ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ៨ ខែកក្កដានេះបានរៀបចំសិក្ខាសាលាប្រមូលធាតុចូល ដើម្បីធ្វើឱ្យប្រសើរឡើងដល់ផែនទីបង្ហាញផ្លូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ដែលជាផ្នែកមួយសំខាន់ក្នុងការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។
លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើជាអធិបតីក្នុងបើកសិក្ខាសាលានេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអង្គការ UNDP និងសិក្ខាកាមដែលជាតំណាងមកអគ្គនាយកទាំងអស់ តំណាងមកពីនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងតំណាងមកពីវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនប្រមាណ ៥០ នាក់ផងដែរ។
សិក្ខាសាលានេះមានគោលបំណង ដើម្បីប្រមូលធាតុចូលសំដៅធ្វើឱ្យប្រសើរឡើងដល់ផែនទីបង្ហាញផ្លូវរៀបចំស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ដែលជាផ្នែកមួយសំខាន់ក្នុងការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។
លោក ឈួន វ៉ន់ បានជំរុញលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ផ្តល់មតិយោបល់ ក៏ដូចជាធាតុចូលឱ្យបានផុសផុល ដើម្បីឱ្យផែនទីចង្អុលផ្លូវនេះកាន់តែមានភាពប្រសើរឡើង និងកាន់តែមានសារៈសំខាន់សម្រាប់ការប្រើប្រាស់នៅថ្ងៃអនាគតតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមផ្តល់មតិយោបល់ ក៏ដូចជាធាតុចូលឱ្យច្រើន ដើម្បីឱ្យការសិក្សាផែនទីបង្ហាញផ្លូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីមានភាពស៊ីជម្រៅ និងផ្អែកតាមបទពិសោធដែលបានជួបប្រទះ ដើម្បីទទួលបានលទ្ធផលល្អក្នុងការជំរុញឱ្យផែនទីបង្ហាញផ្លូវនេះមានព័ត៌មានគ្រប់ជ្រុងជ្រោយលើការកំណត់ទីតាំងស្ថានីយសាកយានយន្តអគ្គិសនីឱ្យស្របតាមតម្រូវការក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
បច្ចុប្បន្ននេះក្រសួងសាធារណការមានឧបករណ៍បញ្ចូលថាមពល យានយន្តអគ្គិសនីសរុបចំនួន ៥ គ្រឿង។ ក្នុងនោះ ៤ គ្រឿង ជាជំនួយរបស់អង្គការ UNDP និង ១ គ្រឿងទៀតជារបស់ក្រុមហ៊ុនប្រេងឥន្ធនៈឈេហ្វរ៉ុន (Chevron) ហើយតាមផែនការ ក្រុមហ៊ុននឹងដំឡើងឧបករណ៍នេះឱ្យបាន ៣០០ គ្រឿងក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់។
បន្ថែមពីលើនេះ ដៃគូឯកជន (China Chamber of Commerce) ក៏បានសន្យាគាំទ្រការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដោយជាជំហានដំបូងផ្តល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ១០ គ្រឿង។ ក្រៅពីនេះ ក្រសួងក៏បានជួបជាមួយតំណាងក្រុមហ៊ុនប្រេងឥន្ធនៈធំៗចំនួន ៥ ផងដែររួមមាន៖ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនកម្ពុជាតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនភីធីធី ដើម្បីពិភាក្សាស្តីពីការដំឡើងឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមទីតាំងនៃបណ្តាស្ថានីយប្រេងឥន្ធនៈទាំងនេះផងដែរ៕