ភ្នំពេញៈ ដោយសារតែមេរោគកូវីដ ១៩ អូមីក្រុងបំប្លែងថ្មីប្រភេទ BA.4 និង BA.5 មានសមត្ថភាពឆ្លងលឿនជាងពពួកអូមីក្រុងមុនៗ ដែលវីរុសប្រភេទថ្មីនេះក៏ត្រូវបានរកឃើញមានក្នុងប្រទេសកម្ពុជាដែរនោះ ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំឭកជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនពីការឆ្លងមេរោគនេះ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានបញ្ជាក់នៅថ្ងៃទី ១២ កក្កដាថា ប្រជាពលរដ្ឋមិនត្រូវមើលស្រាលលើលទ្ធភាពនៃការវាយលុកក្នុងសរីរាង្គកាយរបស់បុគ្គលឡើយ។
ប្រទេសកម្ពុជាក៏បានរកឃើញវីរុសកូវីដ ១៩ អូមីក្រុងបំប្លែងថ្មីប្រភេទ BA.4 និង BA.5 នេះដែរ ហើយការរកឃើញនេះបានចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែមិថុនា រហូតមកដល់បច្ចុប្បន្ន។
លោកស្រី ឱ វណ្ណឌីន ថ្លែងថា៖ «តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក យើងមិនត្រូវមើលស្រាលលើលទ្ធភាពនៃការវាយលុកចូលក្នុងសរីរាង្គកាយរបស់បុគ្គល ជាពិសេសទោះបីជាស្ថានភាពនៃការកើតឡើង ឬឆ្លងក្នុងពេលថ្មីៗនេះហាក់មានស្ថានភាពស្រាលក៏ដោយ តែដាច់ខាតមិនត្រូវមើលរំលងពពួកប្រភេទថ្មី BA.4 និង BA.5 នេះឡើយ»។
ក្រសួងសុខាភិបាលនៅថ្ងៃទី ១២ កក្កដា ក៏បានចេញសេចក្តីណែនាំក្រើនរំឭកពីការការពារការចម្លងវីរុសកូវីដ ១៩ នេះផងដែរ ដោយក្រសួងបានលើកឡើងថា ករណីអ្នកជំងឺកូវីដ ១៩ ត្រូវបានរកឃើញ ជារៀងរាល់ថ្ងៃ ដែលបង្ហាញឱ្យឃើញថា ស្ថានភាពឆ្លងនៃវីរុសកូវីដ ១៩ នៅប្រទេសកម្ពុជាមានការកើតសាឡើងវិញ។
ក្រសួងបញ្ជាក់ថា ការចរាចរនៃពពួកអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 មានសមត្ថភាពឆ្លងលឿនជាងពពួកអូមីក្រុងមុនៗ ដូចជាប្រភេទ BA.1 និង BA.2 ជាដើម នាំឱ្យមានកំណើនឡើងនូវចំនួនករណីឆ្លងទាំងក្នុងប្រទេសកម្ពុជាក្នុងតំបន់ និងលើសកលលោក។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអំពាវនាវដោយទទូច និងក្រើនរំឭកដល់សាធារណជន បុគ្គល គ្រួសារ និង សហគមន៍ ស្ថាប័នពាក់ព័ន្ធ អង្គភាពនានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសេវាឯកជនទាំងអស់ត្រូវរួមសាមគ្គីគ្នាជំរុញបង្កើនការប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកបញ្ជាក់ថា៖ «ត្រូវប្រុងប្រយ័ត្ន ដោយបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា ដើម្បីការពារពីការចម្លងវីរុសកូវីដ ១៩ សំដៅការពារសុខភាព ផ្ទាល់ខ្លួន ក្រុមគ្រួសារខ្លួន និងនៅទីកន្លែងធ្វើការរបស់ខ្លួនផងដែរ»។
ដើម្បីបញ្ចៀសនូវការរីករាលដាល ការឆ្លងវីរុសកូវីដ ១៩ ដ៏ធ្ងន់ធ្ងរទៅក្នុងសហគមន៍ គ្រួសារ និងស្ថាប័ននានាដែលអាចកើតមានជាយថាហេតុ ប្រជាជនទាំងអស់ត្រូវនាំគ្នាបន្តអនុវត្តវិធានការ «៣ ការពារ និង ៣ កុំ» ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី ៣ ទី ៤ និងទី ៥) ជាចាំបាច់។
ចំពោះអ្នកជំងឺឆ្លងអូមីក្រុងបំប្លែង ថ្មី BA.4 និង BA.5 មានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទវីរុសកូវីដ ១៩ ជំនាន់មុនៗនោះទេ ដែលរោគសញ្ញា មានដូចជា ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀងទៅនឹងជំងឺផ្តាសាយ ធម្មតា។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា៖ «អ្នកជំងឺដែលបានឆ្លងជំងឺនេះហើយបានជាសះស្បើយរួចហើយ ក៏មានបន្តនៅសេសសល់ផលប៉ះពាល់សុខភាពមួយចំនួនទៀតក្នុងរយៈពេលយូរអង្វែងដែលគេមិនអាចកំណត់បាន ដូចជាអស់កម្លាំងខ្លាំង ឈឺក្បាល សម្រាន្តមិនលក់ មានផលប៉ះពាល់ទៅលើសាច់ដុំ ឬប៉ះពាល់លើសរីរាង្គផ្សេងៗទៀត»។
វិធានការការពាររបស់រដ្ឋាភិបាល «៣ ការពារ និង ៣ កុំ» រួមមាន ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១ ម៉ែត្រកន្លះឡើង។ ចំណែកវិធានការ ៣ កុំ មាន កុំទៅកន្លែងមានមនុស្សច្រើនកុះករ។ កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នាជាដើម៕