មន្ត្រីជាន់ខ្ពស់នៃសាលារាជធានីភ្នំពេញបានជំរុញឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង ១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវរួមគ្នារក្សាឱ្យបាននូវសន្តិសុខជូនប្រជាពលរដ្ឋ ដោយសារកិច្ចការងារការពារសន្តិសុខ សុវត្ថិភាពជាកិច្ចការងាររបស់អាជ្ញាធរ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពនេះឯងត្រូវអនុវត្តឱ្យបានល្អ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានលើកឡើងដូចនេះក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី ១៤ ខែកក្កដា ដោយលោកបានបញ្ជាក់ថា ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំងអស់ និងកម្លាំងមានសមត្ថកិច្ចត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ក្នុងការការពារប្រជាពលរដ្ឋរបស់ខ្លួន។
លោកថា៖ «ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង ១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវដាក់ផែនការឱ្យបានច្បាស់លាស់ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសការដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះនៅក្នុងមូលដ្ឋាន និងការដាក់កម្លាំងល្បាតនៅក្នុងតំបន់ដែលយើងគិតថាស្មុគស្មាញ និងងាយរងគ្រោះ»។
លោក ឃួង ស្រេង បញ្ជាក់ផងដែរថា ក្នុងនាមអាជ្ញាធរ និងកងកម្លាំងត្រូវគិតថា សន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ គឺជារឿងសំខាន់ ដោយហេតុថា ទាំងអ្នកមាន អ្នកក្រ ពួកគាត់សុទ្ធតែត្រូវការសន្តិសុខដូចគ្នា។
នាឱកាសនោះដែរ លោកក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង ១៤ ត្រូវការពារឱ្យបាននូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកក៏បានថ្លែងនូវការកោតសរសើរផងដែរចំពោះកងកម្លាំងទាំង ២ ភេទ ដែលបានបង្ក្រាបក្មេងទំនើងបានជាច្រើនករណីនាប៉ុន្មានថ្ងៃកន្លងមកនេះ។
លោក ឃួង ស្រេង ថា ៖ «ក្មេងទំនើងទាំងនេះភាគច្រើនជាសិស្សសាលា ដូច្នេះស្នើឱ្យអភិបាលខណ្ឌ និងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញត្រូវសហការគ្នាមើលសិស្សដែលគេចសាលារៀនឱ្យបានម៉ឺងម៉ាត់ និងរកវិធីដើម្បីបង្ការទប់ស្កាត់ក្មេងទំនើងទាំងនេះឱ្យបាន»។
ក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង ស្រេង ក៏បានស្នើឱ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវជំរុញប្រជាពលរដ្ឋឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា ព្រោះថាជំងឺកូវីដ ១៩ បានកម្រើកឡើងវិញហើយ ដែលត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា៕