
ក្រសួងប្រៃសណីយ៍ នឹងសាងសង់ស្ថានីយអង់តែនចំនួន ១០០ បន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពសេវា។ ហេង ជីវ័ន
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែនចំនួន ១០០ បន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល ដែលកំពុងប្រឈមបញ្ហាសេវា និងអ៊ីនធឺណិតប្រើប្រាស់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះថ្ងៃទី ១៤ ខែកក្កដា បានឱ្យដឹងថា គម្រោងសាងសង់ស្ថានីយអង់តែន ចំនួន ១០០ នេះ ដោយប្រើប្រាស់ថវិការបស់មូលនិធិកាតព្វកិច្ចសេវាសកល ព្រមទាំងសហការជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរសព្ទចល័ត ដើម្បីពង្រឹងគុណភាពសេវាដល់គោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។
សេចក្តីប្រកាសថា៖ «ការសាងសង់ស្ថានីយអង់តែនបន្ថែមនេះគឺស្របនឹងយន្តការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានក្រុមការងារពង្រឹងគុណភាពសេវានៅតាមតំបន់ចំនួន ៥ នៅទូទាំងប្រទេស និងក្រុមការងារចំនួន ៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ កំពុងអនុវត្តការងារយ៉ាងសកម្ម ក្នុងការវាស់ស្ទង់គុណភាពសេវានៅតាមភូមិសាស្ត្រទូទាំងប្រទេសដើម្បីជំរុញកាតព្វកិច្ចរបស់ប្រតិបត្តិករក្នុងការសាងសង់ស្ថានីយអង់តែនបន្ថែម សំដៅធ្វើឱ្យសេវាទូរគមនាគមន៍មានគុណភាពនិងការគ្របដណ្ដប់ឱ្យកាន់តែប្រសើរឡើង។
ក្រសួងប្រៃសណីយ៍បន្តថា ការសាងសង់អង់តែននេះធ្វើឡើង យោងតាមប្រសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ផែនការ ស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ ១៩ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២។
ក្នុងពិធីនោះលោក ហ៊ុន សែន ថ្លែងថា រាល់កម្មវិធីនានា លោកតែងតែប្រើទូរស័ព្ទដៃ ភ្ជាប់ជាមួយប្រព័ន្ធផ្កាយរណប ជំនួសឱ្យការប្រើប្រាស់ Wifi ដោយសារតែសេវាអ៊ីនធឺណិត Wifi យឺតពេក មិនអាចប្រើប្រាស់បាន ខណៈលោកស្នើឱ្យក្រុមហ៊ុននានាពង្រឹងសេវាអ៊ីនធឺណិតឡើងវិញ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «សូមក្រុមហ៊ុននានា និងវិស័យពាក់ព័ន្ធ ត្រូវពង្រឹងសេវាទូរសព្ទអ៊ិនធឺណិត សេវាត្រូវតែពង្រឹង តាមតំបន់ទេសចរណ៍ ក្នុងក្រុង និងតាមជនបទ ព្រោះគេត្រូវទាក់ទងធ្វើការងារ គេដើរលេងផងធ្វើការផង»៕