំពានគ្រឿងញៀននៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ឯកទេសវិកលវិទ្យា បានធ្វើការពន្យល់ថា ជំងឺបាក់ទឹកចិត្ត ត្រូវបានបែងចែកជា ៣ កម្រិត គឺកម្រិតស្រាល មធ្យម និងកម្រិតធ្ងន់ធ្ងរ។ ការព្យាបាលអ្នកជំងឺបាក់ទឹកចិត្ត មានរបៀបព្យាបាលចំនួន ២ គឺការព្យាបាលដោយថ្នាំ និងការព្យាបាលដោយមិនមានប្រើថ្នាំ។
លោកបានបញ្ជាក់ថា៖ «សម្រាប់ការព្យាបាលដោយមិនប្រើថ្នាំ គឺយើងត្រូវស្វែងរកហេតុផលច្បាស់លាស់ ហើយធ្វើការប្រឹក្សាអប់រំផ្លូវចិត្តគាត់ គាំទ្រផ្លូវចិត្តគាត់ឱ្យបានត្រឹមត្រូវ ដោយក្នុងនោះមានការធ្វើសមាធិហ្នឹង ក៏អាចចូលរួមក្នុងការព្យាបាលបានដែរ»។
លោក យឹម សុបុត្រា បានបន្ថែមថា ការព្យាបាលដោយមិនប្រើថ្នាំនេះ កម្រឃើញអ្នកជំងឺដែលមានបញ្ហាបាក់ទឹកចិត្តធ្ងន់ធ្ងរនេះ ជាសះស្បើយត្រលប់មករកភាពប្រក្រតីវិញណាស់ ដោយសារវាអាចនឹងរើឡើងវិញ ឬអាចឈានទៅដល់ការធ្វើអត្តឃាត ឬមនុស្សឃាតផងដែរ។
នៅពេលដែលសួរថា តើអ្នកដែលមានបញ្ហាផ្លូវចិត្តនេះ ព្យាបាលត្រូវប្រើថ្នាំជាមុនសិន ទើបប្រើវិធីសាស្រ្តការធ្វើសមាធិជាក្រោយ លោក យឹម សុបុត្រា បានប្រាប់ថា ៖ «យើងអាចធ្វើទាំងព្រម ប្រសិនបើអ្នកនោះមានសភាពធ្ងន់ធ្ងរគឺត្រូវតែទទួលការព្យាបាលដោយសង្រ្គោះបន្ទាន់ដោយការប្រើថ្នាំជាដំបូង ហើយបន្ទាន់មកអាចព្យាបាលដោយមិនប្រើថ្នាំនេះ»។
អ្នកឯកទេសវិកលវិទ្យារូបនេះ ក៏បានឯកភាពទៅលើការអនុវត្តការធ្វើសមាធិជាប្រចាំសម្រាប់មនុស្សទូទៅផងដែរ ដោយសារសមាធិ ជួយឱ្យផ្លូវចិត្តយើងតម្កល់ឱ្យនឹង ហើយមិនមានការទទួលសម្ពាធដែលជួបប្រទះក្នុងជីវិតប្រចាំថ្ងៃ ដោយបុគ្គលនោះ ចេះទទួលយកការពិត ចេះប្រឈម ចេះដោះស្រាយ រួចហើយចេះតម្កល់ចិត្តឱ្យនឹងដើម្បីកុំឱ្យអារម្មណ៍ផ្លូវចិត្តទទួលសម្ពាធច្រើន តាមរយៈការធ្វើ «សមាធិ» នេះ។
ចំពោះកិច្ចប្រតិបត្តិនៃការធ្វើសមាធិ លោក នួង ថោង និយាយថា វាមិនមានការលំបាកនោះទេ ដោយអ្នកនោះគ្រាន់តែយកសតិមកដាក់នៅចុងច្រមុះ ដើម្បីឱ្យដឹងខ្យល់ដង្ហើមចូល ខ្យល់ដង្ហើមចេញ ដោយមិនមានការបែងចែកទៅណាផ្សេងនោះទេ។
ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ លោក រស់ វិសាល ធ្លាប់បាននាំកូនៗរបស់លោកទៅចូលរួមការធ្វើសមាធិនៅវត្តគល់ទទឹង ជាមួយនឹងព្រះសង្ឃនិងក្មេងៗដទៃទៀតជាច្រើនផងដែរ ដោយសារលោកគិតថា ការធ្វើសមាធិគឺវាជាវិធីសាស្រ្តល្អដែលជួយឱ្យកូនៗរបស់លោកចេះគ្រប់គ្រងអារម្មណ៍ គ្រប់គ្រងចិត្តបាន។
លោកបានប្រាប់ថា៖ «យើងគួរតែរិះរកមធ្យោបាយ ធ្វើយ៉ាងណា ដើម្បីអប់រំបណ្តុះបណ្តាលកូនរបស់យើងតាំងពីតូច ដើម្បីដល់ធំគាត់ចេះគិត ចេះគ្រប់គ្រងចិត្តខ្លួនឯងថា អ្វីគួរធ្វើ និងអ្វីមិនគួរធ្វើជាដើម។ អ៊ីចឹង អាណាព្យាបាល ឬឪពុកម្តាយ គួរតែអប់រំកូន ភ្ជាប់ជាមួយនឹងការបង្រៀនកូនឱ្យចេះធ្វើសមាធិ ចេះស្យង់អារម្មរណ៍នេះផងដែរ»៕