ភ្នំពេញៈ តំណាង​អយ្យការអម​សាលា​ដំបូង​រាជធានីភ្នំពេញ មិន​ទាន់​ធ្វើ​សេចក្តី​សម្រេច​ណាមួយ ​ទាក់​ទង​ទៅ​នឹង​ចម្លើយ​ព្រម​ទាំង​ឯកសារ​របស់​​លោក​ សុន ឆ័យ​ អនុប្រធាន​គណបក្ស​ភ្លើង​ទៀ​ន​ ដែល​បាន​ចូល​ទៅ​ភ្លឺ​នៅ​ថ្ងៃទី​ ១២​ ខែកក្កដា ​នៅ​ឡើយ​ទេ​ ដោយ​ត្រូវ​ការ​ពេល​វេលា​សម​ស្រប​ ដើម្បី​ពិនិត្យ​ទៅ​លើ​ចម្លើយ​ និង​ឯកសារ​ដែល​បាន​ដាក់​​ទាំង​នោះ​​។

លោក​​ សុន​ ឆ័យ នៅ​ថ្ងៃទី ១២ ខែ កក្កដា​ ឆ្នាំ ២០២២ បាន​ចូល​ខ្លួន​ទៅ​បំភ្លឺនៅមុខ​តំណាងអាយ្យការអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ តាម​ការកោះ​ហៅ ពាក់​ព័ន្ធ​នឹង​បណ្តឹង​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ (គជប ) ដែល​បាន​ប្តឹង​រូប​លោក​ពីបទ​បរិហា​កេរ្តិ៍ និង​ទាម​ទារ​ឱ្យ​លោក​ សុំទោស​ជាសាធា​រណៈ កាល​ពីថ្ងៃទី​ ១៧ ខែ មិថុនា​ ឆ្នាំ​ ២០២២ ចំពោះ​ការ​ថ្លែង​របស់​លោក​ដែល​ថា មាន​ភាព​មិនប្រក្រតី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥។

លោក ប្លង់ សុផល​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅថ្ងៃ​ទី ១២​ កក្កដាថា តំណាង​អយ្យការ​បាន​ស្តាប់​ចម្លើយ និង​ពិនិត្យ​លើភ័ស្តុតាង ដែល​មេធាវី​របស់​លោក​ សុន ឆ័យ បាន​ដាក់​ជូន​តុលាការ​ ។

ការ​សម្រេច​បែប​ណា​នោះ នៅមិន​ទាន់​ដឹង​ទេ ព្រោះ​តំណាងអយ្យ​ការ​ត្រូវ​ការ​ពេល​វេលា​សម​ស្រប​ដើម្បី​ពិនិត្យ និង​វាយ​តម្លៃ​លើឯកសារ​ទាំង​អស់​របស់​ដើម​បណ្តឹង និង​របស់​ជន​សង្ស័យ​ ដើម្បី​ឈាន​ដល់​ការ​សម្រេច​តាម​ច្បាប់​។

ក្រោយ​ពីតំណាង​អយ្យការ​សាក​សួរ និង​ស្តាប់​ចម្លើយ​ រយៈពេល​ជិត​ ២ ម៉ោង ​លោក សុន ឆ័យ​ ប្រាប់​ក្រុម​អ្នកសារព័ត៌​មាន នៅខាង​មុខ​សាលា​ដំបូ​ង​រាជធានី​ភ្នំពេញ​ថា ក្នុង​នាមលោក​ជាអ្នក​នយោបាយ នៅ​ពេល​ដែល​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ណាមួយ នៅក្នុង​ដំណើកា​រ​បោះ​ឆ្នោត​ លោក​ចេញមុ​ខតវ៉ា ព្រោះ​នេះជា​សិទ្ធិ​សេរីភាព​របស់​លោក។ ប៉ុន្តែ អ្វី​ដែល​ស្ថាប័ន​ គជប មិន​ពេញ​ចិត្ត​ហើយ​បាន​ប្តឹង​លោក លោក​ព្រម​ចូល​បំភ្លឺ​ទៅ​តាម​កោះ​ហៅរបស់​តុលា​ការ​។

លោកយល់​ថា ការ​ប្តឹង​ផ្តល់​រ​បស់ គជប​ នេះ បាន​ធ្វើ​ឱ្យលោក​​ខាតពេល​ ក្នុង​ការ​ចុះទៅ​ណែនាំ​ មេឃុំ​ និ​ង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​ជាប់​ឆ្នោត​របស់​គណ​បក្ស​ភ្លើង​ទៀន ជាង ២ ០០០ នាក់ ឱ្យ​បម្រើ​ប្រជា​ពលរដ្ឋ​ ស្រប​តាម​គោល​នយោបា​យ​របស់​គណ​បក្ស​ដែល​បាន​ដាក់​ចេញ ។

ទោះជាយ៉ាង​ណា លោក​បាន​ប្រាប់​ទៅតំណាង​អយ្យ​ការថា អ្វីដែល​លោក​លើ​កឡើង ដោយ​យោង​ទៅ​លើហេតុ​ការណ៍ដែ​ល​បាន​កើត​ឡើង ​និង​ផ្អែក​លើសេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្សភ្លើង​ទៀន ​និង​គណប​ក្សនយោបាយ​ចំនួន​ ៤ ទៀត ក៏ដូជា​អង្គការ​ក្រៅ​រដ្ឋា​ភិបាល ដែល​យល់​ឃើញថា​ មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ផងដែរ​។

លោក​ សុន ឆ័យ ដែល​នៅជាប់​បណ្តឹង​របស់​គណ​បក្ស​ប្រជា​ជន និង​ត្រៀមចូល​បំភ្លឺ​តុលាការ​នៅថ្ងៃ​ទី ១៥ ខែកក្កដា​ ទៀត​នោះ​ក៏បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ គជប ដែល​បានប្តឹង​លោក​ ពាក់​ព័ន្ធ​នឹង​ករណីខាង​លើនេះ​ ប៉ុន្តែ​ វាគួរតែ​មាន​ការ​ពន្យល់ ពី​ស្ថាប័​ន គជប​ ចំពោះការ​លើក​ឡើង​របស់​លោក ជុំវិញ​ភាព​មិនប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ ព្រោះ​កន្លងមក​ រូបលោក ​និង ​គជប ក៏ធ្លាប់​បាន​ជួប​ជជែក​គ្នា ពី​បញ្ហា​មួយ​ចំនួន​ ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​កន្លង​មក​នេះ​ដែរ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំប្រាប់​ទៅ​តុលាការ​ថា អ្វី​ដែល​យើង​លើក​ឡើង​ មិន​មែន​មិន​មាន​ហេតុ​ផល​ទេ។ ខ្ញុំធ្វើ​ដំណាង​រាស្ត្រ​ តាំងពី ៩៣​ ហើយ​អ្វីដែល​ខ្ញុំនិយាយ​ស្តី គឺជា​សិទ្ធិ​សេរី​ភាព។ មិន​មែន​តែថា តំណាង​រាស្ត្រទេ​ ពលរដ្ឋ​ទាំង​អស់ មាន​សិទ្ធិសេរី​ភាព​ក្នុង​ការ​និយាយ​ ស្រប​តាម​រដ្ឋ​ធម្មនុ​ញ្ញ»​ ។

លោក សោម សូរីដា អ្នក​នាំ​ពាក្យ​ គជប ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅថ្ងៃទី​ ១២ ខែ​កក្កដា​ថា ​ទោះជា​លោក​ សុន​ ឆ័យ​ ជា អ្នក​នយោ​បាយ ប៉ុន្តែមិន​អាច​និយាយ​ប្រមាថ​ស្ថាប័ន​ជាតិថា ជាចោរ​នោះ​ទេ ​ហើយ​ការ​ប្រមាថ​របស់​លោក​ សុន​ ឆ័យ នេះ​ មិន​អា​ចគិត​ថា វាជា​រឿង​ធម្មតា ​និង​ហៅ​មក​ចចារ ឬជជែក​គ្នា ដើម្បី​រកខុស​ ឬ​រក​ត្រូវ​នោះទេ​។

លោក​បន្ត​ ករណី​លោក សុន ឆ័យ ប្រមាថ និង​បរិហា​កេរ្តិ៍​ជាសាធា​រណៈនេះ​ មិនមែ​នជាការ​បញ្ចេញ​មតិ ដែល គជប ត្រូវ​អញ្ជើញ​លោក សុន​ ឆ័យ មករកខុស រកត្រូវ​ជាមួយ​ គជប នោះ​ទេ​។ ករ​ណីនេះ ជាករណី​ត្រូវដោះស្រាយគ្នា​តាម​យន្ត​ការ​តុលាកា​រ។

លោក​ សោម សូរីដា ថ្លែង​ថា៖ «លោក​ សុន ឆ័យ​ថា ការ​ប្រមាថ​ គជប ជារឿង​ធម្មតា លោកគិតខុស និងស្មា​នខុ​សហើយ លោក​គួរ​ចេះថ្លឹង​ថ្លែង​ពាក្យ​ពេចន៍ យើង​ប្រើប្រាស់​ខេម​រភាសា ដែល​ជា​ភាសាខ្មែរ​ក្នុង​ន័យ មួ​យដែលត្រូវ​គោរព​គ្នាទៅវិញទៅ​មក រវាង​បុគ្គល ដែលជា​ថ្នា​ក់ដឹក​នា​គណ​បក្ស​នយោ​បាយ ជាមួយ​ស្ថាប័ន​ជាតិ​មួយ​ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្ម​នុញ្ញ»។

លោកប​ន្តថា មួយ​វិញ​ទៀត​ ការលើក​ឡើង​ថា វាជា​ការខាតពេល​វេលារ​បស់លោក ​សុន​ ឆ័យ គឺ​ជាការ​បន្ថយ​នូវ​ទោស​កំហុស​របស់​គាត់ ប្រាប់​ទៅ​សាធារណ​ជន ប៉ុន្តែ​កិច្ច​ការនេះ មិនមែន​ជារឿង​សាមញ្ញដូច​លោក សុន ​ឆ័យ គិត​នោះទេ ដូច្នេះ​លោក សុន​ ឆ័យ ត្រូវ​គិត​ឡើង​វិញ នូវ​ពាក្យ​សម្តី​ដែ​ល​លោក​ប្រើ​ទាំង​នោះ​៕

វីដេអូ៖