ព្រះវិហារៈ កសិករចំនួន ៥១ នាក់ក្នុងខេត្តព្រះវិហារត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីដាំដុះរមៀតសាកល្បង សម្រាប់នាំចេញទៅផ្សារអន្តរជាតិ ដើម្បីរួមចំណែកក្នុងការថែរក្សាព្រៃឈើ និងជីវចម្រុះផ្សេងៗ។ នេះបើយោងតាមគម្រោង USAID ព្រៃឡង់បៃតង។
គម្រោង USAID ព្រៃឡង់បៃតងបានផ្តល់ជំនួយដល់ក្រុមហ៊ុនក្រាស្នាមេនេញមិន (Krassna Management) ក្នុងការគាំទ្រកម្មវិធីដាំដុះរមៀតសម្រាប់ប្រជាកសិករក្នុងខេត្តព្រះវិហារ។
តាមរយៈកិច្ចប្រជុំជាច្រើនជាមួយសហករណ៍កសិកម្មនៅក្នុងស្រុកឆែប និងស្រុកគូលែន ដើម្បីផ្សព្វផ្សាយពីកម្មវិធីដាំដុះរមៀត ក្រុមហ៊ុនក្រាស្នាបានជ្រើសរើសកសិករចំនួន ៥១ នាក់ ឱ្យចូលរួមក្នុងកម្មវិធីនេះ ដោយបានសាកល្បងដាំរមៀតលើផ្ទៃដីប្រមាណ ៣៤ ហិកតា។
ក្រុមហ៊ុនក្រាស្នានឹងផ្តល់គ្រាប់ពូជរមៀតដែលមានគុណភាពល្អឱ្យជាកម្ចីដែលកសិករនឹងត្រូវសងនៅពេលក្រុមហ៊ុនទិញរមៀតពីការប្រមូលផលរបស់កសិករដែលបានចុះកិច្ចសន្យា។
ក្រុមហ៊ុនក៏នឹងផ្តល់ជំនួយបច្ចេកទេសលើការរៀបចំដី និងការប្រើប្រាស់ដំណាំគម្រប ដើម្បីរក្សាគុណភាពដី ការថែទាំស្មៅ ការគ្រប់គ្រងជំងឺ បច្ចេកទេសប្រមូលផល និងការរក្សាទុករមៀត។ លើសពីនេះ ក្រុមហ៊ុននឹងទិញរមៀតទាំងអស់ដែលផលិតតាមរយៈកម្មវិធីនេះ។
កសិករដែលចូលរួមក្នុងកម្មវិធីដាំរមៀតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិរក្ស ដោយសន្យាថានឹងមិនធ្វើការកាប់រានដីខុសច្បាប់ ឬការបរបាញ់ខុសច្បាប់ និងចូលរួមក្នុងការអភិរក្សសហគមន៍តំបន់ការពារធម្មជាតិរបស់ពួកគេ។ ដូចនេះ កម្មវិធីនេះមិនត្រឹមតែលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងរួមចំណែកដល់ការការពារព្រៃឈើ និងជីវចម្រុះផងដែរ។
គម្រោង USAID ព្រៃឡង់បៃតងឱ្យដឹងថា ការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់សហគម៍ជនបទ ជួយកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិក្នុងតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ៕