ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អបអរសាទរខួប ៥ ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ៨ ខែកក្កដា ដោយលោកមានប្រសាសន៍ថា ប្រាសាទនេះបានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញ។
ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ៨ កក្កដា ២០១៧។
លោក ហ៊ុន សែន សរសេរនៅលើហ្វេសប៊ុកនាថ្ងៃនេះថា ការដាក់សម្បត្តិវប្បធម៌ និងប្រាសាទបុរាណទាំងនេះ មិនត្រឹមតែទទួលបានការគាំពារជាអន្តរជាតិនោះទេ តែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងប្រាសាទបុរាណរបស់ខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ។
លោកបន្តថា៖ «ក្រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយផងដែរ»។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «សូមចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់ នៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់»៕