ឧត្តរមានជ័យៈ សហគមន៍ព្រៃឈើ សង្ឃសហគមន៍រុក្ខាវ័ន (MCF) បានរៀបចំពិធីដាំកូនឈើប្រណីត និងឈើហូបផ្លែផ្សេងៗ ​ សរុបចំនួន ៦ ៥០០ ដើម លើដីរេចរឹលនៃសហគមន៍​ព្រៃសង្ឃរុក្ខាវ័ន ស្ថិតក្នុងភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង នៅព្រឹកថ្ងៃទី ​១៧ ខែកក្កដា ឆ្នាំ ២០២២។

ព្រះតេជគុណ ថូ ធូរស់ ព្រះប្រធានសង្ឃសហគមន៍រុក្ខាវ័ន ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៧ ខែកក្កដាថា ពិធីដាំកូនឈើនេះធ្វើឡើង ក្រោមប្រធានបទ "រួមគ្នាដាំដើមឈើដើម្បីជីវិត និងភពផែនដី" ដោយមានអ្នកចូលរួម ១ ៦០០ អង្គ-នាក់។

ដើមឈើទាំង ៦ ៥០០ ដើមគឺអាជ្ញាធរជាតិអប្សរាផ្តល់ជូន ៥ ០០០ ដើម សហគមន៍ក្នុងខេត្តឧត្តរមានជ័យផ្តល់ជូន ១ ០០០ ដើម និង ៥០០ ដើមទៀត បាន​មកពីការ​ឧបត្ថម្ភពី​អង្គ​ការស្ពានសន្តិភាព​ និងត្រូវបានដាក់ដាំលើផ្ទៃដីរេចរឹល ៥ហិកតា។ ​

ព្រះអង្គបន្តថា ដើមឈើទាំងនោះមាន ឈើប្រណីតប្រភេទ ដើមបេង នាងនួន ធ្នង់ កកោះ ឈើទាល គគីរ និងដើមច្រេស ព្រមទាំងដើមឈើហូបផ្លែជាច្រើន។

ព្រះអង្គមានសង្ឃដីកាថា៖ «ដីដែលដាំនោះ គឺនៅខាងមុខផ្លូវចូល មានន័យថា នៅនឹងផ្លូវចូលពីផ្លូវកៅស៊ូមកស្នាក់ការកណ្តាល នៅខាងឆ្វេងដៃ ចម្ងាយពីផ្លូវកៅស៊ូប្រហែលជា ២០០ ម៉ែត្រ ហើយដីកន្លែងនោះជាដីរេចរឹលអត់មានដើមឈើ»​។ ​

ព្រេះ​តេជគុណ​ បញ្ជាក់ថា ​ការដាំកូនឈើនេះក្នុងគោលបំណងសំខាន់ដើម្បី បង្កើនការចូលរួមស្ដារគម្រប​ព្រៃឈើ​ឡើងវិញ ​ចូលរួមចំណែកកាត់បន្ថយកម្ដៅនៅលើភពផែនដី នឹងការប្រែប្រួលអាកាសធាតុ និង ដើម្បីផ្សព្វផ្សាយ និងបណ្ដុះ​ស្មារតីដល់​សាធារណជនឱ្យស្រឡាញ់ធនធានធម្មជាតិ។

ព្រះតេជគុណ ថូ ធូរស់ ប្រាប់ទៀតថា ​នៅក្បែរទីតាំងដាំកូនឈើនោះ មានស្រះទឹកដែលអាចមានទឹកគ្រប់គ្រាន់​សម្រាប់ស្រោច​ស្រពកូនឈើដែលបានដាក់ដាំទាំងនោះ ម្យ៉ាងទៀត ក្រោយដាំដើមឈើទាំងនេះ គណៈកម្មការសហគមន៍ព្រៃឈើសង្ឃរុក្ខាវ័ន នឹងធ្វើការ​ថែរក្សាការពារកុំ​ឱ្យមានភ្លើងឆេះចន្លោះពី៣ទៅ ៥ ឆ្នាំ ផងដែរ។ ក្រៅពីដីរេចរឹល ៥ ហិកតានេះ នៅ​មានដីរេចរឹលបន្ត​ជាប់ទីតាំងនោះប្រមាណជាង ១០ ហិកតាទៀត ដែលត្រូវធ្វើការដាំស្តារឡើងវិញនៅឆ្នាំក្រោយៗទៀត។

លោក ហួន ម៉ានិត អភិបាលរងខេត្តឧត្តរមានជ័យ ថ្លែងនៅថ្ងៃទី ១៧ ខែកក្កដាថា ការបង្កើតឡើងនូវសហគមន៍ព្រៃឈើ​បាន​ផ្តល់ឱកាស​​ឱ្យប្រជាពលរដ្ឋ​មូលដ្ឋានមានភារកិច្ចចូលរួមការពារថែរក្សា ធនធានធម្មជាតិ និងរួមសហការគ្នាដាំដុះព្រៃឈើឡើងវិញ​ឱ្យ​បានជាអតិបរមាដើម្បី​កាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ​ នៃ​ភពផែនដី សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកប​ដោយសេចក្តីសុខ សុភមង្គល សម្បូរសប្បាយ និងមិនមានជំងឺ​បៀតបៀន។

លោកថា ផ្តើមចេញពីការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់់លំដាប់ថ្នាក់ មន្ត្រីឧទ្យានុរក្ស និងការដឹកនាំរបស់​គណៈកម្មការ​សហគមន៍ ព្រៃឈើ សង្ឃរុក្ខាវ័ន បានធ្វើឱ្យព្រៃឈើ​ សត្វព្រៃ នៅទីតាំងនេះ អាចថែរក្សា ការពារបាន​មួយអន្លើ។ ទន្ទឹម​នោះ ក៏​បាន​រួមគ្នាដាំដុះកូនឈើបន្ថែមទៀត នៅក្នុងព្រៃធម្មជាតិ ដើម្បីជាជម្រកសត្វព្រៃ គ្រប់ប្រភេទ និងការកកើតឡើងវិញ​នូវជីវ​ចម្រុះ នៅ​ក្នុងធម្មជាតិ​។

លោកថ្លែងថា៖ «ការដាំកូនឈើក្នុងថ្ងៃនេះដើម្បីបង្កើននូវចំនួនដើមឈើ ថ្មីៗ បន្ថែមទៀត សម្រាប់ធ្វើជាជម្រកនៃ​សត្វចតុបាត​ទាំងឡាយ ដែលរស់នៅទីនេះ ឱ្យមានភាពសុខសាន្តនិងចៀសផុតពីការបរបាញ់ ពីសំណាក់ព្រានព្រៃ នៅគ្រប់ទីទាំងអស់ ក្នុង​ដែនសហគមន៍នេះ» ។

លោកបន្តថា ព្រៃឈើដែល ប្រជាពលរដ្ឋ យុវជន យុវនារី ព្រះថេរានុថេរៈគ្រប់អង្គ ជនរួមជាតិដែលមកពីគ្រប់ទិសទី រួមទាំង​ជន​បរទេសផង បានដាំនៅថ្ងៃ​ទី​១៧​កក្កដា​ នឹងបានជាគុណប្រយោជន៍សម្រប់ប្រជាពលរដ្ឋទៅថ្ងៃអនាគត។

លោកអភិបាលរងខេត្ត​ឧត្តរមានជ័យបាន​វាយតម្លៃខ្ពស់ ​ចំពោះការដឹកនាំគ្រប់គ្រងការពារព្រៃឈើ សត្វព្រៃ បានល្អប្រសើរ​របស់គណៈកម្មការ សហគមន៍​ព្រៃសង្ឃរុក្ខាវ័ន ​មន្ត្រីឧទ្យានុរក្ស និងអ្នកពាក់ព័ន្ធដែលស្រាឡាញ់ព្រៃឈើ ​​ ។

លោកចាត់ទុកថា ការដាំកូនឈើនេះ ជាការផ្សព្វផ្សាយពីជីវចម្រុះ ដែលកកើតចេញពីធម្មជាតិ​ជូនទៅដល់ពិភពលោកឱ្យបានដឹង​បានស្គាល់​អំពីតម្លៃនៃការ​ការពារធនធានធម្មជាតិ របស់ប្រទេសកម្ពុជា ជាពិសេសគឺធនធានធម្មជាតិ ក្នុងដែនដីនៃខេត្ត​ឧត្តរមានជ័យ។ ​

លោកថ្លែងថា៖ «នៅពេលដើមឈើទាំងអស់នេះធំៗទៅ នឹងក្លាយជាជម្រកនៃអ្នកធ្វើដំណើរទាំងឡាយ ដូចទ្រឹស្តី ខែ្មរយើង​បានលើក​ឡើងថា ផឹកទឹកឱ្យនឹកដល់ប្រភព បើជ្រកក្រោមដើមឈើ បានសេចក្តីសុខហើយ ឱ្យនឹកដល់គុណអ្នកដាំ» ៕