ភ្នំពេញៈ អាស៊ានជជែកពិភាក្សាជុំវិញគោលនយោបាយកម្លាំងសេវាសង្គមក្នុងផ្នែកកិច្ចគាំពារសង្គមនៅថ្នាក់តំបន់ ខណៈកម្ពុជាប្តេជ្ញាបង្កើនចំនួនកម្លាំងសេវាសង្គមកិច្ចនេះឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់ខ្លួន។
នៅថ្ងៃទី ១៤ កក្កដា មន្ត្រីតំណាងរដ្ឋាភិបាលនៅតំបន់អាស៊ាន និងសង្គមស៊ីវិលជាច្រើនរូប បានចូលរួមដោយផ្ទាល់ និងតាមរយៈវីដេអូប្រព័ន្ធអនឡាញ ក្នុងសន្និសីទស្តីពីការបង្កើតគោលការណ៍ថ្នាក់តំបន់ នៃតួនាទីកម្លាំងសេវាសង្គមក្នុងផ្នែកកិច្ចគាំពារសង្គមនៅថ្នាក់តំបន់ ដែលរៀបចំឡើងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
សន្និសីទនេះ រៀបចំឡើង ដើម្បីប្រមូលផ្តុំដៃគូពាក់ព័ន្ធសំខាន់ៗ និងសមាជិកនៃក្រុមការងារបច្ចេកទេសពាក់ព័ន្ធក្នុងការចូលរួមប្រឹក្សាយោបល់និងពិនិត្យឡើងវិញលើសេចក្តីណែនាំថ្នាក់តំបន់ចំនួន៤ ដែលនឹងជួយដល់រដ្ឋជាសមាជិកអាស៊ាន ក្នុងការអនុវត្តនូវផែនទីបង្ហាញផ្លូវអាស៊ាន សម្រាប់ការអនុវត្តសេចក្ដីប្រកាសពីក្រុងហាណូយ ស្តីពីការពង្រឹងសង្គម ឆ្ពោះទៅសហគមន៍អាស៊ានប្រកបដោយភាពស្អិតល្មួត។ នេះបើតាមក្រសួងសង្គមកិច្ច។
នាឱកាសនោះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងថា ប្រទេសជាសមាជិកអាស៊ានទាំងអស់ បានខិតខំគ្រប់មធ្យោបាយ ក្នុងការចូលរួមលើកកម្ពស់តួនាទីការងារសង្គម និងកម្លាំងសេវាសង្គម ដើម្បីឈានឆ្ពោះទៅពង្រឹង និងពង្រីកកិច្ចគាំពារសង្គម ក្នុងក្របខ័ណ្ឌតំបន់ឱ្យកាន់តែប្រសើរឡើង។
លោកបន្តថា កិច្ចប្រជុំពិគ្រោះយោបល់អាស៊ានស្តីពីការបង្កើតសេចក្តីណែនាំថ្នាក់តំបន់ ស្តីពីតួនាទីនិងភារកិច្ចកម្លាំងសេវាសង្គម ដើម្បីពង្រឹងកិច្ចគាំពារសង្គម (ASEAN Regional Guidance) និងដាក់ជូនប្រមុខថ្នាក់ដឺកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជានឹងធ្វើជាប្រធានក្នុងឆ្នាំ ២០២២ នេះ។
បន្ថែមពីនេះលោក វង សូត អះអាងថា តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រនានាកន្លងមករបស់កម្ពុជា គឺដើម្បីសំដៅពង្រឹងសមត្ថភាព និងបង្កើនចំនួនកម្លាំងសេវាសង្គមកិច្ចយ៉ាងហោចណាស់ ត្រូវមានអ្នកអាជីពសង្គមកិច្ច ឬអ្នកអាជីពសង្គមកិច្ចរង ២ នាក់ ក្នុង ១ ឃុំ-សង្កាត់។ បន្តលើកកម្ពស់កម្លាំងសេវាសង្គមនេះ គឺដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យច្បាស់លាស់និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការគាំពារនូវសុខុមាលភាពរបស់ប្រជាជន និងផ្តល់សេវាជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោកបញ្ជាក់ថា៖ «កម្លាំងសេវាសង្គម គឺជាទស្សនៈរួមមួយដែលសំដៅទៅលើអ្នកជំនាញ និងអ្នកជំនាញរងទាំងក្នុងរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល ដែលធ្វើការជាមួយកុមារ យុវជន មនុស្សពេញវ័យ ក្រុមគ្រួសារ និងសហគមន៍ដើម្បីធានានូវការអភិវឌ្ឍ ប្រកបដោយសុខុមាលភាពពេញលេញ»។
លោកបន្តថា៖ «ខ្ញុំយល់ថា កម្លាំងពលកម្មផ្នែកសេវាសង្គម ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងលើកកម្ពស់សុខុមាលភាពរបស់កុមារ គ្រួសារ និងក្រុមងាយរងគ្រោះដោយកំណត់អត្តសញ្ញាណ និងគ្រប់គ្រងហានិភ័យព្រមទាំងសម្រួលដល់ការទទួលបានសេវាគាំទ្រសង្គមនិងធានាថា ពួកគេនឹងទទួលបានសេវាសង្គមប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា»។
លោក Ekkaphab Phanthavong អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាស៊ាន ទទួលបន្ទុកសហគមន៍ សង្គម វប្បធម៌អាស៊ាន និយាយថា ការពិភាក្សាទៅលើប្រធានបទនេះ គឺដើម្បីឈានទៅរកការបង្កើតគោលការណ៍ថ្នាក់តំបន់ ជុំវិញតួនាទីកម្លាំងសេវាសង្គម ក្នុងផ្នែកកិច្ចគាំពារសង្គមក្នុងតំបន់អាស៊ាន។ លោកបន្តថា កម្លាំងសេវាសង្គមនេះ ក៏ជាការងារមួយដែលសំខាន់ក្នុងការដឹកនាំរួមគ្នាដើម្បីសុខុមាលភាពសង្គម សម្រាប់ប្រទេសជាសមាជិកអាស៊ានផងដែរ។
លោកបញ្ជាក់ថា៖ «ខ្ញុំពេញចិត្តយ៉ាងខ្លាំងចំពោះគោលនយោបាយកម្លាំងសេវាសង្គម ដែលតម្រូវឱ្យមានការងារវិជ្ជាជីវៈលើកិច្ចការងារសង្គម ដើម្បីផ្តល់ការឆ្លើយតបនូវភាពចាំបាច់ គុណភាព ប្រសិទ្ធភាព ក្នុងការការពារនូវសិទ្ធិមនុស្ស។ នេះគឺជាចំណុចសំខាន់មួយក្នុងការធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាពក្នុងការបង្កើតកម្លាំងសេវាសង្គមនៅក្នុងថ្នាក់តំបន់ចំពោះពលរដ្ឋដែលចាំបាច់ឱ្យមានការថែទាំ»។
តាមការសិក្សា របស់សម្ព័ន្ធកម្លាំងសេវាសង្គមសកល (GSSWA) និងអង្គការយូនីសេហ្វ ទិន្នន័យសំខាន់ៗ ដែលទាក់ទងនឹងកម្លាំងសេវាសង្គមកិច្ចនៅកម្ពុជាក្នុងឆ្នាំ ២០១២ ចំនួនអ្នកផ្តល់សេវាសង្គម ដោយរាប់ទាំងមន្ត្រីក្រសួងសង្គមកិច្ចមានចំនួន ១ ៥៥១ នាក់ ដែលក្នុងចំណោមនោះប្រមាណ ១ ភាគ ៣ ធ្វើការនៅថ្នាក់ជាតិ និង ១ ភាគ ៣ គឺជាស្ដ្រី។ ផ្អែកលើការសិក្សានាពេលថ្មីៗនេះ មានមុខតំណែងការងារសង្គមចំនួន ៣ ៧៦៤ ក្នុងជួររាជរដ្ឋាភិបាល ដែលចំនួននេះបានផ្តល់នូវសមាមាត្រនៃបុគ្គលិកសេវាសង្គមចំនួន៦៥នាក់ ក្នុងចំណោមកុមារចំនួន ១០០ ០០០ នាក់។
លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វ ប្រចាំប្រទេសកម្ពុជាបាននិយាយថា នេះគឺជារឿងល្អដែលរដ្ឋជាសមាជិកអាស៊ាន មានកិច្ចពិភាក្សារួមគ្នា ពីគោលការណ៍ថ្នាក់តំបន់ និងបង្កើតឱ្យមានកម្លាំងសេវាសង្គមនៅក្នុងប្រទេសនីមួយៗ ព្រោះកម្លាំងសេវាសង្គម ដើរតួនាទីសំខាន់ណាស់ ទៅលើការអភិវឌ្ឍប្រទេស។
លោកស្រីបន្ថែមថា៖ «សេវាសង្គមដែលបង្កើតឡើងនៅលើពិភពលោក គឺធ្វើឡើងដើម្បីគាំទ្រពលរដ្ឋដែលងាយរងគ្រោះ ជាពិសេសស្ត្រី និងកុមារ។ ការធ្វើឱ្យប្រសើរឡើងនេះ ក៏ដូចជាករណីទៅនឹងប្រទេសកម្ពុជាផងដែរ ក្នុងការពង្រឹងកម្លាំងសេវាសង្គម ដែលបានធ្វើឡើងជាបន្តបន្ទាប់»។
កាលពីថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២២ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវ “ផែនការយុទ្ធសាស្ត្រស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា ២០២២-២០៣១” និងផ្សព្វផ្សាយឯកសារទឡ្ហីករណ៍ស្ដីពីការវិនិយោគលើកម្លាំងសេវាសង្គម និងសេចក្តីណែនាំស្ដីពី “តួនាទីនិងភារកិច្ចសម្រាប់មន្ត្រីទទួលបន្ទុកជាបុគ្គលិកសង្គមកិច្ច ក្រុង ស្រុក ខណ្ឌ” ដែលជារបត់មួយក្នុងការបង្កើនការផ្តល់សេវាសង្គមកិច្ចឱ្យកាន់តែទូលំទូលាយ និងចំគោលដៅ៕