ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញអ្នកវិនិយោគ បង់ក្លាដែស មកវិនិយោគនៅកម្ពុជាជាឃ្លាំងម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីប្រជាកសិករសម្រាប់ស្តុកទុក សម្រាប់កិន និងសម្រាប់នាំចេញទៅប្រទេស បង់ក្លាដែសផ្ទាល់។
លោកបានជំរុញដូច្នេះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) នាថ្ងៃទី១៥ ខែកក្កដា នៅវិមានសន្តិភាព ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែកក្កដា ។
យោងតាមហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រីបានឱ្យដឹងថា លោក អេ ខេ អាប់ឌុល ម៉ូមិន បានប្រាប់លោក ហ៊ុន សែន អំពីស្ថានភាព និងគោលបំណងរបស់រដ្ឋាភិបាលបង់ក្លាដែស ពាក់ព័ន្ធនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងជ្រកកោននៅប្រទេសបង់ក្លាដែស និងអំពីស្ថានភាពសេដ្ឋកិច្ចស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩។
លោកបានបង្ហាញគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេស វិស័យពាណិជ្ជកម្ម ដើម្បីរក្សាសន្តិសុខស្បៀង នៅគ្រាដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃ។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «សម្តេចតេជោ បានស្នើឱ្យឯកឧត្តម លើកទឹកចិត្តឱ្យអ្នកវិនិយោគបង់ក្លាដែស មកវិនិយោគនៅកម្ពុជា ជាឃ្លាំងម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីប្រជាកសិករ សម្រាប់ស្តុកទុក សម្រាប់កិន និងសម្រាប់នាំចេញទៅប្រទេស បង់ក្លាដែស ផ្ទាល់តែម្ដង ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជា ធ្វើកសិកម្មតាមបែបកិច្ចសន្យាក៏បាន»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ប្រទេសកម្ពុជា និងបង់ក្លាដែស មិនសូវឃើញមានទំនាក់ទំនងសេដ្ឋកិច្ចខ្លាំង នោះទេ ប៉ុន្តែសម្រាប់ការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងទំនាក់ទំនងអន្តរជាតិ ប្រហែលជាមានសារៈសំខាន់។
នៅក្នុងបញ្ហាតំបន់ក៏មានសារៈសំខាន់ដែរ ដែល ប្រទេសទាំង ២ អាចជួយគាំទ្រគ្នាទៅវិញទៅមកនៅក្នុងទិដ្ឋភាពនៃទំនាក់ទំនងបញ្ហាអន្តរជាតិដែលមានជាប់ពាក់ព័ន្ធជាមួយនឹងផលប្រយោជន៍របស់ប្រទេសនីមួយៗ។
លោកថ្លែងថា៖ «សម្រាប់ទំនាក់ទំនងអន្តរជាតិនេះទំនងជា បង់ក្លាដែស ក៏សម្លឹងឃើញថា កម្ពុជា នៅក្នុងតំបន់អាស៊ាន ហើយបង់ក្លាដែសជាទូទៅក៏គាត់ចង់ឱ្យ មានផលប្រយោជន៍ខ្លះចំពោះប្រទេសរបស់គាត់ដែរ ពីការសម្រេចរបស់អាស៊ាន ពីទំនាក់ទំនងជាមួយនឹងកម្ពុជា ហើយនិងជាមួយអាស៊ានហ្នឹង ខ្ញុំថា ជារឿងមួយសំខាន់ ដែលបង់ក្លាដែសគាត់ចង់ឃើញនូវការជួយគាំទ្រណាមួយទាំងខាងសេដ្ឋកិច្ច ទាំង ខាងនយោបាយក៏ដូចជា បញ្ហានានានៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិផ្សេងទៀតផងដែរ»៕