ភ្នំពេញៈ លោក ប្រាក់ សុខុន ប្រេសិតពិសេសរបស់អាស៊ានប្រកាសថា កម្ពុជាប្តេជ្ញានឹងជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដរាបណាឯកភាពផ្ទៃក្នុងរបស់អាស៊ាន ត្រូវបានរក្សាឱ្យនៅគង់វង្ស តែមិនអនុញ្ញាតឱ្យបញ្ហាមីយ៉ាន់ម៉ាបំបែកបំបាក់ឯកភាពអាស៊ាននោះទេ។
លោក ប្រាក់ សុខុន ថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ៦ ខែកក្កដា បន្ទាប់ពីលោកបានបញ្ចប់ការបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ២ កក្កដា។
លោក ប្រាក់ សុខុន ថ្លែងថា៖ «កម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ក្នុងឋានៈប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ដែលយើងមាន ដើម្បីជួយប្រទេស និងប្រជាជនមីយ៉ាន់ម៉ាដរាបណាឯកភាពផ្ទៃក្នុងរបស់អាស៊ាន ត្រូវបានរក្សាឱ្យនៅគង់វង្សដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងតំបន់ទាំងមូល។ មានការឯកភាព ប្តេជ្ញាចិត្តខ្ពស់ក្នុងការរក្សាឯកភាពរបស់អាស៊ានឱ្យនៅគង់វង្ស ទោះក្នុងកាលៈទេសៈណាក៏ដោយ យើងត្រូវបំពេញភារកិច្ចណាក៏ដោយ ដោះស្រាយបញ្ហាវិបត្តិណាក៏ដោយគឺឯកភាពអាស៊ាន មិនត្រូវធ្វើឱ្យបែកបាក់»។
លោកបន្តថា ទោះបីប្រទេសអាស៊ាន បានបញ្ចេញមតិ និងប្រកាន់ជំហរមិនដូចគ្នាពាក់ព័ន្ធវិបត្តិនៅមីយ៉ាន់ម៉ា ប៉ុន្តែប្រទេសអាស៊ាន មានឆន្ទៈរួមនៅក្នុងការជួយប្រទេសមីយ៉ាន់ម៉ា ឱ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ តាមរយៈការប្រកាន់យក និងអនុម័តកុងសង់ស៊ីស៥ចំណុចអាស៊ានកាលពីឆ្នាំ ២០២១។
លោក ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីការបរទេសថ្លែងថា៖ «ទី១ យើង (អាស៊ាន) ប្តេជ្ញាជួយមីយ៉ាន់ម៉ា។ ទី២ ក៏យើងប្តេជ្ញារក្សាឯកភាពរបស់អាស៊ានដែរ។ យើងមិនអនុញ្ញាតឱ្យបញ្ហាមីយ៉ាន់ម៉ា បំបែកបំបាក់ឯកភាពអាស៊ាននោះទេ។ ជួយមីយ៉ាន់ម៉ាផងរក្សាឯកភាពរបស់អាស៊ានផង»។
លោកបញ្ជាក់ថា អ្វីដែលជាសញ្ញាវិជ្ជមានគឺថា ការបន្តជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិបានធ្វើឱ្យមីយ៉ាន់ម៉ាទទួលបានស្ថិរភាព ១ កម្រិត ខណៈមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង បានចែករំលែកដល់រូបលោកអំពីការខិតខំប្រឹងប្រែងរបស់លោក មីន អ៊ុងឡាំង ដើម្បីសម្រេចនូវកិច្ចព្រមព្រៀងបទឈប់បាញ់ថា្នក់ជាតិ។ លោក ប្រាក់ សុខុន បានសម្តែងការត្រេកអរនៅពេលលោកទទួលដំណឹងថា កុមារនៅមីយ៉ាន់ម៉ា អាចចាប់ផ្តើមការសិក្សារបស់ពួកគេឡើងវិញ។
លោក ប្រាក់ សុខុន បានថ្លែងបន្តថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) របស់លោក មីន អ៊ុងឡាំង បានកំណត់យកការរៀបចំការបោះឆ្នោតនៅឆ្នាំ ២០២៣ ជាច្រកចេញដើម្បីនាំមីយ៉ាន់ម៉ាត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ដោយបានសន្យាផ្ទេរអំណាចទៅឱ្យអ្នកដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។ SAC បានបញ្ជាក់ពីការប្តេជ្ញារបស់ខ្លួន ក្នុងការរៀបចំការបោះឆ្នោតថា ការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
លោកបន្ថែមថា ប្រទេសមួយចំនួនបានសម្តែងនូវការគាំទ្រចំពោះការបោះឆ្នោតដោយភាពស្ងៀមស្ងាត់ ដោយសារប្រទេសទាំងនោះបារម្ភពីប្រតិកម្មតប និងការរិះគន់ពីសំណាក់សាធារណជនថា ជម្រើសនេះនឹងផ្តល់ភាពស្របច្បាប់ដល់ SAC ហើយថា ការបោះឆ្នោតណាមួយដែលរៀបចំដោយ SAC នឹងមិនមានបរិយាប័ន្ន សេរី យុត្តិធម៌ និងអាចទុកចិត្តបាននោះទេ។
ប្រេសិតរូបនេះបន្ថែមថា៖ «កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានមិនបាននិយាយអ្វីអំពីការបោះឆ្នោតនោះឡើយ ដូច្នេះហើយប្រេសិតពិសេសក៏ពុំមានអាណត្តិទាក់ទងទៅនឹងការបោះឆ្នោតនេះដែរ»៕