ភ្នំពេញៈ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារ​អបអរ​ខួប ​១៤​ ឆ្នាំ នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ឆ្នាំ​ ២០០៨ និង​អំពាវនាវ​ដល់​ពលរដ្ឋ​ចូលរួម​ថែរក្សា​ប្រាសាទ​ទាំងអស់​ឱ្យបាន​គង់វង្ស ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​សរសេរ​លើ​​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃទី​ ៧ កក្កដាថា​៖ «​ថ្ងៃនេះ​ គឺជា​ខួប​លើក​ទី​១៤ ​ឆ្នាំ​នៃ​ការចុះបញ្ជី ​“​ប្រាសាទព្រះវិហារ​”​ ជា​បេតិកភណ្ឌ​ពិភពលោក ​(០៧ កក្កដា ២០០៨-០៧ កក្កដា​២០២២)​។

ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី ​៧ ខែ កក្កដា ឆ្នាំ​ ២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ​ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលា​​ការ​អន្តរជាតិ​ក្រុងឡាអេ នា​ថ្ងៃទី ​១៥ ខែ មិថុនា ឆ្នាំ​ ១៩៦២»​។

​លោក​បាន​បញ្ជាក់ថា ប្រាសាទព្រះវិហារ​ ​ជា​ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិតនៅលើ​ភ្នំ​ដងរែក​ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ច​ប្រជុំ​ទី​៣២​ របស់​គណៈកម្មាធិការ​បេ​តិ​ក​ភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​​ស្កូ ​(UNESCO)​ កាលពី​ថ្ងៃទី ​៧ ខែ កក្កដា ​ឆ្នាំ ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​។​

​លោក សំបូរ ម៉ា​ណា​រ៉ា សាស្ត្រាចារ្យ​​ប្រវត្តិសាស្ត្រ​បានលើកឡើង​ថា ការ​ចេញ​សារ​នេះ​ គឺជា​ចំណុច​សំខាន់​មួយ​ដែល​បង្ហាញថា ថ្នាក់ដឹកនាំ​កម្ពុជា​យក​ចិត្ត​ទុកដាក់​គិត​អំពី​តម្លៃ​បេតិកភណ្ឌ​ជាតិ និង​បេតិកភណ្ឌ​អន្តរជាតិ​។

​លោក​បាន​ថ្លែងថា​៖ «​បើ​យើង​និ​យាយ​អំពី​តម្លៃ​នៃ​ ១៣​ ឆ្នាំ​កន្លងមកនេះ គឺជា​តម្លៃ​បច្ចុប្បន្នភាព​នៃ​ប្រវត្តិសាស្ត្រ​របស់​យើង​ក្នុងពេលដែល​យើង​ទាំង​​អស់​គ្នា​បានទទួល​តម្លៃ​មកវិញ​ក្នុងការ​​សម្របសម្រួល​ជាមួយនឹង​ប្រទេស​ជិតខាងយើង ពោលគឺ​ប្រទេស​ថៃឡង់​។​

​អ៊ីចឹង​យើង​ទទួលបាន​ការអបអរ​សាទរ​នេះ​គឺជា​ការបង្ហាញ​នូវ​ការលើកកម្ពស់​កិត្តិយស​ជាតិ​»​។​

​លោក​ គង់ ពុទ្ធិការ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ដើម្បី​អបអរ​ខួប ​១៤ ​ឆ្នាំ អាជ្ញាធរ​បានរៀបចំ​ក​ម្ម​វិធី​មួយ​កាលពី​ថ្ងៃទី​ ៦ កក្កដា ​គឺ​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ និង​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត ប្រវត្តិសាស្ត្រ​មរតក​តេ​ជោ​បុរី​ស្វរៈ​ដែលមាន​អ្នក​ដឹក​​នាំ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ព្រមទាំង​កង​​កម្លាំង​ដែល​ឈរជើង​នៅ​ប្រាសាទ​ព្រះ​​វិហារ មន្ត្រី​និង​ប្រជាជន​សរុប​ទាំងអស់​ ២ ៦០០ ​នាក់​។

​លោក​បន្តថា ការចុះបញ្ជី​នេះ​មិនមែន​ចុះបញ្ជី​តែ​ប្រាសាទ​នោះទេ គឺ​គណៈ​​កម្ម​ការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ តម្រូវឱ្យ​យើង​ត្រូវការ​​ពារ​ព្រៃឈើ​នៅ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​នេះ​។ ​អ៊ីចឹង​តម្លៃ​បេតិកភណ្ឌ​ព្រះវិហារ​គឺ​ស្ថិតនៅលើ​ប្រាសាទ ធន​​ធាន​ធម្មជាតិ ព្រៃឈើ និង​មនុស្ស​។​

​លោក​បានឱ្យដឹងថា បន្ទាប់ពី​ការចុះ​​បញ្ជី​នេះ រាជរដ្ឋាភិបាល​បានផ្តល់​អាទិ​​ភាព​ឱ្យ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ​ធ្វើការ​អភិរក្ស​មួយចំនួន​នៅក្នុង​ប្រាសាទ​ក៏​ដូច​​ជា​តំបន់​ពាក់ព័ន្ធ​។​ ជាក់ស្តែង​ គឺ​បាន​ស្តារ​បារាយណ៍​ខាងលិច និង​ខាងកើត ដែលជា​បារាយណ៍​បុរាណ​បាន​កសាង​នៅ​ខាងក្រោម​ជើងភ្នំ​។​

លោក​ថា​៖ «​យើង​បាន​ស្តារឡើងវិញ​ដើម្បី​បន្ថែម​នូវ​តម្លៃ​សម្រាប់​ប្រាសាទ​ព្រះ​​វិហារ​ក្រៅពីនេះ​យើង​ក៏មាន​ការជួសជុល​​ប្រាសាទ​អ៊ីចឹង​អាជ្ញាធរ​យើង​ជួសជុល​ផ្នែក​មួយចំនួន​ដែលមាន​ហានិភ័យ​ខ្ពស់​នៅតាម​គោ​បុ​រៈ ​(​ខ្លោងទ្វារ​) ​នីមួយៗ នៅក្នុង​គោ​បុ​រៈទាំង ​៥ ​របស់​យើង ​ហើយ​យើង​ក៏បាន​ធ្វើការ​ជួសជុល​ប​ង្គោ​ល​ផ្កា​ឈូក នៅ​ចន្លោះ គោ​បុ​រៈ​ទី​២ ​ដល់ទី​៥»​។​

លោក​បន្តថា ជាមួយគ្នានេះ យើង​ក៏បាន​ស្តារ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក​បុរាណ ស្របតាម​បណ្តោយ​ប្រាសាទព្រះវិហារ ដើម្បី​លើក​តម្លៃ​ផងដែរ ដើម្បី​ជួយ​អភិរក្ស​ប្រាសាទ​កុំឱ្យ​រង​បញ្ហា​ដោយ​​សារ​កត្តា​ធម្មជាតិ​ផង​។

​លោក​ថា​៖ «​បន្ថែម​ពីនេះ​ក៏បាន​កសាង​ផ្លូវ​បេតុង​កសាង​ប្រាសាទព្រះវិហារ​នេះ​តាមរយៈ​មូលនិធិ​បាយ័ន ក្រោម​ការដឹក​​នាំ​របស់លោក​ជំទាវ​ ហ៊ុន ម៉ា​ណា ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចការ​អភិរក្ស និង​ការការពារ​បូរណភាព​ទឹកដី​យើង​»​។​

​បើតាម​លោក គង់ ពុទ្ធិការ តាមរយៈ​យន្តការ​នៃ​គណៈកម្មាធិការ​សម្រប​​សម្រួល​អន្តរជាតិ​សម្រាប់​ការអភិរក្ស​​ និង​ការលើកតម្លៃ​ព្រះវិហារ (ICC-Preah Vihear)​ គឺ​បាន​កៀរគរ​ថវិកា​អន្តរជាតិ​ឱ្យមក​ជួយ​អភិរក្ស​ប្រាសាទ​ដែរ ក្នុងនោះ​អាមេរិក​បានផ្តល់​ថវិកា​ជាង ​៤០ ​ម៉ឺន​ដុល្លារ តាំងពី​ឆ្នាំ ​២០១៨ មក ដើម្បី​ជួសជុល​ជណ្តើរ​ខាងជើង​។

​លោក​ថា​៖ «​ជាមួយគ្នានេះ​ភាគី​ឥណ្ឌា​ដែល​សមាជិក​របស់ ICC បាន​សិក្សា​លើក​ជា​គម្រោង​ផែនការ​ថវិកា ក្នុង​ទឹកប្រាក់ ​៥,៥​ លាន​ដុល្លារ ដើម្បី​ជួស​​ជុល​គោ​បុ​រៈ​ទី​៥ ក្រៅពីនេះ​យើង​ក៏បាន​គិតគូរ​ទៅលើ​អភិរក្ស​ព្រៃឈើ​ដែល​ក្នុង​រយៈពេល​ ១៤​ ឆ្នាំ យើង​បាន​ដាំ​ដើមឈើ​ឡើងវិញ​ក្នុង​តំបន់​អភិរក្ស​ជាង ​៧ ​ម៉ឺន​ដើម​ហើយ យើង​នឹង​បន្តទៀត​ ដើម្បី​គ្រប​ដណ្តប់​ទៅ​តំបន់​ព្រៃ​ដែល​សឹករេចរឹល​ក្នុង​តំបន់​អភិរក្ស​ឱ្យមាន​ភាពស្រស់​​បំព្រង​ឡើងវិញ​»៕