ភ្នំពេញៈ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុនគ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី ១៩ ខែកក្កដាខាងមុខនេះ ដើម្បីពិភាក្សាការងារលើការនាំចេញកសិផល និងផ្លាស់ប្តូរបទពិសោធជាមួយនឹងស្ថាប័នពាក់ព័ន្ធ។ នេះបើយោងតាមហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន។
ក្នុងជំនួបពិភាក្សាការងារជាមួយនឹងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីថ្ងៃទី ៦ ខែកក្កដានេះ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងថា នៅថ្ងៃទី ១៩ ខាងមុខនេះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុននឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា។ នៅពេលនោះគឺជាឱកាសមួយដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសទាំង ២ ធ្វើការពិភាក្សា ផ្លាស់ប្តូរបទពិសោធ និងលើកជាសំណើជួយគាំទ្រលើការងារបច្ចេកទេសសំខាន់ៗ។ ក្នុងនោះរួមមាន ការកែច្នៃអាហារ គ្រាប់ស្វាចន្ទី ចេក ស្វាយ គ្រាប់ពូជ ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការលើកកម្ពស់សមត្ថភាពផលិត កែច្នៃ ទាំងធនធានមនុស្ស និងឧបករណ៍សម្ភារកែច្នៃ។ល។
លើសពីនោះ សំណើឱ្យពិនិត្យលើលក្ខខណ្ឌនៃការនាំចេញកសិផលទៅកាន់ទីផ្សារជប៉ុន ដូចជាផ្លែស្វាយក៏អាចលើកយកមកពិភាក្សានាឱកាសនោះផងដែរ។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រដល់ការកសាង និងអភិវឌ្ឍនៅកម្ពុជា ជាពិសេសវិស័យកសិកម្មតាមរយ:អង្គការ JICA។ គម្រោងកម្មវិធីទាំងនោះបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានការរីកចម្រើន ធានាសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល កែប្រែកម្រិតជីវភាព និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព ធានាគុណភាព សុវត្ថិភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើបទាន់សម័យ ធននឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ ឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។
លោកឯកអគ្គរាជទូតក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ លើវិស័យកសិកម្មកន្លងមក។ លោកបានបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំមួយមានលក្ខណពិសេសគួរឱ្យកត់សម្គាល់គឺនាយករដ្ឋមន្ត្រីជប៉ុន និងរដ្ឋមន្ត្រីការពារជាតិជប៉ុនបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនផងដែរ។
ក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាប្រធាននៅចុងឆ្នាំនេះ នាយករដ្ឋមន្ត្រីជប៉ុន និងរដ្ឋមន្ត្រីការបរទេសជប៉ុនក៏នឹងគ្រោងអញ្ជើញមកចូលរួមផងដែរ។
ដោយឡែកនៅឆ្នាំ ២០២៣ គឺជាឆ្នាំគម្រប់ខួប ៧០ ឆ្នាំ នៃចំណងការទូតរវាងប្រទេសទាំង ២ ផងដែរ។ ៧០ ឆ្នាំ ប្រទេសទាំង ២ បានបន្តរក្សាសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរគួរជាទីមោទន: ហើយសង្ឃឹមថាចំណងកិច្ចសហប្រតិបត្តិការនេះនឹងនៅបន្តពង្រឹង និងពង្រីកឱ្យកាន់តែរឹងមាំថែមទៀត៕