
សមត្ថកិច្ចជំនាញកំពុងថ្លឹងរថយន្តដឹកទំនិញ។ រូបថត ក្រសួងសាធារណការនិងដឹកជញ្ជូន
ភ្នំពេញៈ ក្នុងឆមាសទី១ ឆ្នាំ ២០២២ សមត្ថកិច្ចជំនាញបានចាប់ឃាត់ រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ចំនួន ១ ៦៤៣ គ្រឿង និងបានធ្វើការផាកពិន័យបានទឹកប្រាក់សរុបប្រមាណ ២,៨ ពាន់លានរៀល។ នេះបើយោងតាមរបាយការណ៍។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៃក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ៦ កក្កដាថា ក្នុងឆមាសទី១ ឆ្នាំ ២០២២ ការអនុវត្តការងារលើការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយបានត្រួតពិនិត្យយានយន្តសរុបចំនួន ១ ៨៣១ ៣៧៤ គ្រឿង ក្នុងនោះ រថយន្តដឹកមិនលើសទម្ងន់មានចំនួន ១ ២៣០ ០១០ គ្រឿង រថយន្តដឹកលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ មានចំនួន ៥៩៩ ៧២១ គ្រឿង រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ដែលត្រូវបានផាកពិន័យមានចំនួន ១ ៦៤៣ គ្រឿង ដោយពិន័យបានទឹកប្រាក់សរុបប្រមាណ ២,៨ ពាន់លានរៀល។
ក្នុងចំណោមរថយន្ត ១ ៦៤៣ គ្រឿង ដែលបានផាកពិន័យ មានរថយន្តចំនួន ២២០ គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ លើសពី ២០% នៃទម្ងន់អនុញ្ញាតត្រូវផាកពិន័យ និងឃាត់ទុករយៈពេល ១ ឆ្នាំ ដោយយោងតាមច្បាប់ផ្លូវថ្នល់មាត្រា ៦០។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវជាថ្មី ដោយទទូចសុំឱ្យអ្នកប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកទំនិញគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ កុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ធ្វើឱ្យផ្លូវឆាប់ខូច រេចរឹលមុនអាយុកាល មានជង្ហុកសម្បុកមាន់ បង្កគ្រោះថ្នាក់ចរាចរណ៍ ចំណាយថវិកាច្រើនក្នុងការជួសជុលនិងថែទាំផ្លូវ។
លោកថ្លែងថា៖ «ការដឹកលើសទម្ងន់កម្រិតកំណត់ជាកត្តាចម្បងធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុកាល និងបង្កគ្រោះថ្នាក់ ចរាចរណ៍ដល់អ្នកធ្វើដំណើរ»។
លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ជាយន្តការទប់ស្កាត់ការងារដឹកលើសទម្ងន់កម្រិតកំណត់ ទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ និងមន្រ្តីអនុវត្ត បានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឱ្យស្របតាមច្បាប់កំណត់ និងអនុវត្តយន្តការ ចល័តដើម្បីឆ្មក់ចាប់រថយន្តដឹកលើសកំណត់នៅទូទាំងប្រទេស។
បើតាមក្រសួងសាធារណការ គ្រប់ក្រុមការងារពាក់ព័ន្ធបានធ្វើការផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ជាពិសេសចុះអប់រំដល់ម្ចាស់ដេប៉ូខ្សាច់ថ្មីនិងការដ្ឋានដឹកដី ឱ្យចូលរួមគោរពតាមបទដ្ឋានបច្ចេកទេសស្ដីពីការដឹកជញ្ជូន ដើម្បីបញ្ចៀសឱ្យបាននូវការដឹកលើសទម្ងន់កម្រិតកំណត់ដែលនាំឱ្យផ្លូវឆាប់ខូច កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាសោភណភាពទីក្រុង ជាពិសេសដើម្បីអប់រំអំពីចំណេះដឹងជុំវិញច្បាប់ចរាចរណ៍ និងផ្តោតលើការផាកពិន័យ និងការឃាត់ទុក យានយន្តដឹកជញ្ជូនដែលអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រា ៦០។
ក្រៅពីយន្តការផ្សព្វផ្សាយ និងអប់រំលើការងារគ្រប់គ្រង តាមដានសកម្មភាពរបស់មន្រ្តីអនុវត្តការងារ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ក៏បានបំពាក់កាមេរ៉ាបញ្ជូនរូបភាព (CCTV Camera) តាមស្ថានីយជញ្ជីងអចល័តនានា និងបានធ្វើការផ្លាស់ប្តូរមន្រ្តីនៅតាមស្ថានីយមួយចំនួន ដែលបានប្រព្រឹត្តខុសឆ្គងក្នុងការអនុវត្តការងារ។ នេះបើតាមក្រសួង៕