ភ្នំពេញៈ រដ្ឋមន្រ្ដី​ក្រសួង​យុត្ដិធម៌ លោក កើត រិទ្ធ បាន​គូស​បញ្ជាក់​ពី​គោល​បំណង​នៃ​ការ​ធ្វើ​​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម លើក​ទី​១០ ​​ថា​ គឺ​ដើម្បី​បំពេញ​​​នូវ​ចំណុច​ខ្វះខាត​របស់​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ និង​ដើម្បី​ការពារ​នូវ​ឧត្ដម​ប្រយោជន៍​របស់​ជាតិ​ និង​មាតុភូមិ​កម្ពុជា​។

លោក កើត រិទ្ធ បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការ​ធ្វើ​​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ដោយ​ធ្វើ​វិសោធនកម្ម​មាត្រា​ ១៩​ ថ្មី​ (១) មាត្រា​ ៨៩ មាត្រា ៩៨ ​ថ្មី មាត្រា​ ១០២ ​ថ្មី មាត្រា​ ១១៩ ​ថ្មី (១) និង​មាត្រា​ ១២៥ ​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​និង​មាត្រា​ ៣ ​ថ្មី ​មាត្រា ៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ ដើម្បី​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ នា​ថ្ងៃទី ១៤ ខែ​កក្កដា នៅ​ក្រសួង​យុត្តិធម៌​។

លោក​បាន​​ថ្លែង​ថា​៖ «គោល​បំណង​នៃ​ការ​ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ​នេះ ដូច​ខ្ញុំ​បាន​បញ្ជាក់​ជូន​ពី​ខាង​ដើម​ថា វិសោធនកម្ម​របស់​យើង​ចំនួន ៩ លើក​កន្លង​មក​នេះ គឺ​ដើម្បី​បំពេញ​ឱ្យ​គោល​បំណង​សំខាន់​តែ ២ ទេ ទី១ ​បំពេញ​បន្ថែម​នូវ​ចំណុច​ខ្វះខាត​របស់​រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ ទី២ ដើម្បី​ការពារ​នូវ​ឧត្ដម​ប្រយោជន៍​របស់​ជាតិ និង​មាតុភូមិ​កម្ពុជា»។

លោក​​​រដ្ឋមន្ត្រី​បាន​ចោទ​សួរ​ថា តើ​ការពារ​យ៉ាង​ម៉េច? ក្នុង​នោះ គឺ​ការពារ​ទី១ គឺ​ដើម្បី​ធានា​ឱ្យស្ថាប័ន​កំពូល​របស់​ជាតិ ​ជាពិសេស​គឺ​អំណាច​នីតិប្រតិបត្ដិ ដែល​មាន​បេសកកម្ម​ចម្បង​ក្នុង​ការ​ដឹកនាំ​កិច្ចការងារ​ទូទៅ​របស់​រដ្ឋ មាន​ដំណើរការ​ប្រព្រឹត្ដ​ទៅ​ដោយ​រលូន និង​ប្រកប​ដោយ​និរន្តរភាព​នៅ​គ្រប់​កាលៈទេសៈ​ទាំង​អស់។ ទី២ ការ​ធានា​ការពារ​ និង​ថែ​រក្សា​ឱ្យ​បាន​នូវ​សន្តិភាព សន្ដិសុខ​សង្គម សណ្ដាប់​ធ្នាប់​សាធារណៈ និង​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​ជាតិ​នៅ​​គ្រប់​កាលៈទេសៈ​ ដើម្បី​បន្ត​ជា​គ្រឹះ​ដ៏​រឹងមាំ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ លើ​​គ្រប់​វិស័យ និង​បម្រើ​ឱ្យ​សេចក្ដី​សុខសាន្ត​របស់​ប្រជាជន​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «មើល​ពី​បំណង​ដ៏​ពិសិដ្ឋ​ ២ ​នេះ តើ​យើង​គួរ​ធ្វើ​ ឬ​មិន​ធ្វើ ហើយ​យើង​យក​ខ្លឹមសារ​មក​មើល​ថា តើ​យ៉ាង​ម៉េច​?»។

សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ធម្មនុញ្ញ​ និង​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​​នេះ​ ត្រូវ​បាន​ដាក់​ឆ្លង​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្ដី កាល​​ពី​ថ្ងៃទី​ ៨ ​ខែ​ កក្កដា ឆ្នាំ​ ២០២២​ កន្លង​ទៅ​ដោយ​​គណៈរដ្ឋមន្រ្ដី​បាន​សម្រេច​អនុម័ត​យល់​ព្រម​ទាំង​ស្រុង។

លោក​ កើត រិទ្ធ បញ្ជាក់​ទៀត​ថា ការ​ធ្វើ​វិសោធនកម្ម​នេះ​ គ្មាន​កន្លែង​ណា​មួយ​ជា​ការ​លាក់​បាំង​ឡើយ​។ កន្លង​ទៅ​​មាន​សំណួរ​ថា ហេតុអ្វី​​បាន​ជា​អត់​ឃើញ​សេចក្ដី​ព្រាង​នេះ​? លោក​ថា​ បើ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​ទាន់​សម្រេច​​ផង ​តើ​មាន​សេក្ដី​ព្រាង​​មក​ពី​ណា។

លោក កើត រិទ្ធ ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃទី​ ១៤​ កក្កដា​​​។ រូប យូសុះ អាប់​ឌុលរ៉ាស់ហ៊ីម​

លោក​បញ្ជាក់​ថា៖ «គ្រាន់​តែ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​សម្រេច​ហើយ​ភ្លាម គឺ​យើង​រៀបចំ​ដើម្បី​និយាយ​គ្នា​ភ្លាម​ ហើយ​ចែក​នូវ​សេចក្ដី​ព្រាង​នេះ​ ដើម្បី​អាច​ទុក​ជាមូល​ដ្ឋាន​»។ លោក​បន្ត​ថា រាល់​ដំណើរការ​នៃ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើកទី​១០ ​នេះ​ ក៏​មិន​ខុស​ពី​លើក​ទី៩ ក៏​មិន​ខុស​ពី​លើ​ទី៨ ក៏​មិន​ខុស​ពី​ការ​ធ្វើ​វិសោធនកម្ម​តាំង​ពី​លើក​ទី១​ មក​ដែរ​ គឺ​អនុវត្ដ​ស្រប​ទៅ​តាម​នីតិវិធី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​​រដ្ឋមន្ត្រី​បញ្ជាក់​ថា៖ «ឥឡូវ​បើ​កន្លែង​ណា​ខុស ​សូម​លើក​មាត្រា​មក​បង្ហាញ​មក​ថា​ អនុវត្ដ​នេះ​ខុស ​ជាមួយ​រដ្ឋធម្មនុញ្ញ​កន្លែង​ណា ក្នុង​ដំណើរការ​នីតិវិធី​ពី​ដើម​ដល់​ចប់ សូម​យក​រដ្ឋធម្មនុញ្ញ​ទៅ​មើល​ ហើយ​បើ​យើង​ចាត់​ទុក​រដ្ឋធម្មនុញ្ញ​ជា​គ្រឹះ សូម​អាន​រដ្ឋធម្មនុញ្ញ​នេះ​ដោយ​យក​ចិត្ដ​ទុក​ដាក់ អាន​ឱ្យ​ចប់​ហើយ​ព្យាយាម​យល់​ឱ្យ​ច្បាស់​»។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​ថ្ងៃទី ១៣ ខែ កក្កដា ​ឆ្នាំ ២០២២ ដឹកនាំ​ដោយ​លោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ ដើម្បី​ពិនិត្យ និង​រៀបចំ​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​មតិ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ថ្វាយ​ព្រះ​ករុណា​ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម​ សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

តាម​រយៈ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ក្រាប​បង្គំ​ទូល​ថ្វាយ​ ព្រះមហាក្សត្រ​ដោយ​ផ្អែក​លើ​មាត្រា ១៥៣ ​ថ្មី (២ មាត្រា​១៥១ ​ថ្មី) មាត្រា​ ១៥៤ ថ្មី (២ មាត្រា ១៥២ ថ្មី) និង​មាត្រា ១៥៥ ថ្មី​ (២ មាត្រា​ ១៥៣ ​ថ្មី) នៃ​រដ្ឋធម្មនុញ្ញ ការ​ស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា​ ១៩ ថ្មី (១) មាត្រា​ ៨៩ មាត្រា​ ៩៨ ថ្មី មាត្រា ១០២ ថ្មី​មាត្រា​ ១១៩ ថ្មី (១) និង​មាត្រា​ ១២៥ ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ និង​មាត្រា ៣ ​ថ្មី ​មាត្រា​ ៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​អាច​ធ្វើ​ទៅ​បាន គឺ​ស្រប​តាម​បរិបទ​នៃ​សភាពការណ៍​ជាក់​ស្ដែង និង​ពុំ​មាន​អ្វី​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ និង​របប​រាជានិយម​អាស្រ័យ​​រដ្ឋ​ធម្មនុញ្ញ ព្រម​ទាំង​ធ្វើ​ឡើង​នៅ​ពេល​ប្រទេស​ជាតិ​មិន​ស្ថិត​ក្នុង​ភាព​អាសន្ន​៕