ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ជំរុញដល់បណ្តាប្រទេសមេគង្គ-ឡានឆាង ធ្វើការឆ្លើយតបរួមគ្នាលើសុខភាពសាធារណៈ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ច ក្រោយការរាតត្បាតនៃជំងឺកូវីដ ១៩ ដែលជាវិបត្តិសុខភាពសកល។
ប្រមុខការទូត លោក ប្រាក់ សុខុន ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ កាលពីថ្ងៃទី ៣-៤ ខែកក្កដា នៅប្រទេសមីយ៉ាន់ម៉ា ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាព»។ កិច្ចប្រជុំនេះដឹកនាំ ដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន និងលោក វុនណា ម៉ោង លី្វន រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។
លោក ប្រាក់ សុខុន លើកឡើងថា ស្ថិតចំពេលនៃវិបត្តិសុខភាពសកលនៃជំងឺកូវីដ ១៩ ប្រទេសមេគង្គ-ឡានឆាង បានពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ដោយមានការបង្កើតឱ្យមានសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា បញ្ជាក់ នាថ្ងៃទី ៦ កក្កដាថា៖ «ឯកឧត្តមឧបនាយករដ្ឋមន្ត្រី [ប្រាក់ សុខុន] បានចែករំលែកនូវទស្សនៈសំខាន់ៗ សម្រាប់ដំណាក់កាលបន្ទាប់ នៃការអភិវឌ្ឍ។ ទី១ ប្រើប្រាស់ក្របខ័ណ្ឌ MLC ឱ្យបានពេញលេញដើម្បីធ្វើជាកាតាលីករវិជ្ជមានក្នុងការការពារសន្តិភាពនិងស្ថិរភាព ដោយឈរលើគោលការណ៍ដ៏រឹងមាំនៃការព្រមព្រៀងជាឯកច្ឆន្ទ និងស្មើភាពគ្នា។ ទី២ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការឆ្លើយតបរួមគ្នាលើសុខភាពសាធារណៈ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ច ក្រោយជំងឺកូវីដ ១៩»។
លោកថែមទាំងជំរុញដល់ប្រទេសទាំងនោះ ធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យធនធានទឹក និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលទាក់ទងនឹងផលិតភាពវិស័យកសិកម្ម និងសន្តិសុខស្បៀង។
លោកប្រមុខការទូត អំពាវនាវឱ្យបណ្តាប្រទេសមេគង្គ-ឡានឆាង ពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាងខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដោយធ្វើសហកម្មជាមួយច្រករបៀងពាណិជ្ជកម្មផ្លូវគោក-ផ្លូវសមុទ្រអន្តរជាតិថ្មី ដើម្បីចាប់យកអត្ថប្រយោជន៍ដែលកើតចេញពីកាលានុវត្តភាពពាណិជ្ជកម្មនិងការវិនិយោគថ្មី ដែលហូរចេញពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។
ចំពោះទិសដៅអនាគតរបស់ MLC លោក ប្រាក់ សុខុន បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមការអភិវឌ្ឍសកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដោយលោកអះអាងថា វានឹងបំពេញបន្ថែមដល់ការជំរុញសន្តិភាព និងស្ថិរភាពនៅក្នុងអនុតំបន់។
ស្ថិតក្នងកាលៈទេសៈនៃការកើនឡើងបញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុនមក រដ្ឋមន្ត្រីទាំងអស់បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាជំរុញការធ្វើសហកម្ម រវាង MLC ទៅក្នុងគំនិតផ្តួចផ្តើមអន្តរជាតិ និងតំបន់ផ្សេងទៀត ដែលរួមមានគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គំនិតផ្តួចផ្តើមការអភិវឌ្ឍសកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «រដ្ឋមន្ត្រីទាំងអស់បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើងចំពោះបញ្ហាប្រឈមរួម សំដៅរួមគ្នាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ជំរុញការផ្លាស់ប្តូរ ទៅវិញទៅមក រវាងប្រជាជន និងប្រជាជន និងជំរុញការស្តារសេដ្ឋកិច្ចឡើងវិញនៅតាមបណ្តាប្រទេសមេគង្គ-ឡានឆាង»។
រដ្ឋមន្ត្រីទាំងអស់បានឯកភាពគ្នាលើផែនការ៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលកិច្ចសហប្រតិការមេគង្គ-ឡានឆាង លើកទី៤ អនុម័តនាពេលខាងមុខ និងពង្រឹងកិច្ចសហប្រតិបត្តិការលើកត្តាសំខាន់ៗ ដែលអំណោយផលដល់ភាពធន់ផ្នែកសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ ១៩។
ចាប់តាំងពីការបង្កើតមូលនិធិពិសេស MLC មូលនិធិនេះបានគាំទ្រគម្រោងជាង៦00 លើវិស័យធនធានទឹក កសិកម្ម ទេសចរណ៍ ការអប់រំ ការកាត់បន្ថយភាពក្រីក្រ សុខាភិបាល និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ដែលបានអនុវត្តដោយប្រទេសមេគង្គ-ឡានឆាងទាំង ៦។
កិច្ចប្រជុំនេះបានអនុម័តឯកសារចំនួន ៥។ ទី១ សេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី៧។ ទី២ គឺសេចក្តីប្រកាសរួម ស្តីពីការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការគយ ដើម្បីធានាពាណិជ្ជកម្ម និងកិច្ចសម្រួលនីតិវិធីគយ ក្រោមក្របខ័ណ្ឌ MLC។ ទី៣ គឺ សេចក្តីប្រកាសរួមស្តីពីការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការកសិកម្ម និងការធានាសន្តិសុខស្បៀង ក្រោមក្របខ័ណ្ឌ MLC។
ឯកសារទី៤ គឺសេចក្តីប្រកាសរួម ស្តីពីការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង MLC។ ចំណែកទី៥ គឺសេចក្តីប្រកាសរួមស្តីពីការផ្លាស់ប្តូរស៊ីជម្រៅ និងការរៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងចំណោមអរិយធម៌ ក្រោមក្របខ័ណ្ឌ MLC។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គ សម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)ថ្លែងថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៧នេះ ទទួលបានលទ្ធផលជាផ្លែផ្កា ដោយរដ្ឋមន្រ្តីនៃបណ្តាប្រទេសជាសមាជិកសន្យាថា នឹងជួយគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងការស្តារសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ ១៩។
លោកថ្លែងថា៖ «ស្របពេលដែលការប្រកួតប្រជែងមហាអំណាចក្នុងតំបន់កាន់តែក្តៅគគុក និងសម្ព័ន្ធយោធានានា កំពុងតែធ្វើការកែទម្រង់ បានធ្វើឱ្យសន្តិសុខតំបន់ និងពិភពលោកកាន់តែមានភាពស្រួចស្រាល់បន្ថែមទៀត។ ដូចនេះហើយបានជាបណ្តាប្រទេសនៅតំបន់មេគង្គ គួរតែថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពឱ្យបានល្អ ចៀសវាងការជ្រើសយកសម្ព័ន្ធមិត្តណាមួយដែលបង្កឱ្យមានការជ្រៀតជ្រែកនយោបាយផ្ទៃក្នុង ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់»។
លោក ថុង ម៉េងដាវិត បន្ថែមថា កិច្ចសហប្រតិបត្តិការ ក្នុងតំបន់បែបពហុភាគី និងការសន្ទនាបែបបើកចំហ គួរតែលើកកម្ពស់និងជំរុញបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍តំបន់ និងប្រជាជន តាមរយៈការអភិវឌ្ឍរួមគ្នាប្រកបដោយចរីភាព និងបរិយាបន្ន៕