ព្រះសីហនុ/កោះកុងៈ អភិបាលខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តកោះកុង បានប្រកាសណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវប្រាប់ទៅប្រជាពលរដ្ឋ សូមកុំឱ្យធ្វើដំណើរឆ្លងកាត់លំហសមុទ្រ និងកុំចេញទៅ នេសាទ ខណៈដែលក្រសួងធនធានទឹកនិងឧត្តុនិយម បានប្រកាសឱ្យមានការប្រុងប្រយ័ត្ន ចំពោះអាកាសធាតុអាក្រក់ ដែលនឹងកើតឡើងពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ កក្កដា។
តាមរយៈសារសំឡេងផ្ញើជូនអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី ១១ ខែ កក្កដា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យមានការហាមឃាត់ ចំពោះការធ្វើដំណើរ តាមទូកទៅលំហសមុទ្រ កោះ ឆ្នេរ ក្នុងអំឡុងថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែកក្កដា ដើម្បីការពារការជួបគ្រោះថ្នាក់ ឬការជាប់គាំង ដែលបង្កឱ្យមានគ្រោះមហន្តរាយណាមួយកើតឡើង ។
លោកអភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់ តាមដានដោយយកចិត្តទុកដាក់ចំពោះការរស់នៅ របស់ប្រជាពលរដ្ឋដោយផ្អែកទៅលើបញ្ហាអាកាសធាតុនេះ ត្រូវចាត់ចែងការងារឱ្យបានហ្មត់ចត់បំផុត ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ ប្រជានេសាទ ឬភ្ញៀវទេសចរ ។
លោកថ្លែងថា៖ «សូមឱ្យមានការហាមឃាត់ការធ្វើដំណើរតាមទូកទៅលំហសមុទ្រកោះឆ្នេរក្នុងរយៈពេលនេះ ព្រោះដើម្បីបញ្ចៀសកុំឱ្យ មានគ្រោះថ្នាក់ ឬការជាប់គាំងណាមួយ ដែលអាចធ្វើឱ្យមានមហន្តរាយផ្សេងៗ ហើយក៏សូមឱ្យរកគ្រប់មធ្យោយបាយដើម្បីផ្តល់ដំណឹងដល់បងប្អូនប្រជានេសាទ ដែលពួកគាត់កំពុងស្ថិតនៅក្នុងលំហសមុទ្រ» ។
ចំណែករដ្ឋបាលខេត្តកោះកុង ក៏បានប្រកាសជម្រាបជូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ អំពីបញ្ហាអាកាសធាតុអាក្រក់នេះផងដែរ។ តាមរយៈហ្វេសប៊ុករដ្ឋបាលខេត្តកោះកុងនៅថ្ងៃទី ១១ ខែ កក្កដាបញ្ជាក់ថា៖«ដោយសារអាកាសធាតុអាក្រក់ខ្លាំង ពុំគួរធ្វើនាវាចរ អ្នកធ្វើដំណើរ អ្នកនេសាទចេញទៅសមុទ្រពីថ្ងៃទី ១១-១៤ ខែ កក្កដា ឆ្នាំ ២០២២ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ»។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម នៅថ្ងៃទី ១១ ខែកក្កដា បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដានការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ បានបង្ហាញឱ្យឃើញថា ដោយទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយ នៅលើសមុទ្រចិនខាងត្បូង រួមជាមួយ និងមូសុងនិរតីបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជាផងនោះ បានធ្វើឱ្យបណ្តាខេត្ត និងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្នុងលិខិតជូនដំណឹងបញ្ជាក់ថា៖ «ក្នុងនោះនៅថ្ងៃទី ១១-១៤ ខែកក្កដា តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ដែលអាច ធ្វើឱ្យផ្នែកមួយចំនួន នៅក្នុងភូមិសាស្ត្រ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ អាចជួបប្រទះនូវជំនន់ទឹកភ្លៀង។ ទន្ទឹមនោះនៅលើផ្ទៃសមុទ្រនឹងមានភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ» ។
ក្រសួងធនធានទឹកសូមឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។
សេចក្តីជូនដំណឺងរបស់ក្រសួងធនធានទឹកបនេះ គឺបន្ថែមលើសេចក្តីជូនដំណឹង ដែលចេញកាលពីថ្ងៃទី ៥ ខែកក្កដា ដែលបានជូនដំណឹងថា ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែកក្កដា កម្ពុជាបន្តទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលកើតឡើងអូសបន្លាយលើភាគខាងជើង នៃប្រទេសថៃ ឡាវ និងវៀតណាម ជាមួយឥទ្ធិពលខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល អាចមានភ្លៀងពីតិចទៅបង្គួរ ចំណែកតំបន់ខ្ពង់រាបភ្លៀងពីតិចទៅច្រើន លាយឡំដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងមានកន្លែងខ្លះ មានភ្លៀងធ្លាក់ដោយអន្លើ។ ដោយឡែក តំបន់សមុទ្រ អាចមានភ្លៀងពីមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់៕
វីដេអូ៖