ព្រះវិហារៈ សត្វខ្ទីង ២ ក្បាល (កូនតូច ១) ត្រូវបានប្រទះឃើញដើរស៊ីស្មៅ ជាមួយហ្វូងគោរបស់អ្នកស្រុកនៅក្នុងព្រៃរបោះ នៅខេត្តព្រះវិហារ ហើយវត្តមាននៃសត្វខ្ទីងដែលជាសត្វកម្រនេះ គឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវចម្រុះពិភពលោក។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់ភ្នំពេញប៉ុស្តិ៍ថា យោងតាមការបញ្ជាក់របស់ក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ សត្វខ្ទីង ២ ក្បាល (ខ្ទីងញី និងកូន ១) បានវិលចូលក្នុងព្រៃនៃតំបន់អភិរក្សវិញហើយនៅរសៀលថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២២ ក្រោយពីដាច់ហ្វូង និងរត់ចូលហ្វូងគោរបស់អ្នកស្រុក រកស៊ីជាមួយគ្នា។
លោកថា៖ «មន្ត្រីឧទ្យានុរក្សបាននិងកំពុងបន្តតាមដានបន្ថែម និងធ្វើយ៉ាងណាឱ្យសត្វខ្ទីងដាច់ហ្វូងម៉ែកូនទាំង ២ នេះ ចូលព្រៃវិញដោយសុវត្ថិភាព មិនប៉ះជាមួយអន្ទាក់ ឬព្រានព្រៃ»។
លោកបន្តថា សម្រាប់វត្តមាន និងទិន្នន័យរបស់សត្វខ្ទីងនៅកម្ពុជា មិនទាន់មានទិន្នន័យច្បាស់លាស់ថាមានសត្វខ្ទីងចំនួនប៉ុន្មានឡើយ ប៉ុន្តែយោងតាមទិន្នន័យទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ និងការរាយការណ៍ពីមន្ត្រីឧទ្យានុរក្ស ដែលបានចុះល្បាតនៅតាមតំបន់ការពារធម្មជាតិ សត្វខ្ទីងកំពុងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិនានា។
លោកបានឱ្យដឹងទៀតថា កន្លងទៅនៅក្នុងហ្វូង ខ្ទីងដែលថតបាន ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ គឺមានវត្តមានកូនខ្ទីង និងសត្វខ្ទីងជំទង់ជាច្រើន ដែលនេះបង្ហាញថា សត្វខ្ទីងនៅតែបន្តមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងបានបន្តពូជបង្កើតកូនតូចៗជាច្រើនដែលជាផ្នែកមួយនៃការរក្សាបានប្រភេទពូជសត្វដ៏កម្ររបស់ពិភពលោកនៅកម្ពុជា និងការថែរក្សាបាននូវទីជម្រកប្រកបដោយសុវត្ថិភាពសម្រាប់ពួកវារស់នៅ។
លោកថា៖ «ការរកឃើញវត្តមានសត្វខ្ទីង និងកូនខ្ទីងនៅកម្ពុជាជាបន្តបន្ទាប់ ជាក្តីសង្ឃឹមថ្មីមួយសម្រាប់ក្រុមអ្នកអភិរក្ស និងសម្រាប់ជីវចម្រុះពិភពលោក»។
លោក នេត្រ ភក្រ្តា បន្តថា ដើម្បីធានានូវនិរន្តរភាព នៃវត្តមានសត្វខ្ទីង ក៏ដូចជាប្រភេទសត្វកម្រដទៃទៀត នៅព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថានក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលនឹងបន្តពង្រឹងការអនុវត្តច្បាប់លើកិច្ចការពារ និងគ្រប់គ្រងអភិរក្សជីវចម្រុះ សត្វព្រៃគ្រប់ប្រភេទ ការការពារឱ្យបានល្អប្រសើរ នូវតំបន់ការពារធម្មជាតិដែលជាទីជម្រករបស់សត្វព្រៃ និងថែរក្សាប្រភពទឹក និងប្រភពចំណីអាហាររបស់សត្វព្រៃ។
លោកបន្តទៀតថា ក្រសួងក៏បានបង្កើនការអប់រំផ្សព្វផ្សាយពីច្បាប់ និងសារៈសំខាន់នៃការថែរក្សាព្រៃឈើសត្វព្រៃ ដើម្បីអនុញ្ញាតឱ្យជីវៈចម្រុះ ជាពិសេសសត្វកម្រដែលជិតផុតពូជនៅលើពិភពលោក បន្តរស់នៅ និងបន្តពូជ បន្សល់ទុកជាសម្បត្តិធម្មជាតិសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
លោកថា៖«ក្រសួងបរិស្ថាន នឹងបន្តសហការជាមួយអង្គការដៃគូនានា ដែលបានសហការក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា ដើម្បីថែរក្សាការពារឱ្យបានគង់វង្សនូវធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ»។
បើតាមក្រសួងបរិស្ថាន តាមការសិក្សារបស់អ្នកជំនាញ សត្វខ្ទីងនៅកម្ពុជាមានការធ្លាក់ចុះប្រមាណជាង ៥០% នៅក្នុងអំឡុងពេលចន្លោះពីឆ្នាំ ១៩៦០ មកដល់ដើមឆ្នាំ១៩៩០។ ចំនួននេះត្រូវបានរកឃើញថា មានការធ្លាក់ចុះបន្ថែមទៀតរហូតមកដល់ពេលនេះ។
តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ បច្ចុប្បន្ននេះ ចំនួនប្រជាសាស្ត្រនៃសត្វខ្ទីងនៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ១៥ ០០០ ទៅ ៣៥ ០០០ ក្បាល ហើយក្នុងនោះ បើយោងតាមទិន្នន័យ ចំនួនសត្វខ្ទីងពេញវ័យអាចមានចន្លោះពី ៦ ០០០ ទៅ ២១ ០០០ ក្បាលប៉ុណ្ណោះ។
បច្ចុប្បន្ននេះ ខ្ទីងកំពុងមានវត្តមានរស់នៅក្នុងប្រទេសប៊ូតង់ កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ថៃនិងវៀតណាម ប៉ុន្តែបានផុតពូជនៅក្នុងប្រទេសស្រីលង្កា និងប្រទេសបង់ក្លាដេស។
លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា ក្នុងនាមក្រសួងបរិស្ថាន សូមអំពាវនាវដល់ជនរួមជាតិ ត្រូវចូលរួមការពារ និងអភិរក្សសត្វព្រៃ ជាពិសេសសត្វព្រៃកម្រៗនៅលើពិភពលោកដែលមានវត្តមាននៅកម្ពុជា សម្រាប់ឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងបានឃើញ ដោយបញ្ឈប់ការបរិភោគសាច់សត្វព្រៃ និងកុំជឿថា បរិភោគសាច់សត្វព្រៃផ្តល់នូវសុខភាពល្អ។
លោកសង្កត់ធ្ងន់ថា៖ «ជាមួយគ្នានេះ សមត្ថកិច្ចពាក់ព័ន្ធនឹងអនុវត្តច្បាប់ប្រឆាំងនឹងជនល្មើសសម្លាប់សត្វដោយមិនលើកលែងឡើយ»៕