ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអះអាងថា រូបបដិមាខ្មែរមួយ ដែលគេហៅថា “Golden Boy” គឺជារបស់ខ្មែរ ដែលស្ថិតក្នុងសម័យអង្គរ សតវត្សរ៍ទី១១ នៃរចនាប័ទ្មបាពួន ខណៈបន្តការស្រាវជ្រាវ និងរៀបចំឯកសារបន្ថែមទៀត ដើម្បីទាមទារឲ្យសារមន្ទីរ Metropolitan Museum of Art ប្រគល់រូបចម្លាក់នេះត្រឡប់មកកម្ពុជាវិញ។
ការអះអាងយ៉ាងដូច្នេះ បានធ្វើឡើងបន្ទាប់ពីមានភាពចម្រូងចម្រាសគ្នារវាងអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា និងថៃ ដោយអះអាងថា ជារបស់ជាតិសាសន៍រៀងៗខ្លួន ក្រោយមានការផ្សព្វផ្សាយថា មានអ្នកបុរាណវិទ្យាល្បីល្បាញថៃម្នាក់ ប្រកាសប្រមូលផ្ដុំឯកសារ ភ័ស្តុតាងនានា ដើម្បីទាមទារពីសារមន្ទីរ Metropolitan របស់អាមេរិក ហើយថា រូបចម្លាក់នេះ គឺជាចម្លាក់រចនាប័ទ្ម ថៃភិម៉ៃ (ថៃភិមាយ-Thai Phimai) និងមិនធ្លាប់មានរចនាប័ទ្មនៅកម្ពុជាពីមុនមក។
រូបបដិមាខ្មែ ១ អង្គ ដែលគេហៅថា “Golden Boy” បច្ចុប្បន្នកំពុងស្ថិតនៅសារមន្ទីរ Metropolitan Museum of Art ក្នុងទីក្រុងញូវយ៉ក។ រូបចម្លាក់នេះ មានស្ថានជារូបចម្លាក់ទេពបុរស មានកម្ពស់ ១,១ ម៉ែត្រ សាងអំពីសំរឹទ្ធបិទមាស ដែលសង្ស័យថា ត្រូវបាននាំចេញពីកម្ពុជាដោយខុសច្បាប់នៅសម័យសង្គ្រាម។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់នៅថ្ងៃទី ១២ កក្កដាថា ក្រសួងបានដឹងអំពីការផ្សព្វផ្សាយតាមបណ្តាញសង្គមនាពេលថ្មីៗនេះ ទាក់ទងនឹងរូបបដិមាខ្មែរមួយ ដែលគេហៅថា “Golden Boy” បច្ចុប្បន្ននៅឯសារមន្ទីរ Metropolitan Museum of Art ក្នុងទីក្រុងញូវយ៉ក។
លោកបានបន្តថា ចំពោះរូបបដិមានេះ គឺប្រាកដណាស់ជាសិល្បៈខ្មែរ ក្នុងសម័យអង្គរ សតវត្សរ៍ទី១១ នៃរចនាប័ទ្មបាពួន ខណៈលោកអះអាងថា ក្រសួងកំពុងស្រាវជ្រាវបន្តទៀតពីប្រភព ប្រវត្តិ និងទិដ្ឋភាពច្បាប់ និងពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីទាមទារត្រឡប់មកវិញ។
លោកបានបញ្ជាក់ថា៖ «ដូច្នេះវាហាក់ដូចជាលឿនពេកក្នុងការធ្វើសេចក្តីសន្និដ្ឋាន។ យើងនឹងទាមទារមកវិញនូវអ្វីដែលជារបស់យើង ហើយយើងក៍មិនចង់បាននូវអ្វីដែលមិនមែនជារបស់យើងដែរ។ ក្រសួងសូមអំពាវនាវដល់សារមន្ទីរ Metropolitan Museum of Art ក៏ដូចសារមន្ទីរផ្សេងទៀត និងអ្នកប្រមូលសមុច្ច័យឯកជនឱ្យប្រគល់នូវសម្បត្តិវប្បធម៌ខ្មែរមកប្រទេសដើមវិញ ដែលពួកគេមិនមានភ័ស្តុតាងស្របច្បាប់នៃសិទ្ធិកាន់កាប់»។
ក្រៅពីរូបចម្លាក់នេះ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ក៏បានអះអាងដែរថា ក្រុមការងាររបស់ក្រសួងវប្បធម៌ បាននិងកំពុងដំណើរការស្រាវជ្រាវ ក្នុងយុទ្ធនាការសកលមួយ ដោយសហការជាមួយសហគមន៍អន្តរជាតិ ជាពិសេសជាមួយសមត្ថកិច្ចសហរដ្ឋអាមេរិក ដើម្បីនាំយកវត្ថុសម្បត្តិវប្បធម៌ខ្មែរដែលបានលួចនាំចេញទៅក្រៅប្រទេស ត្រឡប់មកកម្ពុជាវិញ។
លោកបានបញ្ជាក់ថា៖ «យើងដឹងហើយថា បទល្មើសជួញដូរសម្បត្តិវប្បធម៌គឺជាបញ្ហាសកល ដែលកើតមានឡើងនៅតាមប្រទេសជាច្រើននៅទូទាំងសកលលោក ហើយដែលភាគច្រើនត្រូវបានប្រព្រឹត្តឡើងដោយមានលក្ខណៈជាប្រព័ន្ធ និងមានទ្រង់ទ្រាយធំប្រទាក់ក្រឡាដ៏ស្មុគស្មាញ តាមរូបភាពផ្ទេរ ក្លែងបន្លំប្រវត្តិនិងប្រភពដើមនៃសម្បត្តិវប្បធម៌ និងលួចនាំចេញដោយខុសច្បាប់ឆ្លងកាត់ព្រំដែន។ ដូចនេះហើយ ចាំបាច់ត្រូវចាត់វិធានការទាំងក្នុងកម្រិតជាតិ និងកម្រិតអន្តរជាតិ»។
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបានលើកឡើងថា ជាប្រវត្តិសាស្ត្រ អ្នកណាក៏ដឹងដែរថា ទឹកដី ១ ផ្នែករបស់ប្រទេសថៃ គឺជាទឹកដីរបស់អាណាចក្រខ្មែរ ពីអតីតកាល ហើយបញ្ហានេះ គឺមិនអាចប្រកែកបាននោះទេ។
លោកបន្តថា ដូច្នេះចំពោះរូបចម្លាក់ ឬកេរនានា ដែលកំពុងមាននៅលើទឹកដីថៃ គឺជារបស់ខ្មែរពីអតីតកាល ដូច្នេះទោះជាស្ថិតស្ថានភាពណា ក៏ជាដើមកំណើតរបស់ខ្មែរ ដែលភាគីថៃ មិនអាចប្រកែកបាននោះទេ គ្រាន់តែថា ក្នុងពេលបច្ចុប្បន្ន ដោយសារតែតំបន់មួយចំនួន ស្ថិតក្នុងការគ្រប់គ្រងរបស់ថៃ ប៉ុន្តែមិនមែនបានន័យថា របស់ទាំងនោះ មានដើមកកំណើតជារបស់ថៃនោះទេ។
យ៉ាងណា ក្នុងនាមជាអ្នកបុរាណវិទ្យា លោក រំពឹងថា សហរដ្ឋអាមេរិក ជាពិសេស សារមន្ទីរ Metropolitan Museum of Art នឹងធ្វើការសិក្សាឲ្យបានស៊ីជម្រៅ ដើម្បីស្វែងរកពីប្រភពពិតនៃរូបចម្លាក់ទាំងនេះ ដោយសារតែពីអតីតកាល មានការចរាចរដោយខុសច្បាប់ច្រើនទាក់ទងទៅនឹងចម្លាក់ទាំងនេះ។
លោកបានបញ្ជាក់ថា៖ «ចំពោះការទាមទារត្រឡប់វិញ គឺគេច្បាស់ណាស់ ថាមកពីប្រភពណា? គេនឹងប្រគល់ឲ្យទៅប្រភពហ្នឹងវិញ ហើយប្រទេសណាដែលតំណាងច្បាស់ពីប្រភពហ្នឹង នឹងទទួលបានវិញហើយ។ ឧទាហរណ៍ថា របស់ខ្លះដែលបានមកកម្ពុជាយើងបច្ចុប្បន្នវិញ ដោយសារតែដឹងប្រភពច្បាស់ ថាមាននៅប្រាសាទនេះ ប្រាសាទនោះ នៅក្នុងប្រទេសកម្ពុជា»៕
វីដេអូ៖