ភ្នំពេញៈ មន្ទីរពេទ្យគន្ធបុប្ផាបានធ្វើការវះកាត់យកដុំសាច់ធំទំហំ ៣x៤ សង់ទីម៉ែត្រ និងមានទឹកដក់ក្នុងខួរក្បាលរបស់កុមារ អាយុ ២ឆ្នាំម្នាក់បានដោយសុវត្ថិភាព។
យោងតាមទំព័រហ្វេសប៊ុក Dr. Beat Richner នាថ្ងៃទី៧ ខែកក្កដា បានឱ្យដឹងថា ក្មេងប្រុសម្នាក់ អាយុ ២ឆ្នាំ មកពីស្រុក ជើងព្រៃ ខេត្តកំពង់ចាម បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យរវ្ម័នទី៧ ខេត្តសៀមរាប កាលពីថ្ងៃទី ២៣ ខែឧសភា ដោយមានអាការៈឈឺក្បាល និងក្អួតរយ:ពេល ៧ថ្ងៃ។
ហ្វេសប៊ុកដដែលបញ្ជាក់ថា បន្ទាប់ពីចូលសម្រាកនៅមន្ទីរពេទ្យនេះ ក្រុមគ្រូពេទ្យបានធ្វើការព្យាបាល និងថតឆ្លុះខួរក្បាលដោយម៉ាស៊ីន MRI និងរកឃើញថា មានដុំសាច់ធំទំហំ ៣x៤ សង់ទីម៉ែត្រ និងមានទឹកដក់ក្នុងខួរក្បាល។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «ក្រុមគ្រូពេទ្យបានធ្វើការវះកាត់យកបានដុំសាច់ទាំងមូល ដោយសុវត្ថិភាព។ សូមអរគុណ និង កោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសវះកាត់ប្រព័ន្ធសរសៃប្រសាទ នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)»៕