ភ្នំពេញៈ «ទឹកចិត្តគ្រូពេទ្យសន្ដោសប្រណីប្រឹងទាំងយប់ថ្ងៃដើម្បីរាស្ត្រខ្មែរចូលរួមស្ម័គ្រចិត្តជាហូរហែដើម្បីរាស្ត្រខ្មែរឆ្លងផុតមរណា»។ នេះជាខ្លឹមនៃបទចម្រៀងមួយបទដែលមានចំណងជើងថា «ស្មារតីគ្រូពេទ្យស្ម័គ្រចិត្តតេជោ»។
អ្វីជាការងារស្ម័គ្រចិត្ត? ការងារស្ម័គ្រចិត្ត គឺជាវិធីដ៏ល្អបំផុត ដើម្បីនាំមកនូវការផ្លាស់ប្តូរក្នុងសហគមន៍របស់អ្នក ហើយក្នុងពេលជាមួយគ្នាធ្វើឲ្យអ្នកអាចទទួលបាននូវបទពិសោធសំខាន់ៗ និងជំនាញទន់ ដូចជាជំនាញប្រាស្រ័យទាក់ទង ជំនាញចរចា និងស្វ័យទំនុកចិត្តជាដើម។
ទោះជាយ៉ាងណាក៏ដោយ ជាការសំខាន់ណាស់ ដែលអ្នកត្រូវធានាថា ការងារស្ម័គ្រចិត្តរបស់អ្នកនឹងរួមចំណែកនាំមកនូវអ្វីដែលល្អប្រសើរចំពោះសង្គមជាជាងនាំមកនូវការឈឺចាប់ទាំងអចេតនាដល់កុមារ និងគ្រួសារដែលអ្នកព្យាយាមជួយ។
នាថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យមានការបង្កើត «ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត» ដែលហ៊ានក្នុងការប្រយុទ្ធជាមួយនឹងសត្រូវឥតស្រមោលនេះ ព្រោះមិនមែនជាការងាយស្រួលទេក្នុងការប្រមូលយកនូវយុវជនដែលជាកូន ជាប្រពន្ធ ជាប្តី របស់គ្រួសារមកប្រយុទ្ធជាមួយនឹងសង្គ្រាមមួយដែលយើងមើលមិនឃើញនោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី ១៧ ខែឧសភា ក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោថា ដោយសារតែទឹកចិត្តនៃការស្រឡាញ់ប្រជាជន ក្រុមយុវជនបានស្ម័គ្រចិត្តចូលរួមប្រឆាំងនឹងជំងឺកូវីដ ១៩ នេះ។
លោកមានប្រសាសន៍ថា៖ «នៅអំឡូងពេលដែលខ្ញុំធ្វើការអំពាវនាវនោះ ប្រទេសយើងមិនមានអ្នកកើតកូវីដ ១៩ ប៉ុន្មាននោះទេ ប៉ុន្តែមកដល់ពេលអ្នកទាំងអស់គ្នាអាចដឹងហើយថា មិនមែនជាការចៃដន្យទេនៃជោគជ័យដែលយើងយកឈ្នះនៃកូវីដ»។
លោកស្រី ពេជ ចន្ទមុនី អនុប្រធានក្រុមប្រឹក្សាពិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងជាប្រធានដឹកនាំក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ ១៩ បានថ្លែងឱ្យដឹងថា ការប្រកាសជ្រើសរើសក្រុមគ្រូពេទ្យស្ម័គ្រចិត្តត្រូវបានចាប់ផ្តើមប្រកាសតាមរយៈបណ្តាញសង្គម ដើម្បីជ្រើសរើសគ្រូពេទ្យស្ម័គ្រចិត្តនៅទូទាំងប្រទេសក្នុងការត្រៀមកម្លាំងជំរុញចូលរួមជាមួយនឹងក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ ១៩។
លោកស្រីបានថ្លែងថា៖ «ដោយកម្លាំងចិត្តមនុស្សធម៌ត្រឹមរយៈពេលតែ ៦ ថ្ងៃ នៃការជ្រើសរើសមានគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៤២២ នាក់ បានចុះឈ្មោះជាមួយនឹងសមាគម។ បន្ទាប់ពីអត្រានៃអ្នកកើតកូវីដ ១៩ បានកើនឡើងជាលំដាប់សមាគមបានជ្រើសរើសគ្រូពេទ្យប្រឆាំងនឹងកូវីដ ១៩ ចំនួន ៣៥០ នាក់បន្ថែមទៀត ដើម្បីសហការជាមួយនឹងក្រសួងសុខាភិបាលក្នុងការចូលរួមព្យាបាលអ្នកជំងឺកូវីដ ១៩ តាមមណ្ឌលព្យាបាលនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តផងដែរ»។
លោកស្រី ពេជ ចន្ទមុនី បានបន្ថែមថា គិតត្រឹមខែឧសភា ឆ្នាំ ២០២២ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោមានសមាជិកកើនឡើងរហូតដល់ ៨ ០៦០ នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ៤ ០៣៦ នាក់។ ក្រុមគ្រូពេទ្យធីតាក៏បានពិនិត្យនិងព្យាបាលជូនគ្រួសារក្រីក្រទូទាំងប្រទេសបានចំនួន ៣ ០៣៩ ៦៤៥ នាក់ ក្នុងនោះក៏មានអ្នកជំងឺធ្ងន់ចំនួន ៦ ២៥១ នាក់ផងដែរ។
អ្នកស្រី សៃ ឆេងឡាយ អតីតគ្រូពេទ្យស្ម័គ្រចិត្តក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ នៅមណ្ឌលសុខភាពស្រងែរំរោង ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងថា អ្នកស្រីបានស្ម័គ្រចូលរួមក្នុងការចាក់វ៉ាក់សាំងកូវីដ ១៩ជូនប្រជាពលរដ្ឋដើម្បីឱ្យពួកគេមានប្រព័ន្ធភាពសុំាការពារពីជំងឺនេះ ហើយក៏ចង់ជួយការពារសហគមន៍មិនឱ្យរងគ្រោះធ្ងន់ធ្ងរពីមេរោគនេះផងដែរ។
អ្នកស្រីបានប្រាប់ថា ការចុះច៉ាក់សាំងនេះអ្នកស្រីក៏មានការបារម្ភពីការឆ្លងជំងឺកូវីដដែរ ប៉ុន្តែអ្នកស្រីតែងតែប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣ ការពារ និង ៣ កុំ រួមនឹងការប្រើប្រាស់សម្លៀកបំពាក់ការពារបន្ថែមទៀតដែរ។
គ្រូពេទ្យស្ម័គ្រចិត្តរូបនេះបានបញ្ជាក់ថា៖ «នៅក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ នេះ មានប្រជាពលរដ្ឋមួយចំនួនមានការរើសអើងចំពោះពួកខ្ញុំដែលជាគ្រូពេទ្យដែរ ដោយសារមុនមានមេរោគកូវីដកើតឡើងនៅពេលខ្ញុំទៅផ្សារឬទៅណាផ្សេងមានគេចូលចិត្តគេនិយាយជាមួយ ប៉ុន្តែនៅពេលមានកូវីដហើយដឹងថា យើងជាគ្រូពេទ្យ គេមិនសូវមើលមុខហើយច្រើនតែដើរចេញឆ្ងាយពីយើង មិនហ៊ាននិយាយរកយើងដូចមុនទេ»។
ទាក់ទងនឹងការងារស្ម័គ្រចិត្តនេះ គឺមិនមានការទទួលប្រាក់កម្រៃឬប្រាក់ឧបត្ថម្ភនោះទេ ប៉ុន្តែដោយសារតែចិត្តស្រឡាញ់ជំនាញជាគ្រូពេទ្យនិងចង់ជួយដល់ប្រជាពលរដ្ឋផងនោះ ទើបធ្វើឱ្យអ្នកស្រី សៃ ឆេងឡាយ ដែលបានបញ្ចប់ជំនាញផ្នែកឆ្មបនៅអំឡុងឆ្នាំ ២០១៨ បានសម្រេចចូលរួមជាគ្រូពេទ្យស្ម័គ្រចិត្តដោយមិនមានការបារម្ភនោះឡើយ។
អ្នកស្រីបានប្រាប់ថា៖ «ខ្ញុំក៏ខ្លាចឆ្លងជំងឺនេះដែរ ប៉ុន្តែពាក្យថាគ្រូពេទ្យ បើយើងខ្លាច មិនពុះពារ ក្លាហានក្នុងការជួយដល់ប្រជាពលរដ្ឋនោះទេ តើប្រជាពលរដ្ឋនឹងក្លាយទៅជាយ៉ាងណា?ហើយតើពួកគាត់នឹងបារម្ភ ខ្លាចយ៉ាងណា? អ៊ីចឹងហើយបានជាខ្ញុំស្ម័គ្រចិត្ត និងពុះពារក្នុងការងារដែលខ្ញុំស្រឡាញ់នេះ»។
ប៉ុន្តែដោយសារការស្រឡាញ់ ភាពក្លាហាន និងការចូលរួមនេះ បានធ្វើឱ្យប្រមុខរាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដោយបានផ្តល់ជាក្របខ័ណ្ឌដល់ពួកគេផងដែរ។
និស្សិតពេទ្យបញ្ចប់ការសិក្សានៅប្រទេសថៃ លោក ទាវ សុធារ័ត្ន បានលើកឡើងថា លោកចាប់អារម្មណ៍និងចង់ចូលរួមបម្រើជាតិ ដែលធ្វើឱ្យលោកបានសម្រេចចិត្តស្ម័គ្រចូលជាគ្រូពេទ្យស្ម័គ្រចិត្តនេះតែម្តងដោយសារជំងឺនេះបានធ្វើឱ្យប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូលបាននិងកំពុងប្រឈមមុខ។
លោកបានបញ្ជាក់ថា៖ «ឪពុកម្តាយបងប្អូនក៏មានការព្រួយបារម្ភដែរនៅពេលខ្ញុំសម្រេចចិត្តចូលធ្វើជាគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធនឹងកូវីដ ១៩ នេះ ប៉ុន្តែពួកគាត់ក៏មានជំនឿជាក់លើខ្ញុំ ហើយខ្ញុំក៏បានពន្យល់ពួកគាត់ពីការងារនេះផងដែរ ដោយសារក្រសួងមានការបង្រៀនពីការការពារពីជំងឺកូវីដ ១៩ នេះ»។
ជាមួយគ្នានេះដែរ ប្រធានការិយាល័យបញ្ជាការដ្ឋានអង្គរក្សលោកនាយករដ្ឋមន្ត្រីលោក ទឹប សំអឿន ដែលបានចុះជួយក្នុងការធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ និងការចុះចាក់វ៉ាក់សាំងកូវីដ ១៩ ទៅដល់ប្រជាពលរដ្ឋ ក៏បានប្រាប់ឱ្យដឹងដែរថា វាជាតួនាទីនិងភារកិច្ចដែលត្រូវធ្វើ គ្រាន់តែការងារនេះខុសពីអ្វីដែលលោកធ្លាប់បានធ្វើកន្លងទៅដោយលោកមិនសូវមានពេលសម្រាកគ្រប់គ្រាន់ ព្រោះត្រូវបំពេញការងារច្រើនទាំងយប់ទាំងថ្ងៃ។
លោកបានប្រាប់ថា៖ «ទាក់ទងនឹងការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្ញុំយល់ថា ជាការល្អណាស់ដែលសម្តេចលោកមានការត្រៀមទុកជាមុនដោយត្រៀមកម្លាំងគ្រូពេទ្យ ដូចនេះទោះបីជាយើងមានក្រុមគ្រូពេទ្យសម្រាប់ព្យាបាលស្រាប់ហើយក៏ដោយ ប៉ុន្តែករណីកូវីដនេះវាមកសន្ធឹកច្រើនភ្លាមតែម្តង។ ដូចនេះ បងប្អូនប្រជាពលរដ្ឋយើងស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធកូវីដនេះគឺជាការល្អបំផុត»។
លោក ទឹប សំអឿន បានបន្ថែមថា ការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះគឺត្រឹមត្រូវនិងល្អបំផុតដែលធ្វើឱ្យកម្ពុជាអាចទប់ស្កាត់នូវឧបសគ្គដែលកើតឡើងនេះបាន។ ប្រសិនបើមិនមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះទេ គ្រូពេទ្យដែលមានស្រាប់នឹងមិនអាចជួយទាន់ស្ថានភាពនៃការរាតត្បាតជំងឺនេះឡើយ។
លោកបានមានប្រសាសន៍ថា៖ «ការបង្កើតក្រុមគ្រូពេទ្យស្ម័គ្រ បង្កើតទីតាំងសម្រាប់ព្យាបាលអ្នកជំងឺ គឺជាការប្រសើរមែនទែនដែលក្រុមអ្នកស្ម័គ្រចិត្តនេះបានចូលរួមជួយសហការគ្នានិងទប់ស្កាត់នូវការឆ្លងរាលដាលខ្លាំង បានទាន់ពេលវេលា»៕