នៅឆ្នាំ ២០២២ នេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការ UNOPs បានផ្តល់មុងជិត ២៥០០០ មុងទៅដល់សមាជិកសហគមន៍តំបន់ការពារធម្មជាតិខេត្តចំនួន ៦ ដែលនៅមានអត្រាឆ្លងជំងឺគ្រុនចាញ់ច្រើន សម្រាប់ចែកជូនដល់សមាជិកសហគមន៍តំបន់ការពារធម្មជាតិ។
យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងថា មុងចំនួន ២៤៨០០ មុង (មុងគ្រែ) ត្រូវបានចែកជូនដល់សមាជិកសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងខេត្តចំនួន ៦ រួមមាន ខេត្តកំពង់ស្ពឺ, ខេត្តមណ្ឌលគិរី, ខេត្តរតនគិរី, ខេត្តស្ទឹងត្រែង, ខេត្តក្រចេះ និងខេត្តព្រះវិហារ ដែល ១ គ្រួសារ ទទួលបានមុងចំនួន ១។
ក្រសួងក៏បានបញ្ជាក់ផងដែរថា រយៈពេល ២ ឆ្នាំកន្លងមក គឺក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ ក្រសួងបរិស្ថានទទួលបានមុងចំនួន ៣០០០ មុង ក្នុង ១ ឆ្នាំ ដើម្បីចែកជូនមន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិនៅទូទាំងប្រទេស។
លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់នៃក្រសួងបរិស្ថាន កាលពីថ្ងៃទី ១៣ ខែកក្កដា បានចុះសួរសុខទុក្ខនិងវាយតម្លៃការយល់ដឹងស្ដីពីការការពារបង្ការទប់ស្កាត់ជំងឺគ្រុនចាញ់ និងផ្ដល់មុងជ្រលក់ថ្នាំជូនសហគមន៍តំបន់ការពារធម្មជាតិស្រែព្រះនិងមន្ដ្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។
លោកស្រីបានលើកឡើងថា ការជួបសំណេះសំណាលនេះគឺដើម្បីបង្កើនកិច្ចសហការ រវាងក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល ដើម្បីចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ ២០១១-២០២៥ របស់ក្រសួងសុខាភិបាល។
លោកស្រី ម៉ុម ថានី បានបន្តថា ៖ «ជំរុញ និងលើកទឹកចិត្តដល់ប្រជាសហគមន៍ មន្រ្តីឧទ្យានុរក្ស និងអ្នកពាក់ព័ន្ធ អនុវត្តវិធានការ ការពារ បង្ការទប់ស្កាត់ជំងឺគ្រុនចាញ់ និងការថែទាំសុខភាព តាមរយៈការសម្រាកនៅក្នុងមុង និងរស់នៅស្អាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាក្នុងពេលបំពេញការងារនៅតាមតំបន់ការពារធម្មជាតិ»។
គោលបំណងសំខាន់មួយទៀតគឺ ការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធ ក្នុងការថែទាំសុខុមាលភាពរបស់សហគមន៍ និងមន្រ្តីឧទ្យានុរក្ស ដែលជាតួអង្គជួរមុខដ៏សំខាន់ ក្នុងការចុះល្បាតព្រៃសហគមន៍ និងចូលរួមទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ៕