សៀមរាបៈ ក្រសួងបរិស្ថានសហការជាមួយលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) បានរៀបចំសិក្ខាសាលាក្រុមអ្នកជំនាញប្រទេសអភិវឌ្ឍន៍តិចតួចស្ដីពីផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិករយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១២-១៥ ខែ កក្កដា ឆ្នាំ ២០២២។ នេះបើតាមក្រសួងបរិស្ថាន។
សិក្ខាសាលានេះបានធ្វើឡើងនៅខេត្តសៀមរាប ក្រោមអធិបតីភាពលោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាង UNFCCC តំណាងមូលនិធិអាកាសធាតុបៃតង តំណាងដៃគូអភិវឌ្ឍន៍ ប្រធាននិងតំណាងក្រុមប្រទេសអភិវឌ្ឍន៍តិចតួចចំនួន ១៧ ប្រទេស និងអ្នកសង្កេតការណ៍អន្តរជាតិសរុបចំនួន ៦០ រូប។
លោក ទិន ពន្លក បានថ្លែងពេលបើកសិក្ខាសាលានេះថា ប្រទេសកម្ពុជា ងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុដូចប្រទេសមួយចំនួនក្នុងតំបន់ ហើយសកម្មភាពបន្ស៊ាំ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពងាយរងគ្រោះទៅនឹងការប្រែប្រួលអាកាសធាតុ និងចូលរួមលើកកម្ពស់ជីវភាពប្រជាជន។
លោកបានឱ្យដឹងថា កម្ពុជាបានដាក់បញ្ចូលនូវសកម្មភាពបៃតង និងអាកាសធាតុចំនួន ១៣ ទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ ១៩។ លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ក៏បានបង្ហាញពីអាទិភាពនៃសកម្មភាពបន្ស៊ាំ ជាពិសេសការសន្យា និងកៀរគររករថវិកាពីប្រទេសអភិវឌ្ឍន៍សម្រាប់អនុវត្តសកម្មភាពបន្ស៊ាំ។
លោកថ្លែងថា៖ «ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចត្រូវធ្វើសកម្មភាពបន្ថែមទៀត ដើម្បីប្រែក្លាយការសន្យាផ្តល់ថវិកាទាំងនោះទៅជាការអនុវត្តសកម្មភាពជាក់ស្តែងតាមរយៈជំនួយបច្ចេកទេស និងថវិកាតាមរយៈការអនុវត្តគម្រោងបន្ស៊ាំនានា»។
លោកលើកឡើងថា សង្រ្គាមដែលកំពុងបន្តនៅប្រទេសអ៊ុយក្រែន បានធ្វើឱ្យភាពងាយរងគ្រោះនៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចកាន់តែធ្ងន់ធ្ងរឡើងៗ។ ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ជំងឺកូវីដ ១៩ និងសង្រ្គាមនេះ រារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ លើសពីនេះសកលភាវូបនីយកម្ម និងពហុភាគីនិយមកំពុងផ្លាស់ប្តូរ ដែលទំនងជានឹងប៉ះពាល់ដល់របៀបដែលប្រទេសនានាបានធ្វើការរួមគ្នា ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុជាដើម។
លោកបញ្ជាក់ថា៖ «នៅក្នុងបរិបទការវិវត្តថ្មីនេះវាមានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នាក្នុងការកែសម្រួលយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់យើងឆ្ពោះទៅរកមាគ៌ាបៃតង និងធន់នឹងការប៉ះទង្គិចផ្នែកសេដ្ឋកិច្ចឬភូមិសាស្ត្រនយោបាយខាងក្រៅ ជាពិសេសទាក់ទងនឹងសន្តិសុខស្បៀង និងថាមពល»។
លោក Paul Desanker តំណាងលេខាធិការអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងបរិស្ថានចំពោះការសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឱ្យលេចជារូបរាងឡើង ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកពីការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ។
លោកថ្លែងថា៖ «UNFCCC គាំទ្រដល់ប្រទេសកម្ពុជា និងប្រទេសអភិវឌ្ឍន៍តិចតួចដទៃទៀតក្នុងរៀបចំផែនការសកម្មភាពបន្ស៊ាំ និងបច្ចេកទេសពាក់ព័ន្ធដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
បើតាមក្រសួងបរិស្ថាន សិក្ខាសាលានេះមានគោលបំណងគាំទ្រក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្នុងការរៀបចំនិងធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវផែនការជាតិបន្ស៊ាំ (NAP) ការចែករំលែកឧត្តមានុវត្តន៍ និងបទពិសោធ
ដើម្បីកំណត់ជំនួយបច្ចេកទេសនានាក្នុងការរៀបចំសំណើគម្រោង ដើម្បីទទួលបានការគំាទ្រហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតង និងមូលនិធិអាកាសធាតុនានា។
សិក្ខាសាលានេះក៏នឹងពិភាក្សាអំពីការកំណត់សកម្មភាពបន្ស៊ាំអាទិភាពក្នុងការរៀបចំគម្រោង ដើម្បីទទួលការគំាទ្រហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតង ក៏ដូចជា មូលនិធិនានា និងការអនុវត្តផែនការសកម្មភាពបន្ស៊ាំ ការលើកកម្ពស់ចំណេះដឹង និងបច្ចេកវិទ្យាសមស្រប សម្រាប់ការអនុវត្តក្នុងបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចផងដែរ៕