ភ្នំពេញៈ ថ្នាក់ដឹកនាំនៃក្រសួងការងារ អំពាវនាវឱ្យសហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនស្ថិតក្រោមច្បាប់ការងារ ដែលមិនទាន់បានចុះបញ្ជីនៅបេឡាជាតិរបបសន្តិសុខសង្គម (បសស) ចូលរួមចុះបញ្ជីចាប់ពីពេលនេះតទៅ ខណៈសហគ្រាស គ្រឹះស្ថានជាង ១ ម៉ឺនស្ថាប័ន ដែលមានស្រាប់ នឹងចូលជាស្វ័យប្រវត្តិ ក្នុងការបំពេញកាតព្វកិច្ចបង់ប្រាក់សោធននិវត្តន៍ សម្រាប់អត្ថប្រយោជន៍បុគ្គលិក និយោជក។
ការអំពាវនាវនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ នៅថ្ងៃទី ១១ កក្កដា។ កិច្ចប្រជុំនេះគឺជាយុទ្ធនាការលើកទី១ នៃយុទ្ធនាការ ៩០ ថ្ងៃ ក្នុងការផ្សព្វផ្សាយពីកាតព្វកិច្ច និងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត។
លោក អ៊ុក សមវិទ្យា អគ្គនាយក បសស បានថ្លែងក្នុងឱកាសនោះថា ដោយសារតែការកាត់ប្រាក់ភាគទាន នឹងចូលជាធរមាន នៅខែតុលាខាងមុខ គ្រប់បណ្តាសហគ្រាស គ្រឹះស្ថានថ្មីៗ ដែលមិនទាន់ចុះបញ្ជី នៅបសស គួរតែចូលរួមចុះបញ្ជីឱ្យបានទាន់ពេល ដើម្បីចូលរួមបំពេញកាតព្វកិច្ចឱ្យបានគ្រប់គ្នា។ លោកជំរុញឱ្យគ្រប់បណ្តាសហគ្រាស និងគ្រឹះស្ថានទាំងចាស់និងថ្មី ចូលរួមបំពេញកាតព្វកិច្ចឱ្យបានគ្រប់ៗគ្នា ដើម្បីផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកខ្លួន នៅពេលដល់វ័យចាស់ជរា។
លោកបញ្ជាក់ថា៖ «អ្នកដែលបានចុះបញ្ជីហើយ យើងមិនត្រូវឱ្យគាត់ចុះបញ្ជីថ្មីទេ។ សម្រាប់សហគ្រាសមិនទាន់បានចុះបញ្ជី យើងសុំអញ្ជើញឱ្យគាត់មកចុះបញ្ជីចាប់ពីពេលនេះតទៅដែលអន្តរក្រសួងបានប្រកាសរួចហើយ។ ការចុះបញ្ជីនេះ គឺចុះបញ្ជីទាំងខ្លួនឯងផង ទាំងកម្មករនិយោជិតផង ព្រោះយើងថ្មី ត្រូវចុះចាប់ពីពេលនេះទៅ។ យើងមានពេល ៣ខែសម្រាប់រៀបចំ»។
លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងនាឱកាសនោះដែរថា ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ គឺជាជំហានថ្មីមួយទៀត ដែលជាជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា។
លោកបន្តថា ការអនុវត្តរបបថ្មីនេះ ក៏ជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំប្រកបដោយចីរភាពនិងបរិយាប័ន្ន ដើម្បីជាប្រយោជន៍ សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចូលក្នុងភាពក្រីក្រនៅពេលចូលដល់វ័យចាស់ជរា។
លោករដ្ឋមន្ត្រី និយាយថា ដោយសារតែរបបនេះ ទើបតែដាក់ឱ្យអនុវត្ត ដូច្នេះការផ្សព្វផ្សាយពីគោលនយោបាយនានា គឺត្រូវតែលម្អិត ដើម្បីធ្វើយ៉ាងណាឱ្យបណ្តាសហគ្រាស និងគ្រឹះស្ថាននានា បានយល់ដឹង និងត្រៀមខ្លួន ក្នុងការបំពេញកាតព្វកិច្ចថ្មី។
លោកបញ្ជាក់ថា៖ «ការងាររាជធានីខេត្ត គឺត្រូវតែយល់ដឹងឱ្យបានច្បាស់ពីកិច្ចការងារនេះ។ យើងមិនមែនទម្លាក់បន្ទុកកិច្ចការនេះទៅឱ្យ បសស ផ្សព្វផ្សាយនោះទេ នេះ គឺជាក្របខ័ណ្ឌរបស់ក្រសួង របស់រដ្ឋាភិបាល។ ខ្ញុំសូមជម្រាបជូនពីសារៈសំខាន់នៃយុទ្ធនាការនេះ»។
ច្បាប់ស្តីពីរបបសន្តិសុខសង្គមបានកំណត់ការគ្រប់គ្រងរបបសន្តិសុខសង្គមក្នុងប្រទេសចំនួន ៤ ដែលរួមមាន ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ។ មកដល់ពេលនេះ កម្ពុជា បានអនុវត្តរបបសន្តិសុខសង្គមចំនួន៣រួចមកហើយ គឺទី១. ផ្នែកហានិភ័យការងារអនុវត្តនៅឆ្នាំ ២០០៨ ទី២. ផ្នែកថែទាំសុខភាពអនុវត្តនៅឆ្នាំ ២០១៦ និងទី៣. ផ្នែកប្រាក់សោធន ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២២។ នេះបើតាមលោក អ៊ិត សំហេង។
គិតត្រឹមខែមិថុនា បសស បានទទួលចុះបញ្ជីសហគ្រាស គ្រឹះស្ថានក្នុងវិស័យឯកជនប្រមាណ ១ ម៉ឺនស្ថាប័ន ដោយក្នុងនោះ មានបុគ្គលិកប្រមាណ ២ លាននាក់ បាននិងកំពុងស្ថិតក្នុងបញ្ជីរបស់ បសស ដើម្បីទទួលអត្ថប្រយោជន៍ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពនៅកម្ពុជា។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លើកឡើងថា គោលការណ៍នេះគឺជាផ្នែកមួយនៃផែនការរបស់មូលនិធិសន្តិសុខសង្គមជាតិដែលមានស្រាប់ ហើយសមាជិករបស់ GMAC ក៏កំពុងត្រៀមខ្លួនដើម្បីចូលរួមក្នុងការអនុវត្តច្បាប់។
ទោះជាយ៉ាងណា លោក ម៉ូនីកា ថ្លែងថា កិច្ចការងារនេះ នឹងបន្ថែមការចំណាយបន្ថែមទៀតដល់និយោជក នៅពេលមានការលំបាកខាងសេដ្ឋកិច្ច និងមុនពេលនៃការពិនិត្យឡើងវិញអំពីប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ ២០២៣ ដែល វានឹងក្លាយជាឆ្នាំដ៏លំបាក សម្រាប់ឧស្សាហកម្មទាក់ទងនឹងការកើនឡើងនៃថ្លៃដើម។
លោកបញ្ជាក់ថា៖ «យើងអំពាវនាវឱ្យក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល បន្តធ្វើកំណែទម្រង់រដ្ឋបាលចាំបាច់ ដើម្បីសម្រួលដល់បរិយាកាសធុរកិច្ចនៅក្នុងប្រទេស។ យើងក៏សូមអំពាវនាវដល់កម្មករ សហជីព សហការដោយស្មោះត្រង់ជាមួយនិយោជក ដើម្បីជួយលើកកម្ពស់ផលិតភាព ដើម្បីទូទាត់ការកើនឡើងថ្លៃដើម ដែលអាចបំផ្លាញដល់ការប្រកួតប្រជែងក្នុងវិស័យរបស់យើង»៕