​ភ្នំពេញៈ គិតត្រឹម​ថ្ងៃ​ទី​ ០៨ ខែ​កក្កដា ​កម្ពុជា​មិន​ទាន់​មាន​ករណី​ជំងឺអុត​ស្វា​នៅឡើយ​ទេ តែទោះជា​យ៉ាង​ណា លោក ម៉ម ប៊ុន​ហេង រដ្ឋមន្រ្តី​ក្រសួង​សុខា​ភិបាល នៅតែ​ធ្វើការ​អំពាវ​នាវ និង​ក្រើន​រំលឹក​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ត្រូវមា​ន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​វិធាន​ការ​បង្ការ​ការ​ចម្លង​ជំងឺ​ផ្ទាល់​ខ្លួន​ទៅ​អ្នក​ដទៃ ដែល​អា​ច​កើត​មាន​ឡើង​ជាយ​ថា​ហេតុ​។

លោក​រដ្ឋ​មន្រ្តី​បាន​​លើក​ឡើង​បែប​នេះ ​តាម​រយៈ​សេចក្តី​ណែនាំក្រើ​ន​រំលឹក ​ពី​ការ​បង្ការ​ការ​ចម្លង​ជំងឺ​អុតស្វា (Monkeypox) នា​ថ្ងៃទី​ ១១ ខែ​កក្កដា ដោយ​លោក​បាន​បន្ត​ថា ចាប់​តាំងពី​ថ្ងៃ​ទី ០១ ខែ​មករា ​ដល់​ថ្ងៃទី​ ០៧ ខែ​កក្កដា ឆ្នាំ​ ២០២២​ នេះ​​ របាយ​ការណ៍​អង្គការ​សុខ​ភាព​ពិភព​លោក​ បាន​បញ្ជាក់​ពីករណី​អុតស្វាមា​ន​ចំនួន​ ៧ ៨៩២ និង​ស្លាប់ ៣​ នាក់​។

ចំនួន​ឆ្លង​និង​ស្លាប់​នេះ​ ត្រូវ​បា​ន​រាយការណ៍​ពី ៦៣ ​ប្រទេស ក្នុង​តំបន់​ចំនួន ៥​ របស់​អង្គការ​សុខ​ភាព​ពិភព​លោក (តំបន់​អាមេ​រិក អា​ហ្វ្រិក អឺរ៉ុប មេឌី​ទែរ៉ាណេ​ខាង​កើត និង​អាស៊ី​ប៉ាស៊ីហ្វិក​ខាង​លិច) ក្នុង​នោះ ៩៨ ​ភាគ​រយ​នៃ​ករណី​អុត​ស្វា កើត​មាន​ពីថ្ងៃទី​ ១២ ខែ​ ឧសភា ឆ្នាំ​ ២០២២។

​បើតាម​ការ​រាយ​ការណ៍​បង្ហាញ​ថា ​ការ​រាត​ត្បាត​នៃជំងឺ​អុត​ស្វាបន្ត​កើត​មាន​ជាចម្បង​លើបុរស​ដែល​រួម​ភេទ​ជា​មួយ​បុរស​ជាមួយ​ដៃ​គូថ្មី ឬ​ច្រើន​នាពេល​ថ្មីៗ​នេះ។ ​

ខណៈ​ពេល​ដែល​ការ​ស៊ើប​អង្កេត​អេពី​ដេមី​សាស្ត្រ​អំពី​ការ​រាត​ត្បាត​កំពុ​ងបន្ត​ ករណីជំងឺ​អុត​ស្វាដែ​លបាន​រាយ​ការណ៍​ភាគ​ច្រើន គឺតាម​រយៈការ​​ប្រើប្រាស់​សេវា​សុខភាព​ផ្លូវ​ភេទ ឬ​សេវា​សុខ​ភាព​ផ្សេង​ទៀត នៅ​តាម​គ្រឹះ​ស្ថាន​ថែទាំសុខ​ភាព​បឋម ឬ​មន្ទីរ​ពេទ្យ​។

​​

ពាក់​ព័ន្ធ​នឹង​ការ​ការពារ​ពី​ជំងឺ​អុត​ស្វា​នេះ លោក ម៉ម ប៊ុន​ហេង បាន​អំពាវ​នាវ​ដល់​មន្ត្រី​ប្រចាំការ​នៅ​ច្រក​ចេញ-ចូល​អន្តរ​ជាតិ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ​មើល​ឱ្យ​បាន​ហ្មត់​ចត់​នូវ​អ្នកដំណើរ​ចូលមក​កម្ពុជា​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ហាម​ឃាត់​អ្នក​ដំណើរ​មក​ពីប្រទេស​ណាមួ​យ ចូល​មក​កម្ពុជា​នោះ​ទេ គ្រាន់​តែសូមឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​និង​តាម​ដាន​ស្ថាន​ភាព​អ្នក​ដំណើរ​ប៉ុណ្ណោះ​។

លោក​បាន​បន្ត​ថា៖ «បុគ្គល​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ជំងឺ​ ត្រូវ​មាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់ និង​អនុវត្ត​វិធាន​ការ​បង្ការ​ដូចជា ​រក្សា​អនាម័យ​ផ្ទាល់​ខ្លួ​ន​កម្រិត​ខ្ពស់​, ត្រូវ​ចៀសវាង​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​ដំបៅ​លើស្បែក​មនុស្ស ក៏ដូច​ជា​វត្ថុ ឬរបស់​របរ​ដែល​អ្នក​ជំងឺ​ប្រើ​ប្រាស់, ចៀស​វាងប៉ះពា​ល់​សត្វ​ស្លាប់ ឬរស់ ដែល​អាច​ផ្ទុក​វីរុស​អុត​ស្វា ឬមេរោគ​ផ្សេងៗ​ទៀត និងត្រូ​​វ​បរិភោគ​ចំណី​អាហារ​ឆ្អិ​នល្អ​ជា​ដើម​»។

ចំពោះ​បុគ្គលិក​សុខា​ភិបាល​ លោក​ ម៉ម ប៊ុនហេង​ ក៏​បាន​ធ្វើ​ណែនាំ​ដោយ​​សូមឱ្យ​ធ្វើការ​លើក​កម្ពស់​ការ​យល់​ដឹង និង​ការអ​ប់​រំ​អ្នក​កំដរ​អ្នក​ជំងឺ ត្រូវ​ធ្វើ​ជា​ចាំបាច់​ដើម្បី​ទប់​ស្កាត់ ​និង​បញ្ឈប់​ការ​ចម្លង​បាន​ទាន់​ពេល​វេលា ដោយ​ត្រូវតែ​អ​នុវត្តវិ​ធា​ន​កា​រការ​ពារ​ផ្ទាល់​ខ្លួន​យ៉ាង​ម៉ឺង​ម៉ាត់ និង​មានការ​ប្រុង​ប្រយ័ត្ន ដោយ​មាន​ការ​គ្រប់​គ្រង ការ​ចម្ល​ងរោគ​ឆ្លង​នៅក្នុង​មន្ទីរ​ពេទ្យ​ឱ្យ​បាន​ត្រឹម​ត្រូវ។

​​គួរ​បញ្ជាក់​ផងដែរ​ថា បុគ្គល​ដែល​អាច​សង្ស័យ​ថា​ ខ្លួន​កើត​ជំងឺ​អុតស្វា ​មានរោគ​សញ្ញាដូច​ជា ចេញ​កន្ទួល​រមាស់​បែប​ពង​ទឹក​នៅ​លើផ្ទៃ​មុខ ដង​ខ្លួន បាត​ដៃ បាត ជើង ឬ​ប្រដាប់​ភេទ អម​ដោយ​រោគសញ្ញា​ក្តៅខ្លួន​លើស​ពី ៣៨,៥ អង្សា​សេ និង​មាន​ឈឺក្បាល ហើម​កូន​កណ្តុរ ឈឺ សាច់ដុំ​និង​ខ្លួន​ប្រាណ ឈឺច​ង្កេះ អស់​កម្លាំង​ខ្លាំង រួម​ជាមួយ​នឹង​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​មាន​កើត​ជំងឺ​អុត​ស្វាផង​ដែរ​៕