ស្ទឹងត្រែងៈ ក្នងរយៈពេលជាង ៦ ឆ្នាំកន្លងមកនេះ គ្រាប់ត្នោតជាង ២០ ម៉ឺនគ្រាប់ ត្រូវបានដាំនៅតាមព្រំដែនកម្ពុជាឡាវ នៃខេត្តស្ទឹងត្រែង ដើម្បីរក្សាអត្តសញ្ញាណជាតិផង និងរក្សាបាននូវបូរណភាពទឹកដីនៅជាប់ព្រំដែនផង។
អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង កាលពីថ្ងៃទី ៩ ខែកក្កដា បានដឹកនាំមន្រ្តីរាជការ និងក្រុមយុវជន នាំយកគ្រាប់ត្នោតទៅដាំនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងគោលបំណងរក្សាឱ្យបាននូវបូរណភាពទឹកដី និងជាប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយបានដឹង បានស្គាល់ និងចេះស្រឡាញ់អ្វីដែលជាអត្តសញ្ញាណជាតិ។
លោក ស្វាយ សំអ៊ាង បានលើកឡើងថា៖ «ដើមត្នោតជារុក្ខជាតិដែលផ្តល់នូវគុណសម្បត្តិច្រើនយ៉ាងដល់ ប្រជាជនខ្មែរតាំងពីសម័យបុរាណកាលមក និងជានិមិត្តសញ្ញាតំណាងអត្តសញ្ញាណជាតិដួងព្រលឹងជាតិ ដែលប្រជាជនខ្មែរ សម្គាល់ដើមត្នោតមានដុះនៅទីណា ទីនោះជាទឹកដីរបស់ខ្លួនតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន»។
ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង លោក អ៊ុក ធារី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការដាំគ្រាប់ត្នោតនេះ បើគិតតាំងពីឆ្នាំ ២០១៦ មក ដាំបានជាង ២០ ម៉ឺនគ្រាប់ហើយ ខណៈការដាំលើកទី៦ មានចំនួន ៣ ម៉ឺនគ្រាប់។ ការរៀបចំដាំដើមត្នោតនេះ ដើម្បីបង្ហាញនិមិត្តសញ្ញាខ្មែរ និងជាមោទនភាពមួយដែលចង់បង្ហាញថា ទឹកដីកម្ពុជាយើងមានដើមត្នោតនៅតាមខ្សែបន្ទាត់ព្រំដែន និងដើម្បីជារបាំងការពារបូរណភាពទឹកដី។
លោកបានឱ្យដឹងថា សម្រាប់ខេត្តស្ទឹងត្រែង មិនសូវសំបូរដើមត្នោតដូចនៅខេត្តតាកែវ និងខេត្តកំពង់ស្ពឺនោះទេ ប៉ុន្តែដោយសារ បន្ទាប់ពីមានការបោះបង្គោលព្រំដែនជាមួយភាគីឡាវ បានជាច្រើនរួចមក ទើបអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ ដោយផ្តួចផ្តើមគំនិតនេះឡើងក្នុងការរៀបចំទិញគ្រាប់ត្នោត ដើម្បីយកមកដាំ ចាប់តាំងពីឆ្នាំ ២០១៦ មកម៉្លេះ។
លោកថា៖ «ឃើញថា ការដាំចាប់ពីឆ្នាំ ២០១៦ គ្រាប់ត្នោតចាប់ផ្តើមដុះជាបណ្តើរៗបានប្រមាណ ៤០ ភាគរយ នៃចំនួនសរុប គ្រាប់ខ្លះដុះចេញក្បាល ខ្លះលូតលាស់លឿន ខ្លះដុះចេញសន្លឹក ហើយជាទូទៅការដាំត្នោតត្រូវចំណាយរយៈពេលចន្លោះពី ៧ ទៅ ១០ ឆ្នាំ ដើម្បីទទួលបានផល»។
លោកបានឱ្យដឹងទៀតថា ជាគម្រោងរបស់ខេត្ត បន្ទាប់ពីការដាំដើមត្នោត ខេត្តក៏មាន កម្មវិធីបំផុស និងការរៀបចំកម្មវិធីរុក្ខទិវា រៀងរាល់ឆ្នាំ ដោយដាំដើមឈើនៅតាមតំបន់រមណីយដ្ឋានធម្មជាតិ នៅតាមជើងភ្នំ និងតំបន់មួយចំនួនទៀត ដើម្បីឱ្យតំបន់ដែលមានដើមឈើរេចរឹលកើតឡើងវិញស្រស់បំព្រង។
បើតាមលោក អ៊ុក ធារី ខេត្តស្ទឹងត្រែង មានប្រវែងជាង ២៥០គីឡូវម៉ែត្រនៅជាប់ព្រំដែនឡាវ ហើយក្នុងនោះ ថ្នាក់ខេត្តបានដាំគ្រាប់ត្នោតនៅព្រំដែនបានប្រហែល ១០០គីឡូម៉ែត្រ នឹងមានគម្រោងដាំជាបន្តបន្ទាប់ទៀត។
បើតាមលោក ធារី គ្រាប់ត្មោតដែលបានដាំនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ នៅខេត្តស្ទឹងត្រែង មានចំនួន ០៦ លើក ដោយលើកទី១ ឆ្នាំក្នុង ២០១៦ បាន ១១ ៥០០ គ្រាប់ លើកទី២ ឆ្នាំ ២០១៧ បាន ១០ ០០០ គ្រាប់ លើកទី៣ ឆ្នាំ ២០១៨ ដាំបាន ២៥ ០០០ គ្រាប់ លើកទី៤ ឆ្នាំ ២០១៩ ដាំបាន ៣០ ០០០ គ្រាប់ លើកទី៥ ដាំបាន ១០០ ០០០ គ្រាប់ និងលើកទី៦នេះ ដាំបាន ៣០ ០០០ គ្រាប់ សរុបមកដាំបាន ២០៦ ៥០០ គ្រាប់។
លោកបានឱ្យដឹងថា ការដាំគ្រាប់ពូជត្នោតលើកទី០៦នេះ ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែងសម្រេចដាំ តាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ចាប់ពីចំណុចបង្គោលព្រំដែនលេខ ០៤២ ទៅបង្គោលព្រំដែនលេខ ០៤៩ ដែលមានប្រវែង ១០ គីឡូម៉ែត្រ៕