ភ្នំពេញៈ កាកបាទក្រហមកម្ពុជា បានចុះអនុស្សរណៈប្រគល់ថវិកាចំនួន ២ លានដុល្លារអាមេរិក ជូនដល់អាជ្ញាធរមីននៅថ្ងៃទី ៧ ខែកក្កដា ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ ២០២៥ តាមរយៈ «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន»។
ពិធីចុះអនុស្សរណៈ និងប្រគល់-ទទួលថវិកានេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកស្រី អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា និងលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។
លោកស្រី អ៊ុក ម៉ាលី បានថ្លែងក្នុងឱកាសថា អាជ្ញាធរមីនតែងតែផ្តល់ថវិកាជូនកាកបាទក្រហមកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៦ រៀងមក សម្រាប់អនុវត្តការងារលើកកម្ពស់ការយល់ដឹងពីមីន នៅតាមខេត្តគោលដៅចំនួន ៤។ ក្នុងនោះមានខេត្តឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដែលឆ្នាំ២០១៦-២០២០ ថវិកា ៨០លានរៀល, ឆ្នាំ២០២១ ថវិកា ៤៦លានរៀល និងឆ្នាំ២០២២នេះ ថវិកាចំនួន ៣០លានរៀល។
លោកស្រីបានបន្តថា លទ្ធផលនៃការអនុវត្តការងារតាមគោលដៅខេត្តទាំង ៤ ខាងលើនេះ កាកបាទក្រហមកម្ពុជា សម្រេចបានការអប់រំផ្សព្វផ្សាយអំពីមីន សំណល់ជាតិផ្ទុះពីសង្រ្គាម ដល់ប្រជាពលរដ្ឋចំនួន ៨៣ ៦៦៨នាក់ (ក្នុងនោះស្រ្តី ៥២ ១៩៣នាក់ និងកុមារ ៣៤ ៥២៥នាក់), បានផ្តល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះដោយសារមីន សំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៤១២នាក់ និងបានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់ប្រជាពលរដ្ឋចំនួន ៩២៦គ្រួសារ ដែលក្នុងនោះគ្រួសារមានពិការភាពចំនួន ២៧៨គ្រួសារ។
លោក លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានផ្តួចផ្តើមឱ្យមានចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ ២០២៥ និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភថវិកាចំនួន ២ លានដុល្លារ សម្រាប់ចូលរួមក្នុងសកម្មភាពបោសសម្អាតមីននៅកម្ពុជា។
លោកបានជម្រាបជូនពីសមិទ្ធផលនៃសកម្មភាពរបស់ប្រតិបត្តិករសម្អាតមីន ដែលក្នុងរយៈពេល ជាង ៣០ឆ្នាំនេះ បានធ្វើការបោសសម្អាតមីនជាង ២៦០០ គីឡូម៉ែត្រការ៉េ នៅក្នុងប្រទេសកម្ពុជា ហើយដែលកម្ពុជា គឺជាប្រទេសទី ៣ ក្នុងចំណោមបណ្តាប្រទេសដែលទទួលរងគ្រោះថ្នាក់ច្រើនជាងគេដោយសារមីន បន្ទាប់ពីប្រទេស អ៊ីរ៉ាក់ និងប្រទេស អាហ្វហ្គានីស្ថាន៕