ភ្នំពេញៈ​ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) ពន្យល់​អំពី​បញ្ហា​សេវា​ទូរ​សព្ទ​ចល័ត និង​សេវា​អ៊ីនធឺណិត​នៅតាម​បុរី ដែល​ក្នុងនោះ​បណ្ដាលមកពី​ការកើនឡើង​យ៉ាងគំហុក​នៃ​ការអភិវឌ្ឍ​បុរី ដោយ​គ្មាន​មាត្រដ្ឋាន​បច្ចេកទេស​ច្បាស់លាស់ មិនបាន​លៃ​ទុក​ទីតាំង​សម្រាប់​ដំឡើង​ស្ថានីយ​អង់​តែ​ន និង​ពុំបាន​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ក្រោម​ដី​ទុកជាមុន​ជាដើម​។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់ ក​.​ប​.​ទ​. នៅ​ថ្ងៃទី ​៨ ខែកក្កដា​នេះ បានឱ្យដឹងថា ចាប់តាំងពី​ខែមេសា ឆ្នាំ​ ២០២០ មក ក​.​ប​.​ទ​. បានដាក់​ចេញ​នូវ​យន្តការ​កែទម្រង់​ស៊ីជម្រៅ​ផ្ទៃក្នុង​នៅ​គ្រប់​អង្គភាព​ចំណុះ និង​នៅ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​.​ទ​.​ក​.)​។ ក្នុងការ​កែទម្រង់​នោះ មានការ​រៀបចំ​ពង្រឹង​សមត្ថភាព​មន្ត្រីរាជការ ការពង្រឹង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទៃក្នុង ការពង្រឹង​ប្រសិទ្ធភាព និង​តម្លាភាព​លើ​ការប្រមូល​ចំណូល​និង​ទារបំណុល ការអភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ក​.​ប​.​ទ​. បានចាត់ទុក​ការការពារ​ផលប្រយោជន៍ និង​សិទ្ធិ​របស់​អ្នកប្រើប្រាស់ និង​ការពង្រឹង គុណភាព​សេវា​ទូរគមនាគមន៍ ជា​ការងារ​អាទិភាព​បំផុត ដើម្បី​ធានាថា អ្នកប្រើប្រាស់​ទទួលបាន​សេវា​ប្រកបដោយ គុណភាព និង​តម្លៃ​សមរម្យ​។ បើទោះបីជា​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​ទទួលបាន​ជោគជ័យ​លើ​ផ្នែក​ជាច្រើន​ក្នុង​វិស័យ ទូរគមនាគមន៍​ក៏ដោយ ក៏ប៉ុន្តែ​កិច្ចការ​មួយចំនួន​នៅ​មិនទាន់​កែលម្អ​ឱ្យបាន​ល្អប្រសើរ​នៅឡើយ ដូចជា បញ្ហា​គុណភាព សេវា​ទូរ​សព្ទ​ចល័ត​និង​សេវា​អ៊ីនធឺណិត​។

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក​.​ប​.​ទ​. បាន​សិក្សា ស្រាវជ្រាវ និង​ពិភាក្សា​ជាមួយ ភាគី​ពាក់ព័ន្ធ ដោយ​កំណត់​មូលហេតុ​មួយចំនួន ដែល​បណ្តាលឱ្យ​គុណភាព​សេវា​ទូរ​សព្ទ​ចល័ត និង​សេវា​អ៊ីនធឺណិត រអាក់រអួល ឬ​ដំណើរ​ការមិន​បានល្អ ឬ​គ្មាន​សេវា​។

​ក​.​ប​.​ទ​. បានឱ្យដឹងថា បញ្ហា​សេវា​ទូរ​សព្ទ​ចល័ត និង​សេវា​អ៊ីនធឺណិត​នៅតាម​បុរី រួមមាន ទី​១. ការកើនឡើង​យ៉ាងគំហុក​នៃ​ការអភិវឌ្ឍ​បុរី ដោយ​គ្មាន​មាត្រដ្ឋាន​បច្ចេកទេស​ច្បាស់លាស់​និង​ត្រឹមត្រូវ ឬ​មិនបាន​លៃ​ទុក​ទីតាំង​សម្រាប់​ដំឡើង​ស្ថានីយ​អង់​តែ​ន​ក្នុង​បុរី​។ បុរី​ខ្លះទៀត មានការ​ប្តឹងតវ៉ា​មិនឱ្យ​សាងសង់​ស្ថានីយ​អង់​តែ​ន ដោយ​លើកយក​ហេតុផល​ពុំ​សមស្រប ដូចជា​ខ្លាច​ប៉ះពាល់​ដល់​សុខភាព ឬ​ប៉ះពាល់​ដល់​តម្លៃ​អចលនទ្រព្យ​។

ទី​២ បុរី​មួយចំនួន​ត្រូវបាន​សាងសង់ ដោយ​ពុំបាន​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ក្រោម​ដី ទុកជាមុន ឬ​ពុំបាន​រៀបចំ​ឱ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ឬ​បានរៀបចំ​ដែរ ប៉ុន្តែ​មិនបាន​ល្អ​។

ទី​៣ បុរី​មួយចំនួន​បានផ្តល់​សិទ្ធិផ្តាច់មុខ​សម្រាប់តែ​ប្រតិបត្តិ​ករ​មួយ ដែល​ពុំ​ទទួលខុសត្រូវ​ក្នុង​ការផ្តល់សេវា ឱ្យបាន​ល្អ ដោយ​សមត្ថភាព​នៃ​ការផ្គត់ផ្គង់​សេវា​មិន​សមាមាត្រ​នឹង​ចំនួន​ប្រជាជន​នៅក្នុង​បុរី ឧទាហរណ៍ បណ្តាញ​ខ្សែកាប​អុ​ប​ទិ​ក​ដែលមាន​ចំណុះ​សមត្ថភាព​ផ្គត់ផ្គង់ ១០០ គ្រួសារ ប៉ុន្តែ​បែរជា​ត្រូវ​ផ្គត់ផ្គង់ រហូតដល់ ៣០០-៥០០ គ្រួសារ​។

ទី​៤ ជាទូទៅ សេវា​ទូរ​សព្ទ​ចល័ត​មាន​គ្របដណ្តប់​នៅ​លម្ហ​ខាងក្រៅ ប៉ុន្តែ​ក្នុង​អគារ​ឬ​លំនៅឋាន ដែលមាន បន្ទប់​ឬ​ជញ្ជាំង​ច្រើន សេវា​មិនអាច​ចូលទៅ​ដល់​។ នៅក្នុង​បុរី មានការ​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង សេវា និង​/​ឬ​ឧបករណ៍​ពង្រីក​សេវា (Signal Booster/Repeater) យ៉ាងច្រើន​។​

​ក​.​ប​.​ទ​. បញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ក​.​ប​.​ទ​. បាន​ដាក់ចេញ​វិធានការ ដូចជា ទី​១ ចាត់តាំង​ក្រុមការងារ​ចំនួន ៥ តំបន់​នៅ​ទូទាំងប្រទេស ដោយ​តំបន់​នីមួយៗ​ទទួលបន្ទុក ៤-៥ ខេត្ត ដើម្បី​ចុះ​ពិនិត្យ ស្រង់​ទិន្នន័យ និង​រាប់​ចំនួន​ស្ថានីយ​អង់​តែ​ន ដែល​ប្រតិបត្តិ​ករ​ពុំដែល​ផ្តល់ជូន ទោះបីជា ក​.​ប​.​ទ​. បាន​ស្នើសុំ​យ៉ាងណាក៏ដោយ​។

​ជា​លទ្ធផល ក​.​ប​.​ទ​. កំណត់​បាន​ទីតាំង​នៃ​គ្រប់​ស្ថានីយ​អង់​តែ​ន ការបំពាក់ គ្រឿង​សម្ភារ​បរិក្ខារ និង​បច្ចេកវិទ្យា​ដែល​បាន​ប្រើប្រាស់​។ ជំហាន​បន្ទាប់ ក​.​ប​.​ទ​. នឹង​ជំរុញ​ការផ្លាស់ប្ដូរ​គ្រឿង សម្ភារ​បរិក្ខារ​និង​បច្ចេកវិទ្យា ព្រមទាំង​ការសាងសង់​ស្ថានីយ​អង់​តែ​ន​បន្ថែម ដើម្បី​បង្កើន​គុណភាព​សេវា​។​

​ទី​២ ចាត់តាំង​ក្រុមការងារ​ចំនួន ៨ សម្រាប់​ចុះ​ពង្រឹងគុណភាព​សេវា​នៅតាម​បុរី​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បញ្ចប់​កិច្ចសន្យា​ផ្ដល់​សិទ្ធិផ្តាច់មុខ​ដល់​ប្រតិបត្តិ​ករ​ណាមួយ​ក្នុងការ​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត និង​ស្នើសុំ កិច្ចសហការ​ពី​ម្ចាស់​បុរី​ក្នុង​ការជំរុញ​គុណភាព​សេវា​។ ទី​៣ បាន​ទិញ​ឧបករណ៍​វាស់​ស្ទង់​សេវា​ដែល​បំពាក់​លើ​រថយន្ត (Drive Test) ចំនួន ៥ គ្រឿង សម្រាប់ធ្វើ​ការវាស់ស្ទង់​គុណភាព​សេវា ដើម្បី​ជំរុញ​ឱ្យ​ប្រតិបត្តិ​ករក​លម្អ​សេវា ឬ​វិនិយោគ​បន្ថែម​។​

​ទី​៤ ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ទូរ​សព្ទ MPTC Speed Test សម្រាប់​អ្នកប្រើប្រាស់​អាច​វាស់​ល្បឿន​សេវា​ទូរ​សព្ទ និង​សេវា​អ៊ីនធឺណិត​ដោយ​ខ្លួនឯង និង​មាន​សិទ្ធិ​ប្តឹង​មក ក​.​ប​.​ទ​. ដើម្បី​ដោះស្រាយ​។ ទី​៥ «​ប្រកាស​ស្តីពី​គុណភាព​សេវា​ទូរគមនាគមន៍​» នឹងត្រូវ​ដាក់ឱ្យអនុវត្ត​នាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ដាក់ កាតព្វកិច្ច​លើ​ប្រតិបត្តិ​ករ​ឱ្យ​ពង្រឹងគុណភាព​សេវា និង​បណ្ដាញ​ទូរគមនាគមន៍​របស់​ខ្លួន ក្នុង​គោលដៅ ការពារ​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់​។​

​ក​.​ប​.​ទ​. បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ បញ្ឈប់​ការប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង សេវា និង​/​ឬ​ឧបករណ៍​ពង្រីក​សេវា (Signal Booster/Repeater) ពីព្រោះ​ឧបករណ៍​ទាំងនេះ​កំពុង​ឆ្លង​រំខាន និង​ប៉ះពាល់ គុណភាព​សេវា​។ បន្ថែម​លើ​នេះ​ទៀត ក​.​ប​.​ទ​. ក៏​សំណូមពរ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ឱ្យ​បញ្ឈប់​ការ​នាំចូល​ឧបករណ៍ បង្កើន​កម្លាំង​សេវា និង​/​ឬ​ឧបករណ៍​ពង្រីក​សេវា​គ្រប់​ប្រភេទ ដែល​ពុំមាន​ការទទួលស្គាល់​យ​ថា​ប្រភេទ​ពី ក​.​ប​.​ទ​. ចៀសវាង​ការ​ប្រឈម​នឹង​វិធានការ​ច្បាប់​៕​