ភ្នំពេញៈ ក្នុង ១ ឆ្នាំៗមានផលិតផលក្លែងក្លាយប្រមាណជាង ១ ពាន់តោន ត្រូវបានរកឃើញនិងអនុវត្តនីតិវិធីច្បាប់ដោយមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)។ ផលិតផលទាំងនោះមានដូចជាផលិតផលប្រើប្រាស់ ម្ហូបអាហារ និងភេសជ្ជៈជាដើម ដែលអាចប៉ះពាល់ដល់រាងកាយ និងសុខភាពអ្នកប្រើប្រាស់។
ដើម្បីទប់ស្កាត់និងកាត់បន្ថយការចរាចរផលិតផលទាំងនោះលើទីផ្សារក្រៅពីការអនុវត្តច្បាប់ជាប្រចាំ មន្ត្រីជំនាញនៃ ក.ប.ប. ក៏បានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ពីផលប៉ះពាល់ដោយការប្រើប្រាស់ផលិតផលក្លែងក្លាយ ទៅដល់អាជីវករ និងអ្នកប្រើប្រាស់ផងដែរ។
ការផ្សព្វផ្សាយត្រូវបានធ្វើឡើងជាច្រើនរូបភាពមានដូចជា៖ ការរៀបចំជាខ្លឹមសារអត្ថបទឬវីដេអូឃ្លីបខ្លីៗផ្សព្វផ្សាយនៅក្នុងហ្វេសប៊ុក និងវេបសាយផ្លួវការរបស់អគ្គនាយកដ្ឋាន ក.ប.ប. ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយការយល់ដឹងដល់អាជីវករផលិតករនិងអ្នកប្រើប្រាស់ ការផ្សព្វផ្សាយដោយផ្ទាល់ដោយមន្ត្រី ក.ប.ប. នៅតាមបណ្តាសិប្បកម្មផលិត អគារលក់ទំនិញ ផ្សារទំនើបនិងផ្សារមិនរៀបរយនៅទូទាំងប្រទេសកម្ពុជាជាដើម។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ការផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងនិងការបង្ក្រាបផលិតផលក្លែងក្លាយ គឺជាតួនាទីនិងភារកិច្ចយ៉ាងសំខាន់ដែលត្រូវបានប្រគល់ឱ្យអគ្គនាយកដ្ឋាន ក.ប.ប. ទទួលអនុវត្ត។
លោកបានបន្តថា ការផលិត ស្តុកទុក និងចរាចរផលិតផលក្លែងក្លាយលើទីផ្សារ ត្រូវបានហាមឃាត់ដោយច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារផងដែរ។ ទន្ទឹមនឹងការចុះបង្ក្រាបនៅតាមបណ្តាគោលដៅនានា ក៏មានការអប់រំ ផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជូនដល់ធុរកិច្ចដែលកំពុងធ្វើសកម្មភាពពាក់ព័ន្ធនឹងផលិតកម្មឬពាណិជ្ជកម្មឱ្យយល់ដឹងអំពីខ្លឹមសារនៃច្បាប់និងផលប៉ះពាល់ផងដែរ។
លោកថ្លែងថា៖ «ឆ្លងកាត់ការអប់រំ និងផ្សព្វផ្សាយទាំងនេះ អគ្គនាយកដ្ឋានសង្កេតឃើញថា អាជីវករ ផលិតករ និងអ្នកប្រើប្រាស់កាន់តែមានការយល់ដឹងអំពីច្បាប់ និងផលប៉ះពាល់នានា ពីការផលិតនិងចែកចាយផលិតផលក្លែងក្លាយ» ។
ទោះបីជាមានការផ្សព្វផ្សាយយ៉ាងនេះក្តី ក៏ប្រជាពលរដ្ឋមួយចំនួនអះអាងថា ការអប់រំផ្សព្វផ្សាយ ហាក់នៅមានកម្រិតនៅឡើយ។ លោក ស៊ុន ឆេកូ ប្រជាពលរដ្ឋនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ លើកឡើងថា ការផ្សព្វផ្សាយរបស់មន្ត្រីជំនាញធ្វើបានល្អហើយ ប៉ុន្តែនៅមិនទាន់ទូលំទូលាយនៅឡើយទេ។ ចំណុចនេះ លោកចង់ឲ្យមានការផ្សព្វផ្សាយបន្ថែមទៀតតាមរយៈបណ្តាញទូរទស្សន៍ទាំងរដ្ឋ និងឯកជន ទៅលើម៉ោងណាដែលមានអ្នកមើលច្រើន ជាពិសេសលើបណ្តាញសង្គមផ្សេងៗ ដែលកំពុងពេញនិយម។ មួយវិញទៀត នៅប៉ាណូលើដងផ្លូវក៏គួរតែមានការបង្ហាញឲ្យបានគ្រប់ពេលវេលាតែម្តង ព្រោះប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវអាចនឹងចាប់អារម្មណ៍មើលឃើញ។
លោកថ្លែងថា៖ «ឥឡូវហ្នឹងខាងរដ្ឋអំណាចបានផ្អាកការផ្សព្វផ្សាយផលិតផលស្រាបៀរហើយ អ៊ីចឹងគួរតែបង្ហាញទាក់ទងពីការអប់រំ ក៏ដូចជាណែនាំប្រជាពលរដ្ឋឲ្យគាត់យល់ដឹងអំពីផលិតផលអីផ្សេងៗអ៊ីចឹងទៅវាល្អម្យ៉ាងដែរ ដើម្បីពលរដ្ឋដឹងថា ផលិតផលនេះក្លែងក្លាយទេ មិនមែនរបស់ពិតទេ ហើយមិនគួរប្រើរបស់នោះទេ អ៊ីចឹងទៅ»។
លោក ស៊ុន ឆេកូ បានសម្តែងក្ដីបារម្ភចំពោះបញ្ហាសុខភាព ប្រសិនបើប្រើប្រាស់ប៉ះចំលើផលិតផលក្លែងក្លាយ និងគ្មានគុណភាព ជាពិសេស គឺផលិតផលប្រើប្រាស់ប្រចាំថ្ងៃទៅលើរូបរាងកាយ។ រីឯផលិតផលខ្លះទៀតទោះមិនប៉ះពាល់ដល់សុខភាពក្នុងរាងកាយ ប៉ុន្តែវាអាចធ្វើឲ្យខាតថវិកា ប្រើសិនបើទិញមកប្រើមិនបានយូរដូចជា ម៉ូដសម្លៀកបំពាក់ ជាដើម។
លោកថ្លែងថា៖ «យើងគិតថា អាចនឹងប៉ះពាល់ដល់សុខភាព ប្រសិនបើរបស់ដែលយើងប្រើប្រាស់សម្រាប់ការហូបចុកក៏ដូចជា របស់ប្រើប្រាស់ដូចជា សាប៊ូ ថ្នាំដុសធ្មេញ អីជាដើម ដែលយើងយកមកប្រើប្រាស់ទៅលើរូបរាងកាយផ្សេងៗដែលប៉ះពាល់ដល់ស្បែក ឬសព៌ាង្គកាយរបស់យើងផ្សេងៗ»។
ក្នុងនាមជាអ្នកប្រើប្រាស់ម្នាក់លោក ស៊ុន ឆេកូ ចង់ឲ្យមន្ត្រីមានសមត្ថកិច្ចជូនដំណឹងដល់សហគមន៍ឲ្យបានលឿននៅពេលមានផលិតផលអ្វីថ្មីណាមួយត្រូវបាននាំចូល ឬទើបផលិតបាន សម្រាប់ដាក់ឲ្យប្រើប្រាស់ក្នុងស្រុក។
លោបញ្ជាក់ថា៖ «កុំចាំបាច់ទាល់តែមានប្រតិកម្មណាមួយទើបបានចេញផ្សាយនោះ គួរតែមានចេញមុនគេលក់ អាហ្នឹងបានត្រូវ ព្រោះរាល់ការលក់ផលិតផលអីផ្សេងៗត្រូវឆ្លងកាត់រដ្ឋ ឆ្លងកាត់អ្នកមានសមត្ថកិច្ច»។
អ្នកស្រី អែម ស្រីតូច មានវ័យជាង ៤០ ឆ្នាំ សម្បុរខ្មៅសក់រួញអង្គាដីលក់ចាបហួយនៅតាមបណ្តោយផ្លូវលំក្នុងឃុំកំពង់សិលា ខេត្តព្រះសីហនុ បានឲ្យដឹងថា អ្នកស្រីធ្លាប់ទិញប៉ះផលិតផលទឹកដោះគោឆៅក្លែងក្លាយ និងបានខាតថវិកាអស់ចំនួនជាង ៤០ ម៉ឺនរៀល តាមរយៈការទិញទឹកដោះគោឆៅតាមរថយន្តដែលដឹកលក់ចល័តចូលមកក្នុងភូមិ។ តាមរយៈការខាតបង់ថវិកានេះ អ្នកស្រីទទូចចង់ឲ្យមានការអនុវត្តច្បាប់ឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីទប់ស្កាត់ចរាចរណ៍ផលិតផលក្លែងក្លាយ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំអត់ចេះមើលថាផលិតផលណាពិតឬក្លែងក្លាយនោះទេ ខ្ញុំដឹងតែថាទិញមកហើយ គឺលក់តែម្តង បើខូចយើងបោះវាចោលទៅ។ ដូចទឹកដោះគោឆៅដែលខ្ញុំធ្លាប់ទិញអ៊ីចឹង បិទសុទ្ធតែអក្សរសាសន៍គេខ្ញុំម៉េចចេះអានស្រាប់តែលក់បានពី៣ថ្ងៃ អ្នកភូមិថា ទឹកដោះគោផ្អូម ដល់ខ្ញុំគាស់មើលទៅឃើញទឹកអន្លាយៗ ក្លិនជូរផ្អូមមែន ក៏បោះចោលទៅ។ ខ្ញុំស្តាយលុយដែលខំសន្សំត្រូវខាតតែមួយប៉ប្រិចភ្នែក»។
អ្នកស្រីបញ្ជាក់ថា ចាប់តាំងពីទិញប៉ះរបស់ក្លែងក្លាយធ្វើឲ្យខាតបង់ថវិកាមក ធ្វើឲ្យអ្នកស្រីមិនហ៊ានទិញទំនិញដែលដឹកលក់ចល័តបន្តទៀត ព្រោះខ្លាចខាតដូចលើកមុនទៀត។
លោក សុខ ភាក់ ប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំបានថ្លែងថា លោកមិនចង់ឲ្យមានការនាំចូលផលិតផលក្លែងក្លាយ ឬមានការកែច្នៃបន្លំក្លែងក្លាយចែកចាយលក់លើទីផ្សារក្នុងប្រទេសកម្ពុជាទេ ដោយសារតែមិនមានចំណេះដឹងក្នុងការពិនិត្យគុណភាពផលិតផលទាំងនោះ។
លោកបន្តថា អ្វីដែលធ្លាប់ដឹងគឺភាគច្រើនផលិតផល ឬទំនិញដែលមានតម្លៃថ្លៃ គឺត្រូវបានគេនិយាយតគ្នាថា ជារបស់ល្អ។ ក្នុងនាមជាអ្នកប្រើប្រាស់ម្នាក់លោកភាក់ ចង់ឲ្យការចរាចរទំនិញនៅលើទីផ្សារមានការបញ្ជាក់ច្បាស់លាស់មិនថារបស់ថោក ឬថ្លៃនោះទេ ដើម្បីងាយស្រួលកត់សម្គាល់ ឬទិញយកទៅប្រើប្រាស់។
លោកថ្លែងថា៖«បើយើងចំណាយលុយទិញរបស់ហើយ របស់ដែលយើងប្រើប្រាស់វាអត់ល្អ នៅពេលយើងប្រើប្រាស់ប៉ះផលិតផលក្លែងក្លាយ អ៊ីចឹងវានាំឲ្យប៉ះពាល់ដល់សុខភាព ប្រសិនបើផលិតផលនោះវាជាផលិតផលសុខភាព អ៊ីចឹងទៅ» ។
អ្នកខេត្តត្បូងឃ្មុំរូបនេះ ប្រាប់ថា ការផ្សព្វផ្សាយឲ្យបានទូលំទូលាយពីផលិតផលក្លែងក្លាយ គឺជារឿងចាំបាច់មួយ ព្រោះប្រជាពលរដ្ឋភាគច្រើនតែងភ្លេចភ្លាំងមិនសូវភ្ញាក់រឭកចាប់អារម្មណ៍ឡើយ បើការផ្សព្វផ្សាយនោះមានតិច និងមិនផុលផុសនោះ។
លោកបញ្ជាក់ថា៖ «យើងក៏ចង់ឲ្យមានការផ្សព្វផ្សាយដែរ ដោយសារប្រជាពលរដ្ឋយើងភាគច្រើនមើលទៅគឺគាត់អត់ដឹងទេ ផលិតផលអី ទំនិញអី មកពីណា គុណភាពយ៉ាងម៉េច មានផលប៉ះពាល់យ៉ាងណ សំខាន់គឺគាត់ដឹងតែទិញប្រើប៉ុណ្ណឹង» ។
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់បញ្ជាក់ថា ផលិតផលក្លែងក្លាយពិតជាអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ប្រសិនបើផលិតផលក្លែងក្លាយនោះជាម្ហូបអាហារឬថ្នាំពេទ្យ។ ប្រសិនបើជាផលិតផលប្រើប្រាស់ អាចបង្កផលប៉ះពាល់ដល់សុវត្ថិភាព និងផលប្រយោជន៍សេដ្ឋកិច្ចធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋដែលជាវផលិតផលទាំងនោះយកមកប្រើ។ ម្យ៉ាងវិញទៀតការផលិត និងចរាចរផលិតផលក្លែងក្លាយក៏ធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងពាណិជ្ជកម្មផងដែរ។
លោកបន្តថា ដើម្បីទប់ស្កាត់ការចរាចរទំនិញក្លែងក្លាយ អគ្គនាយកដ្ឋាន ក.ប.ប. នឹងបង្កើនសកម្មភាពចុះត្រួតពិនិត្យ និងបង្ក្រាបរាល់សកម្មភាពផលិត ស្តុកទុក និងចរាចរនៅលើទីផ្សារឱ្យបានសកម្មថែមទៀត។ ជាមួយគ្នានោះបង្កើនសកម្មភាពអប់រំ ផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយថែមទៀតដល់ផលិតករ អាជីវករ និងអ្នកប្រើប្រាស់។
លោកបញ្ជាក់ថា ជាទូទៅអ្នកផលិតទំនិញក្លែងក្លាយ តែងខិតខំរកគ្រប់វិធីដើម្បីផលិតទំនិញឱ្យដូចរបស់ពិត ដែលធ្វើឱ្យអ្នកទិញជួបការលំបាកក្នុងការបែងចែករវាងផលិតផលក្លែងក្លាយ និងផលិតផលពិត។ ទោះយ៉ាងណា នៅមានចំណុចពិសេសមួយចំនួន ដែលមានតែក្រុមហ៊ុន ឬម្ចាស់ម៉ាកផលិតទំនិញនោះផ្ទាល់ និងសមត្ថកិច្ចជំនាញទើបអាចបែងចែកផលិតផលក្លែងក្លាយ និងផលិតផលពិតបាន។
លោកថ្លែងថា៖ «នៅពេលដែលសេដ្ឋកិច្ចជាតិកំពុងមានការរីកចម្រើន ធ្វើឱ្យការផលិតទំនិញកាន់តែសម្បូរបែប ការប្រកួតប្រជែងអំពីគុណភាពនិងតម្លៃ គឺជាកត្តាដ៏សំខាន់ដើម្បីដណ្តើមឧត្តមភាពនៅក្នុងទីផ្សារ។ ក្នុងកាលៈទេសៈបែបនេះអាជីវករមួយចំនួនដោយសារតែផលចំណេញ បានរិះរកគ្រប់មធ្យោបាយផលិតទំនិញក្លែងក្លាយ ដើម្បីបង្កើនការចរាចរលើទីផ្សារ»។
លោកបញ្ជាកបន្ថែមថា ការដោះស្រាយចំពោះបញ្ហាផលិតផលក្លែងក្លាយនេះ នៅមានបញ្ហាប្រឈមខ្លះគឺ ច្បាប់ និងលិខិតបទដ្ឋាន សម្រាប់គាំទ្រដល់ដំណើរការអនុវត្តការងារនៅមិនទាន់មានគ្រប់គ្រាន់ ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានរបស់អ្នកប្រើប្រាស់ អាជីវករផលិតករនៅមានកម្រិតនៅឡើយ។ ហេតុនេះ ក.ប.ប. បាននិងកំពុងបន្តផ្សព្វផ្សាយច្បាប់ជាបន្តបន្ទាប់ថែមទៀត។ ជាក់ស្តែងកាលថ្ងៃទី ៧ ខែកក្កដា មានសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ នៅសណ្ឋាគារស្ទឹងសង្កែខេត្តបាត់ដំបង។
លោក ផាន អូន បានញ្ជាក់ថា សិក្ខាសាលានេះ បានផ្តល់ឱកាសក្នុងការបង្កើតសមាគមអ្នកប្រើប្រាស់ ការលើកកម្ពស់សិទ្ធិរបស់អ្នកប្រើប្រាស់ ជាពិសេសអ្នកប្រើប្រាស់អាចវិវឌ្ឍខ្លួនឱ្យក្លាយទៅជាអ្នកប្រើប្រាស់ដែលវៃឆ្លាត (SMART CONSUMERS) ហើយច្បាប់ស្តីពីការប្រកួតប្រជែងនឹងបញ្ជ្រាបវប្បធម៌នៃការប្រកួតប្រជែងដោយស្មើភាព ជាពិសេសច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការទទួលបន្ទុកអនុវត្តការគ្រប់គ្រង និងត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម។
លោកអគ្គនាយនៃអគ្គនាយកដ្ឋាន ក.ប.ប. អំពាវនាវដល់ធុរជនដែលប្រកបរបររកទទួលទានទាំងអស់នៅកម្ពុជា សូមប្រកបអាជីវកម្មដោយសុចរិតដើម្បីបង្កើនទំនុកចិត្តដល់អតិថិជនរបស់ខ្លួនការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងប្រយោជន៍សុខភាព និងផលប្រយោជន៍សេដ្ឋកិច្ច ពិសេសដើម្បីចៀសវាងការប្រឈមចំពោះមុខច្បាប់ជាធរមាន។
លោកបញ្ជាក់ថា៖ «សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍មកអគ្គនាយកដ្ឋាន ក.ប.ប. ប្រសិនបើបងប្អូនបានដឹងអំពីព័ត៌មានអំពីការផលិត ស្តុកទុក ឬលក់ផលិតផលក្លែងក្លាយ ដើម្បីចាត់ការតាមនីតិវិធីបានទាន់ពេលវេលា»៕