ភ្នំពេញ: អង្គុយសំកុកលើស៊ីក្លូគ្របថង់កៅស៊ូពណ៌សបាំងទឹកភ្លៀងកំពុងបង្អុរស្រិចៗ លោក ឆឹង សំអុល មិនរំពឹងនឹងថាមានភ្ញៀវមកជិះស៊ីក្លូរបស់លោកទៀតឡើយ ដូច្នេះមានន័យថា ពេញ ១ ថ្ងៃអាទិត្យទី ១០ ខែកក្កដា លោកទទួលបានចំណូលតែ ៦ ០០០ រៀល ជាមួយការដឹកភ្ញៀវបាន ២ នាក់ប៉ុណ្ណោះ។
លោក សំអុល អាយុ ៧០ ឆ្នាំបាននិយាយថា៖ «ថ្ងៃនេះបានលុយតែ ៦ ០០០ រៀលទេក្មួយ ត្រឹម ២ ម៉ូយតាំងពីព្រឹករហូតដល់ល្ងាច។ រាល់ថ្ងៃនេះ សល់ម៉ូយតែនៅតាមផ្សារប៉ុណ្ណោះ តែរកមិនបានទេ»។
ធ្លាប់តែមានភ្ញៀវទេសចរដឹកស្ទើររាល់ថ្ងៃរហូតដល់អស់ភ្ញៀវរលីងអំឡុងពេលបិទខ្ទប់ ចំណូលធ្លាក់ដល់សូន្យ ដែលរស់ដោយសារអំណោយសប្បុរសធម៌ បច្ចុប្បន្ននេះ អ៊ំ សំអុល អាចបន្ដដឹកភ្ញៀវបានតិចតួច និងកំពុងទន្ទឹងរង់ចាំវត្ដមានភ្ញៀវទេសចរត្រឡប់វិញ។
លោកបានឱ្យដឹងថា៖ «ខ្ញុំរត់ស៊ីក្លូនេះ ២០ ឆ្នាំហើយ។ តាំងពីកូវីដមកខ្ញុំកាន់តែជួបការលំបាកខ្លាំង។ កាលមុនកូវីដ ឧស្សាហ៍មានភ្ញៀវទេសចរខាងបារាំងមកជិះ។ ដល់កូវីដមក អត់មានភ្ញៀវដឹក ហើយឥឡូវមានតិចៗ ជួនណា ១ ខែ បានដឹកម្ដង ឬ ២ ដង។ ម្ដងជួនអីបាន ១៥ ០០០ រៀលហើយពេលខ្លះភ្ញៀវឱ្យធីបក្រៅអ៊ីចឹងទៅ»។
បុរសមកពីស្វាយរៀងរូបនេះនិយាយថា ៦ ០០០ រៀល ហូបបាយមិនគ្រាន់ទេ តែជួនកាលមានគេចែកបាយឱ្យហូបដែលបានមកពីសប្បុរសជនផ្សេងៗ។
លោក សំអុល ដែលយកទីចំណតរថយន្ដមុខវត្ដឧណ្ណាលោមជាផ្ទះ យកស៊ីក្លូជាគ្រែពូក និងបង្គន់សាធារណៈនៅវាលព្រះមេរុជាបន្ទប់ទឹកជម្រះកាយបានបន្ដថា៖ «ថ្ងៃខ្លះ ជួនបានឡើងដល់ ១ ម៉ឺនរៀលអ៊ីចឹងហើយ តែថ្ងៃខ្លះអត់ គឺអស់សោះតែម្ដង។ ភាគតិចណាស់ គេមានម៉ូយដឹកជាប្រចាំ»។
លោក សំអុល ដែលគ្រួសាររបស់លោកធ្វើការនៅរោងចក្រក្នុងក្រុងបាវិតបានបន្ដថា៖ «ខ្ញុំកម្រមានសល់លុយផ្ញើទៅអ្នកផ្ទះណាស់។ ជួនអី ១ ខែបានលុយផ្ញើប្រពន្ធ ៧ ម៉ឺន-៨ ម៉ឺនរៀល»។
ជាមួយនឹងវិបត្ដិកូវីដ ដែលស៊ីក្លូស្ទើរតែលែងវិលកង់ ប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ CCCA លោក អ៊ីម សម្បត្ដិ បានឱ្យដឹងថា ចំនួនអ្នកធាក់ស៊ីក្លូធ្លាក់ចុះតិចតួច ដោយអ្នកមានកម្លាំងប្ដូររបរទៅធ្វើកម្មករសំណង់។
លោកបានថ្លែងថា ចំនួនអ្នកប្រកបរបរធាក់ស៊ីក្លូនៅត្រឹមរង្វង់ ២៨០ នាក់។ ពួកគាត់ប្រមាណ ៥ ភាគរយបានផ្អាក និងចាប់របរជាកម្មករសំណង់អំឡុងមានកូវីដ។
លោក សម្បត្ដិ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «មុនសម័យកូវីដ ពួកគាត់មានប្រហែល ៣០០ នាក់ ដែលមានការធ្លាក់ចុះតិចតួច។ ចំណោម ២៨០ នាក់ នាពេលបច្ចុប្បន្ននេះ ពួកគាត់មិនស្ថិតនៅភ្នំពេញទាំងអស់នោះទេ ពួកគាត់មានចំនួនថេរនៅភ្នំពេញប្រហែល ២២០ នាក់ ខណៈអ្នកផ្សេងទៀតធ្វើការផ្លាស់ប្ដូររវាងស្រុកកំណើត និងការងារនៅភ្នំពេញ ដោយសារពួកគាត់ទៅធ្វើស្រែ»។
លោក អុក ម៉ៅ អាយុ ៥៣ ឆ្នាំជាអ្នកស្រុកកំពង់ត្របែក ខេត្ដព្រៃវែងដែលប្រកបរបរធាក់ស៊ីក្លូតាំងពីឆ្នាំ ១៩៨៧ បានអះអាងថា ជំនាន់នោះ ចាយលុយក្រដាស ១ រៀល ២ រៀល និង ៥ កាក់ លោករកលុយបានច្រើន ព្រោះវាមានការពេញនិយមខ្លាំង។
ដោយទើបដកដៃពីស្រែចម្ការក្រោយលោកបានព្រោះសំណាបរួច និងទុកសត្វចិញ្ចឹមឱ្យយាយមើលថែ លោក ម៉ៅ ក៏ឡើងមកធាក់ស៊ីក្លូនៅភ្នំពេញ ហើយនឹងវិលទៅស្រុកវិញក្នុងរដូវច្រូតកាត់ក្នុងខែតុលា ឬវិច្ឆិកា។
លោក ម៉ៅ ដែលមិនខុសពីលោក សំអុល ដោយរកចំណូល ១ ថ្ងៃត្រឹម ៥ ០០០ រៀលបានប្រាប់ថា៖ «ពេលច្រូតកាត់រួចរាល់ ខ្ញុំត្រឡប់មកភ្នំពេញវិញ។ ប៉ុន្ដែឥឡូវនេះរកលុយតែ ១០ ម៉ឺនរៀលផ្ញើយាយមិនបានផង»។
បុរសសក់ស្កូវសក្បុសដែលសម្រាកនៅខាងផ្សារអូរឫស្សីជាមួយក្រុមអ្នកធាក់ស៊ីក្លូដទៃទៀតបានអះអាងថា៖ «មែនទែនទៅ នៅមុនកូវីដ ក៏យើងរកបានដែរ ដោយសារយើងបានដឹកភ្ញៀវទេសចររាល់ថ្ងៃ ជួនអី ១ ថ្ងៃ ២-៣ ជើងអី។ ឥឡូវមានភ្ញៀវបន្ដិចឡើងវិញ ១ ខែ ២ ខែអី ទើបមានម្ដង»។
អំឡុងពេលអ្នកធាក់ស៊ីក្លូ និងអ្នករស់នៅតាមចិញ្ចឹមផ្លូវជួបការលំបាកបំផុត គម្រោង Local4Local បានចាប់បដិសន្ធិក្នុងខែមេសា ឆ្នាំ ២០២១ ជាមួយបេសកកម្មផ្ដល់ស្បៀងដល់ជនក្រីក្រក្នុងពេលបិទខ្ទប់។
លោក សម្បត្ដិ បានឱ្យដឹងថា តាំងពីមានការបិទខ្ទប់ទីក្រុងភ្នំពេញមកគម្រោង Local4Local បានជួយច្រើន មិនត្រឹមតែក្រុមអ្នកធាក់ស៊ីក្លូទេ ប៉ុន្ដែអ្នករស់នៅតាមដងផ្លូវ ជាពិសេស អ្នករើសអេតចាយ និងអ្នកសុំទាន។ គម្រោងនេះបានធ្វើអំណោយជាឧបភោគបរិភោគទៅដល់អ្នកនៅតាមដងផ្លូវ។
លោកប្រាប់ថា៖ «នៅពេលយើងចុះចែក យើងមិនមែនចែកតែក្រុមអ្នកធាក់ស៊ីក្លូទេ យើងក៏ចែកអ្នកដើរតាមផ្លូវ អ្នករត់ម៉ូតូឌុប អ្នកសុំទាន ជនអនាថា។ ...យើងចែកបាយ និងម្ហូបរង្វង់ ៣០០ កញ្ចប់រៀងរាល់ថ្ងៃ»។
ការចែកបាយកញ្ចប់ត្រូវបានបន្ថយមកត្រឹម ១០០ កញ្ចប់ ពេលលែងមានការបិទខ្ទប់រហូតដល់ខែមិថុនា ឆ្នាំ ២០២២ ទើប Local4Local ប្ដូរទិសដៅមកជាការដាក់ធុងសហគមន៍ស៊ីក្លូ សម្ពោធក្រោមពាក្យស្លោក «អ្នកមានដាក់ អ្នកខ្វះដក» ដោយសារជំនួយខ្សត់ខ្សោយ។
ធុងសហគមន៍ស៊ីក្លូនៅបន្ដចែកចាយតាមគោលដៅចំនួន ១០ ដូចជា បឹងកេងកង ផ្សារទួលទំពូង ផ្សារដេប៉ូ ផ្សារថ្មី រង្វង់មូលក្ដាន់ ២ និងជ្រោយចង្វារជាដើម តែត្រូវបានបន្ថយពីការធ្វើដំណើរ ២ ដងក្នុង ១ ថ្ងៃមកត្រឹម ១ ដង នៅពេលល្ងាចចន្លោះម៉ោង ៤ និង ៥ ល្ងាច។
លោកថា៖ «យើងមិនសូវទទួលបានការបរិច្ចាគទេឥឡូវនេះ។ ជួនកាល ១ ខែ តាំងពីខែ ៥ ខែ ៦ យើងទទួលបានការបរិច្ចាគពីសប្បុរសជនបន្ដិចបន្ដួចដែលអាចចែកបាន ២ ថ្ងៃ។ នៅពេលអស់ស្បៀងចែក ខាង Local4Local របស់ប្អូន ហាវ ជាអ្នកទិញដាក់...ហើយខ្ញុំជាអ្នកអនុវត្ដគម្រោងនេះ»។
ប្រធាន CCCA បានលើកឡើងថា បើវិស័យទេសចរណ៍ស្ទុះងើបឡើងវិញ លោកគិតថា អ្នកប្រកបរបរធាក់ស៊ីក្លូអាចរក្សាចំនួនថេរ ឬក៏ថយតិចតួច។
លោកយល់ឃើញថា ដាច់ឆ្នាំ ២០២២ នេះ ពួកគាត់អាចមានភ្ញៀវដឹកច្រើនឡើងវិញ។ ប៉ុន្ដែវាអាស្រ័យលើភាពជាក់ស្ដែងរបស់កូវីដផងដែរ។
លោក សម្បត្ដិ បានឱ្យដឹងថា៖ «សព្វថ្ងៃនេះ ជួនកាល ១ អាទិត្យ មានភ្ញៀវទេសចរជិះ ២-៣ នាក់អី ដែលខុសឆ្ងាយពីសម័យមុនកូវីដ ដោយតិច ឬច្រើន ពួកគាត់បានដឹកភ្ញៀវទេសចររាល់ថ្ងៃ»។
លោកបញ្ជាក់ថា ក្នុងចំណោម ២៨០ នាក់ ពួកគាត់ពី ៧៥ ទៅ ៨០ ភាគរយ ពឹងផ្អែកលើវិស័យទេសចរណ៍ជាជាងការដឹកភ្ញៀវក្នុងស្រុក។
លោកបន្ដថា៖ «ពួកគាត់ភាគច្រើនអាយុច្រើនចន្លោះពីជាង ៥០ ទៅ ៧០ ឆ្នាំ គ្មានរបរអ្វីទីពឹងក្រៅពីបន្ដធាក់ស៊ីក្លូ ខណៈអ្នកមានកម្លាំងអាចប្ដូរទៅធ្វើជាកម្មករសំណង់»។
ពេលចំណូលធ្លាក់ស្ទើរតែគ្មានប្រាក់ទិញបាយហូប ដោយរំពឹងលើសប្បុរសជន លោក ឆឹង សំអុល នឹកគិតថា តើត្រូវរកអ្វី បើគ្មានធនធាន គ្មានចំណេះវិជ្ជា ហើយបែរមកដីស្រែ មានតិចតួច។
សញ្ញាសួរមានពេញលើក្បាលរបស់លោកនៅពេលបុរសវ័យ ៧០ ឆ្នាំរូបនេះ ចេះតែអង្គុយលើកែបកង់ខ្ពស់ ធាក់ដឹកភ្ញៀវដែលអង្គុយកៅអីពូកខាងមុខជាច្រើនទសវត្សរ៍។
បើទោះបីខ្លួនចាស់ជរា និងមើលឃើញប្រជាប្រិយភាពរ៉ឺម៉កឥណ្ឌាក្ដី ក៏លោកនៅតែបន្ដខំធាក់ស៊ីក្លូឱ្យតែមានម៉ូយជិះ ដោយសារលោកខ្វះលទ្ធភាពក្នុងការទិញរ៉ឺម៉កនឹងគេ។
លោក សំអុល ដែលធាក់ស៊ីក្លូក្នុងប្លុកផ្សារកណ្ដាល និងផ្សារចាស់ រួចមកសំចតនៅមុខវត្ដឧណ្ណាលោម រូបនេះបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «គ្មានលទ្ធភាពទិញរ៉ឺម៉កឥណ្ឌានោះទេក្មួយ។ អត់មានលុយទិញទេ»។
លោក សំអុល ថា លោកនឹងនៅតែបន្ដធាក់ស៊ីក្លូចិញ្ចឹមជីវិតរហូតដល់លោកធាក់ឈ្នាន់ស៊ីក្លូលែងទៅមុខ។
ស្ថាបនិកគម្រោង Local4Local ដែលកំពុងសិក្សានៅបរទេស លោក តាំង ហួងហាវ បានឱ្យដឹងថា គម្រោងរបស់លោកនៅតែបន្ដជួយដល់អ្នកធាក់ស៊ីក្លូ និងជនក្រីក្ររស់នៅក្នុងរាជធានីភ្នំពេញ។
លោកប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ធុងសហគមន៍ស៊ីក្លូ នៅតែដំណើរការចែកចាយសម្ភាររាល់ថ្ងៃ។
យើងបាននិងកំពុងជួយដល់អ្នកប្រកបរបរធាក់ស៊ីក្លូ ដើម្បីឱ្យបានទទួលភ្ញៀវទេសចរតាមរយៈការគាំទ្រពីក្រុមស្ម័គ្រចិត្ដ Local4Local»៕