ភ្នំពេញៈ បុរស​ជនជាតិ​អង់គ្លេស​ ១ ​រូប លោក​ និក ម៉ាក​ (Nick Marx) បាន​ចំណាយ​ពេល​ជាង​ ២០​ ឆ្នាំ​មកហើយ ដើម្បី​ចូលរួម​អភិរក្ស​សត្វព្រៃ និង​សង្គ្រោះ​សត្វព្រៃ​នៅ​កម្ពុជា ដែល​កំពុង​រងគ្រោះ​ដោយសារ​ការដាក់​អន្ទាក់ និង​ការ​ឈូសឆាយ​ព្រៃ​។ លោក​បាន​ធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​ ២០០១ ​មក​ម្ល៉េះ ដើម្បី​ធ្វើការ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ផ្នែក​អភិរក្ស​សត្វព្រៃ គឺ អង្គការ Wild Aid ដែល​បច្ចុប្បន្ន ប្តូរ​ឈ្មោះ​ជា​អង្គការ Wildlife Alliance​។

ក្នុង​ជំនួប​ជាមួយ ​ភ្នំពេញ​ ប៉ុស្តិ៍ លោក​ និក ម៉ាក ប្រាប់ថា បន្ទាប់ពី​ស្នាក់នៅ​កម្ពុជា​រយៈពេល​ជាយូរ​ឆ្នាំ​មកនេះ លោក​មាន​បំណង​ចង់​ស្នាក់នៅ​កម្ពុជា​បន្តទៀត​តាមដែល​អាច​ធ្វើបាន ហើយ​ខិតខំ​កៀរគរ​ថវិកា​ពី​គ្រប់​មជ្ឈដ្ឋាន​នានា ដើម្បី​ទ្រទ្រង់​កម្មវិធី​អភិរក្ស និង​សង្គ្រោះ​សត្វព្រៃ​នៅ​កម្ពុជា​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

ខាងក្រោម​នេះ ជា​បទសម្ភាស​រវាង​ភ្នំពេញ​ប៉ុស្តិ៍ និង​លោក​ និក ម៉ាក ដែល​បច្ចុប្បន្ន ជា​នាយក​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ​នៅ​កម្ពុជា​៖

តើ​លោក​អាច​រៀបរាប់​ពី​ដំណើរការ​សិក្សា និង​ស្ថានភាព​គ្រួសារ​ក្នុង​ប្រទេស​អង់គ្លេស​បាន​ទេ​?

បច្ចុប្បន្ន​ខ្ញុំ​មាន​អាយុ​ ៧១ ​ឆ្នាំ​ហើយ និយាយ​តាម​ត្រង់​តាំងពី​តូច ខ្ញុំ​មិន​ចូលចិត្ត​សិក្សា​ទេ ប៉ុន្តែ​ឪពុកម្តាយ​ខ្ញុំ​តែង​ចង់ឱ្យ​ខ្ញុំ​សិក្សា​បាន​ខ្ពស់ និង​បញ្ជូន​ទៅ​សាលា​ឯកជន​រហូត​ដល់​អាយុ ​១៦ ​ឆ្នាំ ខ្ញុំ​បាន​បោះបង់​ចោល​ការសិក្សា ហើយ​ទៅធ្វើ​អ្វី​ដែលជា​ចំណង់​ចំណូល​ចិត្ត គឺ​បរិស្ថាន និង​សត្វព្រៃ​។

ចំណែក​ឪពុកម្តាយ​ខ្ញុំ​ជា​អ្នកមាន ហើយ​ចំណូល​របស់គាត់​អាច​ផ្គត់ផ្គង់​ ១​ គ្រួសារ ហើយ​យើង​មាន​ផ្ទះ​នៅក្នុង​ក្រុង​ផង និង​មានផ្ទះ​លម្ហែកាយ​នៅ​ជាយក្រុង​ទៀតផង​។ បើ​និយាយ​ឱ្យ​ខ្លី​យើង​ជា​គ្រួសារ​ ១​ ដែលមាន​ជីវភាព​ធូរ​។ ប៉ុន្តែ​បច្ចុប្បន្ន​ខ្ញុំ​ជា​កូនកំព្រា ព្រោះ​ឪពុកម្តាយ​ខ្ញុំ​បាន​ស្លាប់​អស់ហើយ ឪពុក​ខ្ញុំ​ស្លាប់ យូរ​ឆ្នាំ​គួរសម​។ ប៉ុន្តែ​ម្តាយ​ខ្ញុំ ទើប​ស្លាប់​នៅ​ឆ្នាំ​ ២០២១ ​ទេ​។ ខ្ញុំ​មាន​កូន​ប្រុស ​១ ​អង់គ្លេស ប៉ុន្តែ​ខ្ញុំ​បែក​គ្នា​ជាមួយ​ប្រពន្ធ ហើយ​នៅ​ខ្មែរ​ ២០ ​ឆ្នាំ​មកនេះ ខ្ញុំ​អត់​ទាន់​មាន​គ្រួសារ​នៅ​ស្រុក​ខ្មែរ​ទេ ដោយសារ​ខ្ញុំ​រវល់​ជាមួយ​ការអភិរក្ស​សត្វព្រៃ​។

តើ​លោក​មាន​ចំណង់​ចំណូល​ចិត្ត​អ្វី​កាលពី​ក្មេង​?

ខ្ញុំ​ដឹងខ្លួន ខ្ញុំ​ចូលចិត្ត​សត្វ​តាំងពីក្មេង​មក​ពេល​ខ្ញុំ​នៅ​ជាមួយ​សត្វ ខ្ញុំ​មាន​ក្តី​សុខ​ជាង​អ្វីៗ​ទាំងអស់​។ អ្នក​ជិតខាង​ខ្ញុំ ដឹង​ខ្ញុំ​ចូលចិត្ត​សត្វ អ៊ីចឹង​ពេលខ្លះ​សត្វ​ឈឺ ឬ​គេ​ទៅ​ឆ្ងាយ គេ​ទុក​សត្វ​ឱ្យ​ខ្ញុំ​មើលថែទាំ និង​ពេលខ្លះ​ខ្ញុំ​យក​សត្វ​ចូល​បន្ទប់​របស់ខ្ញុំ​។ ពេញ​មួយជីវិត​ខ្ញុំ​ស្រឡាញ់​សត្វព្រៃ​។

លោក​អាច​ប្រាប់​ពី​បទ​ពិសោធ​ការងារ មុន​មក​បម្រើ​ការងារ​នៅ​ស្រុក​ខ្មែរ​បានទេ​?

ខ្ញុំ​បានចាប់ផ្តើម​ធ្វើការ​នៅ​សួនសត្វ​នៅ​អង់គ្លេស​អាយុ​ ១៩​ ឆ្នាំ​។ ប៉ុន្តែ​ជា​អកុសល អំឡុង​បំពេញ​ការងារ មាន​មិត្តភក្តិ​ខ្ញុំ​ម្នាក់​ត្រូវ​បាន​សត្វ​ខ្លាខាំ​បណ្តាល​ឱ្យ​ស្លាប់ ប៉ុន្តែ​ខ្ញុំ​មិន​អី​ទេ​ដោយសារ​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អជា​មួយ​សត្វ​ខ្លា ព្រោះ​ខ្ញុំ​បង្ហាត់​ល្អ មិនមែន​បង្ហាត់​ដូច​លេង​សៀក​ទេ​។ ក្រោយមក គេ​ឱ្យ ខ្ញុំ​ឈប់​មាន​ទំនាក់ទំនង​ជាមួយ​ខ្លា និង​នៅ​ឱ្យ​ឆ្ងាយ​ពី​ខ្លា ដោយសារ​គេ បារម្ភ​ថា ខ្លា​នឹង​សម្លាប់​ខ្ញុំ​ម្នាក់ទៀត ប៉ុន្តែ​ខ្ញុំ​ឈប់​អត់​បាន ទើប​គេ​ឱ្យ​ខ្ញុំ​ឈប់​ធ្វើការ​នៅ​សួនសត្វ​នៅ​អង់គ្លេស​។ បន្ទាប់​មកទៀត ខ្ញុំ​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ធ្វើជា​អ្នកមើល​ថែ​សត្វព្រៃ និង​ជា​អ្នកផ្តល់​សេវាកម្ម​ទេសចរណ៍​នៅ​សួនសត្វ​មួយកន្លែង​។ ខ្ញុំ​ធ្វើការ​នៅ​ទីនោះ​ប្រហែល ៣ ​ឆ្នាំ​ដែរ (​អាយុ ​២១-២៣ ​ឆ្នាំ​)​។ បន្ទាប់​មកទៀត បន្ត​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា ធ្វើការ​ជា​អ្នក​មើលថែ​សត្វព្រៃ​ដូចគ្នា ធ្វើការ​ប្រហែល​ ៣ ​ឆ្នាំ​ដូចគ្នា​ (​អាយុ​ ២៣-២៥​ ឆ្នាំ​)​។ បន្ទាប់មក​ខ្ញុំ​សម្រេច​ចិត្ត​វិល​ត្រឡប់មក​ស្រុក​កំណើត​វិញ​។ ពេល​ត្រឡប់​មកវិញ ខ្ញុំ​អត់​ទាន់​រក​ការងារ​ធ្វើ​ទេ សល់​ពេល​ទំនេរ​ខ្ញុំ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ ១ រៀន​ជំនាញ​បរិស្ថាន និង​អភិរក្ស​ជីវចម្រុះ រៀន​ត្រឹម​រយៈពេល​ ១ ​ឆ្នាំ​ទេ ដោយសារ​ខ្ញុំ​មាន​បទពិសោធ​ការងារ​នេះ​ច្រើន​ហើយ​។

លោក និក ម៉ាក ពេល​ផ្ដល់​កិច្ចសម្ភាសន៍​ដល់​កាសែត​ ភ្នំពេញ ​ប៉ុស្ដិ៍​។ ហេង ជីវ័ន

តើ​លោក​ចូលមក​បម្រើ​ការងារ​នៅ​កម្ពុជា​ឆ្នាំ​ណា​?

ខ្ញុំ​មក​ស្រុក​ខ្មែរ​នៅ​ឆ្នាំ​ ២០០១ គេ​ទៅ​សម្ភាស​ខ្ញុំ​នៅ​អង់គ្លេស គឺ​អង្គការ Wild Aid បច្ចុប្បន្ន​ប្តូរ​ឈ្មោះ wildlife alliance ហើយ​មូលហេតុ​ខ្ញុំ​នៅ​ស្រុក​ខ្មែរ​រហូត​ដល់​ពេលនេះ មកពី​ខ្ញុំ​មាន​ការងារ​ដែល​ខ្ញុំ​ស្រឡាញ់​។ មាន​អង្គការ និង​ក្រុមហ៊ុន​ជាច្រើន​បាន​ហៅ​ខ្ញុំ​ទៅ​ធ្វើការ​នៅ​បរទេស ដោយសារ​ខ្ញុំ​មាន​បទពិសោធ​ច្រើន​។ ប៉ុន្តែ​គំនិត​ខ្ញុំ ការងារ​នៅ​ស្រុក​ខ្មែរ​ល្អ​ជាង សម្រាប់​ខ្ញុំ ពីព្រោះ​ខ្ញុំ​អាច​ជួយ​អភិរក្ស​សត្វ សង្គ្រោះ​សត្វ ព្រោះ​ខ្ញុំ​ស្រឡាញ់​សត្វ​។ ឥឡូវ​ខ្ញុំ​កំពុង​សប្បាយ​រីករាយ​ក្នុង​ការបំពេញ​ការងារ​នៅ​មជ្ឈមណ្ឌល​ថែរក្សា និង​សង្គ្រោះ​សត្វ​ភ្នំ​តាម៉ៅ សហគមន៍​ការពារ​ព្រៃឈើ​នៅ​ខេត្តកំពង់ស្ពឺ ខេត្ត​ឧត្តរមានជ័យ​ កន្លែង​ថែរក្សា​សត្វ​នៅ​ខេត្តកោះកុង និង​កិច្ចសហការ​រវាង​អង្គការ និង​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ព្រៃអង្គរ​ទៀត ហើយ​ខ្ញុំ​សប្បាយចិត្ត​ដែលមាន​ដៃគូ​រដ្ឋ​ចូលរួម​។

តើ​លោក​មាន​ការព្រួយបារម្ភ​អ្វីខ្លះ​ចំពោះ​សត្វព្រៃ​នៅ​កម្ពុជា​?

បើតាម​ខ្ញុំ​ចាំ កាលពី​ឆ្នាំ ​២០០៤ រដ្ឋបាល​ព្រៃឈើ​ឱ្យ​ខ្ញុំ​ជួយ​ការពារ​ព្រៃឈើ​នៅ​ភ្នំ​តាម៉ៅ ហើយ​ពេលនោះ​ខ្ញុំ​សប្បាយចិត្ត ពីព្រោះ​យើង​គិតពី​អភិរក្ស​ទាំង​សត្វព្រៃ និង​ព្រៃឈើ និង​មាន​សត្វ​ច្រើន​ប្រភេទ និង សត្វព្រៃ​កម្រ​កំពុង​រស់នៅ​ភ្នំ​តាម៉ៅ​។ ប៉ុន្តែ​បច្ចុប្បន្ន ខ្ញុំ​ព្រួយបារម្ភ​ការបាត់បង់​សត្វព្រៃ ព្រោះ​មាន​គេ​ដាក់​អន្ទាក់​សត្វព្រៃ លក់​សត្វព្រៃ និង​ឈូសឆាយ​ព្រៃ អ្នក​អភិរក្ស​សត្វព្រៃ​ជួប​បញ្ហា​ច្រើន​។

ពេល​ដំបូង​ខ្ញុំ​ឃើញ​មាន​ខ្លាដំបង ខ្លារខិន មាន​គោព្រៃ រមាំង ខ្ទីង ទន្សោង ប៉ុន្តែ​បាត់បង់​បន្តិច​ម្តងៗ​ជិត​ផុត​ពូជ​ហើយ មូលហេតុ​ជាប់​អន្ទាក់​ផង និង​ការកាប់​ព្រៃ​។ ការដាក់​អន្ទាក់​នេះ​អាក្រក់​ណាស់ ព្រោះ​គេ​ដាក់​រាប់រយ​អន្ទាក់ សម្លាប់ សត្វព្រៃ ហើយ​ពេលខ្លះ​គេ​អត់​បាន​ទៅ​មើល​អន្ទាក់ សត្វ​ងាប់​ដោយសារ​ជាប់អន្ទាក់​ពេញ​ព្រៃ​ក៏មាន​។ ព្រានព្រៃ​បើ​គេ​មាន​កាំភ្លើង​គេ​បាញ់​សត្វ​ងាប់​ម្តង​ ១ ប៉ុន្តែ​បើ​ដាក់​អន្ទាក់​ងាប់​ច្រើន អ៊ីចឹង​អន្ទាក់​អាក្រក់​ណាស់​។

តើ​លោក​អាច​រៀបរាប់​ពី​សក្តានុពល​សួនសត្វ​នៅ​ភ្នំ​តាម៉ៅ​ទេ​?

តាមពិត​មាន​សត្វព្រៃ​ច្រើន​នៅ​ភ្នំ​តាម៉ៅ ខ្ញុំ​គិតថា ជាពិសេស សត្វ​ប្រើស ប្រើស​នៅលើ​ពិភពលោក ចាប់ផ្តើម​ [​ថយចុះ​] ប៉ុន្តែ​នៅ​កម្ពុជា​ច្រើន​។ តាម​ខ្ញុំ​ដឹង​គេ​មាន​ផែនការ​អភិវឌ្ឍន៍​នៅ​ភ្នំ​តាម៉ៅ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា គេ​ចង់​ធ្វើ​អ្វី​ទេ​។ សម្រាប់​ខ្ញុំ​គិតថា អភិវឌ្ឍ​គឺ​ល្អ​ណាស់ ដូចជា​ទុក​ព្រៃ​នៅ​ដដែល ប៉ុន្តែ​បង្កើត​កម្មវិធី​ទេសចរណ៍​ទៅ​ទីនោះ កម្មវិធី​ដើរ​កម្សាន្ត និង​អេកូទេសចរណ៍​។ សម្រាប់​ខ្ញុំ​ភ្នំ​តាម៉ៅ​កន្លែង​ទី ​១ ​ធ្វើ​តំបន់​អេកូ​ទេសចរណ៍ ព្រោះ​ឥឡូវ​មាន​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្ត​កណ្តាល អ៊ីចឹង​ភ្ញៀវទេសចរ​អាច​ចូល​មើល​សួនសត្វ​នៅ​ភ្នំ​តាម៉ៅ ដើម្បី​មាន​ឱកាស​ទទួល​បទពិសោធ​ល្អ​ហើយ ខ្ញុំ​គិតថា ភ្ញៀវទេសចរ​ចូល​ស្រុក​ខ្មែរ គេ​នឹង​សប្បាយ​។ ប៉ុន្តែ​បើ​គេ​ឈូសឆាយ​ព្រៃ​ធ្វើ​បុរី ខ្ញុំ​គិតថា វា​នឹង​ប៉ះពាល់​ដល់​សត្វព្រៃ ព្រោះ​វា​អត់​មាន​កន្លែង​ផ្សេងទៀត​ដែល​នៅ​ជិត​ភ្នំពេញ​។

និយាយ​ត្រង់​ខ្ញុំ​ស្អប់​ [​ការដាក់​សត្វ​ក្នុង​ទ្រុង​] ដូច​គេ​ដាក់​នៅក្នុង​គុក ប៉ុន្តែ​ភ្នំ​តាម៉ៅ មិន​ដូច​សួនសត្វ​នៅ​ស្រុក​ខ្ញុំ​។ ភ្នំ​តាម៉ៅ​គឺជា​កន្លែង​អភិរក្ស យើង​អាច​ដោះលែង​សត្វ​នៅ​ភ្នំ​តាម៉ៅ​ឱ្យចូល​ព្រៃ តាមរយៈ​កម្មវិធី​អភិរក្ស យើង​ធ្វើ​វា​ ២០ ​ឆ្នាំ​ហើយ​ជាមួយ​រដ្ឋបាល​ព្រៃឈើ គឺជា​កម្មវិធី​ល្អ​។ ឧទាហរណ៍​ប្រៀបធៀប​សួនសត្វ​នៅ​ស្រុក​ខ្ញុំ ខុស​គ្នា​ឆ្ងាយ​ណាស់ ភ្ញៀវទេសចរ​បរទេស​មកលេង​សួនសត្វ​ភ្នំ​តាម៉ៅ គេ​សរសើរ​ថា នៅ​ភ្នំ​តាម៉ៅ​ពិតជា​ល្អ​ណាស់ ប៉ុន្តែ​ប្រទេស​គេ​មិន​មាន​ឱកាស​ធ្វើ​ដូច​កម្ពុជា​។ ប៉ុន្តែ​នៅ​ភ្នំ​តាម៉ៅ​មាន​សត្វ​មួយចំនួន​មិនអាច​លែង​ចូល​ព្រៃ​បាន​ទេ ខ្លាច​សម្លាប់​មនុស្ស​ដូចជា​ខ្លា និង​ខ្លាឃ្មុំ អ៊ីចឹង​យើង​ដាក់​ក្នុង ទ្រុង​ប៉ុន្តែ​ព័ទ្ធជុំវិញ​ដោយ​ធម្មជាតិ​។

សួនសត្វ​ភ្នំ​តាម៉ៅ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ល្អ​ជាង​មុន​ឆ្ងាយ​ក្នុង​ការ​អភិរក្ស​សត្វ​ព្រៃ​។ យើង​បង្កាត់​ពូជ​សត្វ​កម្រ​ និង​ដោះលែង​សត្វព្រៃ​អត់​មាន​កន្លែង​ផ្សេងទៀត​ធ្វើ​ដូច​យើង​ទេ​។ ឧទាហរណ៍ កម្មវិធី​ដោះលែង​សត្វព្រៃ​នៅ​ខេត្ត​កោះកុង នៅ​ព្រៃអង្គរ គេ​គោរព​គម្រោង​យើង​ណាស់​។ ខ្ញុំ​អរគុណ​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ និង​ក្រសួង​បរិស្ថាន​សហការ​ជាមួយ​គ្នា ដែល​ព្យាយាម​អភិរក្ស​សត្វព្រៃ​ជាមួយ​គ្នា​។

ភាពខុសប្លែក​សួនសត្វ​ភ្នំ​តាម៉ៅ​ទៅនឹង​បណ្តា​ប្រទេស​ផ្សេងៗ គឺ​ទី​ ១​ ធម្មជាតិ សត្វ​សប្បាយ​នៅ​ភ្នំ​តាម៉ៅ​ដោយសារ​មានព្រៃ​នៅ​ជុំវិញ​។ ខ្ញុំ​មាន​មិត្តភក្ដិ​គាត់​និយាយ​ថា គាត់​ធ្លាប់​ទៅ​សួនសត្វ​នៅ​អង់គ្លេស អូស្ត្រាលី អាមេរិក គាត់​និយាយ​ថា សួនសត្វ​គេ គេ​មាន​លុយ​ច្រើន​ជាង​យើង ប៉ុន្តែ​សត្វ​នៅ​ភ្នំ​តាម៉ៅ​សប្បាយ​ជាង ពីព្រោះ​យើង​មាន​ធម្មជាតិ អត់​មាន​ចាក់​ស៊ីម៉ងត៍​ច្រើន​ទេ និង​អ្វីដែល​សំខាន់​យើង​អាច​ដោះលែង​សត្វ​នៅ​ទីនោះ​។

ខ្ញុំ​ចង់ឱ្យ​អ្នក​ទាំងអស់​គ្នា​នៅ​ស្រុក​ខ្មែរ រដ្ឋ និង​ឯកជន សូម​គោរព ភ្នំ​តាម៉ៅ ព្រោះ​នៅ​ប្រទេស​ផ្សេង​អត់​មាន​សួនសត្វ​បែប​ធម្មជាតិ​ដូច​ភ្នំ​តាម៉ៅ​ទេ​។ សួនសត្វ​នៅ​ប្រទេស​គេ​មាន​លុយ​ច្រើន ប៉ុន្តែ​អត់​ស្អាត​បែប​ធម្មជាតិ​ទេ យើង​ធ្វើ​ល្អ​ជាងគេ ហើយ​នៅ​គេ​បង្ហាត់​សត្វ បែប​លេង​សៀក​។ ប៉ុន្តែ​យើង​បង្ហាត់​បែប​ធម្មជាតិ មិន​ប្រើ​ហិង្សា​ជាមួយ​សត្វ​។ យើង​បង្ហាត់ ប៉ុន្តែ​យើង​អត់​វាយ យើង​ឱ្យ​រង្វាន់​។ ឧទាហរណ៍​សត្វ​មិន​ស្តាប់បង្គាប់ យើង​មិន​ឱ្យ​រង្វាន់​ ឬ​ចំណី​ទេ ប៉ុន្តែ​បើ​ស្តាប់បង្គាប់ យើង​ឱ្យ​រង្វាន់​ជា​ចំណី យ៉ាងណា​ក៏ដោយ​មិន​ប្រើ​ហិង្សា​ទេ​។ ភ្នំ​តាម៉ៅ អាច​ទុកជា​សម្បត្តិ​ធម្មជាតិ​សំខាន់ មូលហេតុ​បរទេស​ស្រឡាញ់​ភ្នំ​តាម៉ៅ ដោយសារ​ទីតាំង​នេះ​មាន​ធម្មជាតិ​ជា​ផ្នែក ​១ ​នៃ​វិស័យ​ទេសចរណ៍ ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​។

ប្រជាពលរដ្ឋទស្សនាសួនសត្វភ្នំតាម៉ៅ កាលពីថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២២។ហេង ជីវ័ន

អស់​រយៈពេល​ជាង​ ២០​ ឆ្នាំ​រស់នៅ​ស្រុក​ខ្មែរ តើ​លោក​ទទួល​បាន​សញ្ជាតិ​ហើយ​ឬ​នៅ​?

ខ្ញុំ​អត់​ទាន់​បាន​ទទួល​សញ្ជាតិ​ខ្មែរ​ទេ​ (​តើ​លោក​ចង់បាន​សញ្ជាតិ​ខ្មែរ​ឬទេ​?) ចង់​បាន​ណាស់ ព្រោះ ខ្ញុំ​ស្រឡាញ់​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េច បើ​បាន​សប្បាយ​។ ខ្ញុំ​គិតថា ដោយសារ​ខ្ញុំ​អត់​ចេះ​អក្សរ​ខ្មែរ និង​អត់​ចេះ​អាន អត់​មាន​លុយ​ចូលសញ្ជាតិ ចេះ​តែ​និយាយ​ខ្មែរ ទើប​អត់​បាន​សញ្ជាតិ​ខ្មែរ​។ ខ្ញុំ​អត់​ដែល​ទៅ​សាលារៀន​ភាសា​ខ្មែរ​ទេ គឺ​រៀន​តាម​មិត្តភក្តិ​គាត់​បង្រៀន​ម្តង ១​ ពាក្យ ហើយ​ខ្ញុំ​កត់ចំណាំ​នៅក្នុង​សៀវភៅ ខ្ញុំ​និយាយ​ខ្មែរ​បាន ប៉ុន្តែ​អត់​ចេះ​អាន​ទេ​។ ខ្ញុំ​ធ្លាប់​ទទួល​បាន​គ្រឿង​ឥស្សរិយយស ROYAL ORDER OF SAHAMETRIE ពី​រាជរដ្ឋាភិបាល​កម្ពុជា​មួយ​ដែរ កាលពី​ឆ្នាំ ​២០១៤​។

តើ​នៅ​ថ្ងៃ​អនាគត លោក​មាន​គម្រោង​អ្វី​ទៀត​នៅ​កម្ពុជា​?

នៅ​ស្រុក​ខ្មែរ​ខ្ញុំ​មិន​មាន​ផែនការ​អី​ទេ ក្រៅតែ​ពី​ការអភិរក្ស​សត្វព្រៃ ព្រោះ​ខ្ញុំ​មិនដឹង​ពី​អនាគត​ទេ​។ អ្វីដែល​សំខាន់​ខ្ញុំ​រក​លុយ​ជួយ​គម្រោង​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា និង​បើក​ប្រាក់ខែ​ឱ្យ​បុគ្គលិក​របស់​ខ្ញុំ​ទាំង​នៅ​សួនសត្វ​ភ្នំ​តាម៉ៅ និង​នៅ​កន្លែង​ផ្សេងទៀត​។ ខ្ញុំ​កៀរគរ​ថវិកា​ជួយ​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា ១ ​ឆ្នាំ​ចំណាយ​ប្រហែល ៧០ ​ម៉ឺន​ដុល្លារ​ក្នុង​នោះ​មាន​លុយ​ខ្ញុំ​ផ្ទាល់​ខ្លះ និង​ខ្លះទៀត​បាន​ពី​អាមេរិក អង់គ្លេស អូស្រា្តលី និង​កន្លែង​ផ្សេងទៀត ពីព្រោះ​បើ​អត់​មាន​លុយ យើង​ធ្វើការ​នេះ​អត់​បាន​ទេ​៕