ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញាធរ​មីនបាន​លើកឡើងថា ប្រតិបត្តិ​ករ​ដោះមីន នៅ​ទូទាំងប្រទេស​ចំនួន​ជាង​ ២ ៦០០ ​នាក់​ ដែល​ក្នុងនោះ​មាន​ប្រមាណ​ជា​ ៥០% បាន​ត្រៀម​រួចជាស្រេច​ក្នុងការ​ចូលរួម​ ដើម្បី​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​គ្មាន​មីន​នៅ​ឆ្នាំ​ ២០២៥ លើ​ផ្ទៃដី​មាន​ចម្ការមីន​​ជាង​ ៧០០ ​គីឡូម៉ែត្រ​ក្រឡា​។​

ទេសរដ្ឋមន្ត្រី​និង​ជា​អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​លោក លី ធុជ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃទី ​៧ ខែកក្កដា ថា មកដល់ពេលនេះ​ថវិកា​ដែល​ទទួលបាន​ពី​ការបរិច្ចាគ​ពី​សប្បុរសជន​និង​ជនរួមជាតិ​បាន​រហូត​ជាង​១៥​លាន​ដុល្លារ​អាមេរិក​និង​ជាង ​១៩០​ លាន​រៀល ក្នុងការ​ចូលរួម​ក្នុង​សកម្មភាព​ដោះមីន​នៅ​កម្ពុជា​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​។​

លោក​ ថ្លែងថា៖ «​កម្ពុ​ជាមាន​ម​ហិ​ច្ឆតាកម្ចាត់មីន​ឱ្យអស់​នៅ​ឆ្នាំ ២០២៥ ហើយ​ដែល​យើង​ត្រូវ​រំដោះ​ដី​ពី​គ្រាប់មីន​លើ​ផ្ទៃដី​ចំនួន ៧១៦ ​គីឡូម៉ែត្រ​ក្រឡា​ ដែល​យើង​ត្រូវ​បញ្ចប់​វា​។ ការងារ​ដោះមីន​ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី​បានចាត់ទុក​ជាការ​ងារ​អាទិភាព​ក្នុងចំណោម​ការងារ​ទាំង​ឡាយ​សម្រាប់​ប្រទេសជាតិ​របស់​យើង​»​។​

មកដល់ពេលនេះ ជាង​ ៣០ ​ឆ្នាំ កម្ពុជា​បាន​បោសសម្អាត​មីន​លើ​ផ្ទៃដី​ជាង​ ២ ៦០០ ​គីឡូម៉ែត្រ​ក្រឡា និង​បាន​កម្ទេច​គ្រាប់មីន​ប្រឆាំង​រថក្រោះ​បាន​ជាង​២៦ ០០០​គ្រាប់​, មីន​ប្រឆាំង​មនុស្ស​រកឃើញ​និង​បាន​កម្ទេចជាង​១​លាន​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ផ្សេងៗ​ទៀត​ជាង​៣​លាន​គ្រាប់ត្រូវ​បាន​រកឃើញ​និង​កម្ទេចចោល​។​

លោក លី ធុជ បាន​ថ្លែងថា តំបន់​នៅ​សេសសល់​មាន​ចំនួន​ ១៩៩១ ​គីឡូម៉ែត្រ​ក្រឡា​ទៀត ​ដែល​ត្រូវធ្វើ​ការដោះស្រាយ​ដែលមាន​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ពាសវាល​ពាសកាល​ដែល​ទំហំ​នៅ​សេសសល់​នេះ​មាន​ទាំង​ចម្ការមីន គ្រាប់បែក​ចង្កោម និង​ចម្ការ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ផ្សេងៗ​ទៀត​។​

លោក​បាន​ថ្លែងថា ៖ «​ប្រសិនបើ​យើង​គិតតែ​មីន យើង​នៅសល់​ចម្ការមីន​ប្រមាណ​ជា ​៧១៦ ​គីឡូម៉ែត្រ​ក្រឡា​ទៀត ដែលជា​ទំហំ​មួយ​ធំ​ណាស់​និង​ច្រើនណាស់ ដែល​យើង​មាន​ម​ហិ​ច្ឆ​តា​ក្នុង​ការបញ្ចប់​នៅ​ឆ្នាំ​ ២០២៥ ដែល​យើង​បាន​ខិតខំ​ណាស់​។ យើង​មាន​មន្ត្រី​បុគ្គលិក​បោសសម្អាត​មីន​ប្រមាណ ​២ ៦០០ ​នាក់ ក្នុងនោះ​ស្ត្រី​ ៥០% ហើយ​យើង​ក៏បាន​បាត់បង់​អ្នកដោះមីន​ចំនួន ​២០០​ នាក់​ផងដែរ​ ក្នុងការ​ប្រតិបត្តិ​ដោះមីន​នេះ​»​។​

ជាមួយគ្នានេះដែរ លោក​ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ក្នុង​ការសម្រេច​ឱ្យបាន​គោលដៅ​ឈានទៅរក​កម្ពុជា​គ្មាន​មីន ដែល​បញ្ហា​ទី​១​គឺ​ថវិកា​។ ចម្ការមីន​១​ម៉ែត្រការ៉េ ដើម្បី​បោសសម្អាត​មីន ត្រូវការ​ជា​លុយ​រៀល​ពី​ ៨០០​ រៀល​ទៅ​ ១ ០០០ ​រៀល ​ក្នុង​ ១​ ម៉ែត្រការ៉េ​។​

លោក លី ធុជ​បាន​ថ្លែងថា៖ «​ផែនការ​ចំពោះមុខ​នេះ យើង​នឹង​ប្រើប្រាស់​ថវិកា​ដែល​បានមកពី​សប្បុរជន​ទៅលើ​ការ​បោសសម្អាតមីន​ឱ្យអស់​ទៅលើ​ខេត្ត​ចំនួន​៣​នាពេល​ខាងមុខនេះ ដែលមាន​ខេត្ត​ត្បូងឃ្មុំ​ខេត្តតាកែវ និង​ខេត្តកំពត​»​។

លោក​ក៏បាន​បញ្ជាក់ដែរថា នៅពេល​ខាងមុខ​នេះដែរ អាជ្ញាធរ​មីន​ក៏ត្រូវ​ការ​នូវ​ប្រតិបត្តិ​ករ​ក្នុង​ការជួយ​ចូលរួម​បោសសម្អាតមីន​នេះដែរ ក្នុងនោះ​ក៏មាន​ប្រតិបត្តិ​ករ​បរទេស ឬ​មកពី​ក្រុមហ៊ុន​ឯកជន​។ អាជ្ញាធរ​មីន​ក៏បាន​គិត​ទៅដល់​ជំហាន​បន្ទាប់​ផងដែ​គឺ​ការដោះស្រាយ​គ្រាប់មីន​នៅក្នុង​ទឹក​ផងដែរ​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៦ ខែកក្កដា បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយនឹង​រាជរដ្ឋាភិបាល​ដើម្បី​បង្ហាញ​ពី​ចលនា​ជាតិ​មួយ​ដើម្បី​សុវត្ថិភាព​ប្រជាជន​ដែល​បាន​ស្លាប់​និង​របួស​ដោយសារ​មីន​។​

លោក​ថា៖ «​វា​ជា​ចលនា​មួយ​ដើម្បី​ធ្វើឱ្យ​ក្លាយជា​ចលនា​ជាតិ​មួយ​ដើម្បី​ផ្តាច់​ព្រ័​ត្រ​នៃ​ការ​គ្មាន​មីន​ក្នុង​ឆ្នាំ​២០២៥ ដែល​យើង​នៅសល់តែ​៣​ឆ្នាំ​ទៀត​ទេ ពេលវេលា​មិន​នៅ​ឆ្ងាយ​នោះទេ​។ អាជ្ញាធរ​មីន​ត្រូវ​រៀបចំ​ចំណុច​ទាំងនេះ​សម្រាប់ធ្វើ​ការដោះមីន​និង​គ្រាប់​មិនទាន់​ផ្ទុះ ដើម្បី​សុវត្ថិភាព​នៃ​ប្រទេស​យើង​»​។​

គួរ​រំ​ឭ​កថា ​ខេត្ត​ចំនួន​៣​ហើយ​ត្រូវ​បានប្រកាស​ជា​ខេត្ត​ដែល​អស់​មីន ក្នុងនោះ​មាន ខេត្ត​កែប ខេត្តព្រៃវែង និង​ខេត្តស្ទឹងត្រែង ហើយ​កម្ពុជា​នៅសល់ ២២ រាជធានី​-​ខេត្ត​ទៀត ដែល​បន្ត​រង​ផលប៉ះពាល់​ដោយសារ​មីន (​មិន​រាប់បញ្ចូល​គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ផ្សេងទៀត​)៕