ភ្នំពេញៈ មន្ដ្រីសារមន្ទីរជាតិជំរុញឱ្យសិស្ស-និស្សិតចូលទស្សនានៅសារមន្ទីរជាតិ និងសារមន្ទីរទួលស្លែងដើម្បីយល់ច្បាស់ពីវប្បធម៌ប្រវត្ដិសាស្ដ្ររបស់ខ្មែរ ខណៈបច្ចុប្បន្នមានទេសចរជាតិ និងអន្តរជាតិចូលទស្សនា ១ ថ្ងៃ ចន្លោះពី ៨០ ទៅ ១២០ នាក់ ក្នុងនោះភាគច្រើនជាទេសចរក្នុងស្រុក។ នេះតាមលោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក ឆាយ វិសុទ្ធ ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃទី ១៨ កក្កដានេះថា ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសឱ្យបើកដំណើរការសង្គម សេដ្ឋកិច្ចក្នុងប្រទេសឡើងវិញកាលពីចុងឆ្នាំ ២០២១ រហូតមកដល់ដើមឆ្នាំ ២០២២ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានត្រឡប់មកទស្សនាវត្ថុបុរាណនានាដែលបានរក្សាទុកនៅសារមន្ទីរជាតិ ក៏ដូចជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងឡើងវិញជាបន្តបន្ទាប់។
លោកថ្លែងថា៖ «កាលពីមុនខែកក្កដា យើងសង្កេតឃើញមានទេសចរមកទស្សនានៅសារមន្ទីរជាតិចន្លោះពី ៥០-១០០ នាក់ ក្នុង ១ ថ្ងៃ។ ប៉ុន្ដែមួយរយៈចុងក្រោយនេះចាប់ពីដើមខែកក្កដា រហូតមកយើងឃើញតួលេខមានការកើនឡើងចន្លោះពី ៨០ ទៅ ១២០ នាក់ ក្នុង ១ ថ្ងៃ។ ចំនួនទេសចរនេះ មានការកើនឡើងច្រើននៅថ្ងៃចុងសប្ដាហ៍»។
លោកបានឱ្យដឹងថា ដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាល បើកវិស័យទេសចរណ៍ឡើងវិញ ក្រោយកូវីដ ១៩ មានការស្ងប់ស្ងាត់ចំនួនទេសចរបរទេសមានការកើនឡើង និងមកទស្សនាក្នុងសារមន្ទីរឡើងវិញ ប៉ុន្ដែមិនទាន់មានចំនួនច្រើនដូចកាលពីមិនទាន់មានកូវីដ ១៩ ទេ។ ទេសចរដែលចូលមកទស្សនានៅសារមន្ទីជាតិ ចំពោះទេសចរក្នុងស្រុកមានសិស្ស និស្សិតពីសាលារដ្ឋ និងឯកជន ដោយពួកគេចូលមកសិក្សា រៀនសូត្រ និងទេសចរបរទេសមួយចំនួនក៏បានមកទស្សនាកម្សាន្ត និងសិក្សាស្រាវជ្រាវផងដែរ។
លោក វិសុទ្ធ បញ្ជាក់ថា៖ «សម្រាប់សិស្ស-និស្សិត ដែលមកទស្សនានៅសារមន្ទីរជាតិ បើគិតចាប់ពីដើមឆ្នាំ ២០២២ រហូតមក មានប្រមាណជាង ១ ម៉ឺននាក់។ យើងឃើញថា សិស្ស និស្សិតក្នុងស្រុកមកទស្សនាច្រើន»។
លោកបញ្ជាក់ថា ការចូលមកទស្សនានៅសារមន្ទីរជាតិសម្រាប់សិស្ស-និស្សិត ព្រះសង្ឃ និងជនពិការ គឺមិនត្រូវបានគិតកម្រៃសេវានោះទេ។ ប៉ុន្ដែសម្រាប់ប្រជាពលរដ្ឋទូទៅគឺត្រូវបង់ថ្លៃសេវាចំនួន ៥០០ រៀល ក្នុង ១ នាក់។ ចំណែកភ្ញៀវទេសចរបរទេស ពេលចូលទស្សនាសារមន្ទីរ ត្រូវបង់កម្រៃសេវាចំនួន ១០ ដុល្លារ ក្នុង ១ នាក់ និងទេសចរបរទេសជាកុមារអាយុចាប់ពី ១២ ឆ្នាំដល់ ១៨ ឆ្នាំ ត្រូវបង់កម្រៃសេវាចំនួន ៥ ដុល្លារ ក្នុង ១ នាក់ ដែលគោលការណ៍បង់សេវានេះបានអនុវត្ដអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។
លោក វិសុទ្ធ បានឱ្យដឹងថាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ក៏មានសិស្ស និស្សិត និងទេសចរបរទេសចូលទៅទស្សនាឡើងវិញមានចំនួនប្រហាក់ប្រហែលនឹងសារមន្ទីរជាតិដែរចាប់ពីដើមឆ្នាំ ២០២២ នេះ។ ប៉ុន្ដែបច្ចុប្បន្ន នាយកដ្ឋានសារមន្ទីរ កំពុងពិភាក្សា និងរៀបចំកម្មវិធីបន្ថែមដើម្បីជំរុញសិស្ស និស្សិតឱ្យចូលទៅទស្សនានៅសារមន្ទីរនេះឱ្យបានកាន់តែច្រើន។
លោកថ្លែងថា៖ «សារមន្ទីរទួលស្លែង ជាកន្លែងចងចាំពីព្រឹត្តិការណ៍នៃការសួរចម្លើយ និងឃុំឃាំងក្នុងមន្ទីរ ស-២១ នាសម័យខ្មែរក្រហម។ សារមន្ទីរនេះ បានរក្សាទុក និងបង្ហាញភ័ស្ដុតាងនៃព្រឹត្តិការណ៍សោកនាដកម្មក្នុងប្រវត្ដិសាស្ដ្រកម្ពុជាដើម្បីឱ្យសាធារណជនសិក្សាស្វែងយល់ក្នុងបំណងជំរុញ និងលើកទឹកចិត្តឱ្យពួកគេក្លាយទៅជាអ្នកផ្សព្វផ្សាយសារសន្តិភាព»។
លោកបានរំឭកថា ចំពោះតម្លៃសំបុត្រចូលទៅទស្សនាក្នុងសារមន្ទីរទួលស្លែងនេះ សម្រាប់ជនជាតិខ្មែរ គឺចូលទស្សនាដោយឥតគិតថ្លៃ។ ចំណែកជនបរទេស (អាយុពី ១០ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ) ត្រូវបង់ថ្លៃសេវា ៣ ដុល្លារ (អាយុពី ១៨ ឆ្នាំឡើង) ត្រូវបង់ថ្លៃសេវា ៥ ដុល្លារ។ សំបុត្រចូលទស្សនានេះ មានលក់តែនៅបញ្ជរលក់សំបុត្រក្នុងសារមន្ទីរតែប៉ុណ្ណោះ។
លោក គង់ សំនៀង អគ្គនាយករងនៃ Westline Education Group បានឱ្យដឹងថា ជារៀងរាល់ចុងឆ្នាំសាលារៀនវេសឡាញតែងតែរៀបចំកម្មវិធីទស្សនកិច្ចសិក្សារបស់សិស្សនៅខាងក្រៅសាលារៀន ដើម្បីឱ្យសិស្សស្វែងយល់ពីគុណសម្បត្ដិ ក៏ដូចជាអ្វីដែលជាកេរដំណែលរបស់ខ្មែរ ដែលបានបន្សល់ទុកនៅតាមសារមន្ទីរ និងតំបន់ទេសចរណ៍ប្រវត្ដិសាស្ដ្រនានា។
លោកថ្លែងថា៖ «ថ្មីៗយើងទើបតែធ្វើកម្មវិធីទស្សនកិច្ចសិក្សារបស់សិស្សមួយ ហៅថា Outdoor activities ដោយនាំសិស្សចុះទៅសិក្សាស្វែងយល់នៅសារមន្ទីរវាលពិឃាតជើងឯក។ យើងតែងតែធ្វើកម្មវិធីបែបនេះនៅរៀងរាល់ចុងឆ្នាំ»។
លោក សំនៀង បានឱ្យដឹងថា បច្ចុប្បន្នសិស្សនៅសាលារៀនវេសឡាញ មានចំនួនសរុបជាង ១ ម៉ឺននាក់ ហើយតាមរយៈគោលនយោបាយវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលធ្វើឱ្យសិស្សបានទទួលវ៉ាក់សាំងគ្រប់គ្នា និងអាចមានឱកាសចេញទៅធ្វើទស្សនកិច្ចសិក្សានៅខាងក្រៅសាលារៀនឡើងវិញ។ លោកសង្កេតឃើញថា ចាប់ពីដើមឆ្នាំ ២០២២ រហូតមកសកម្មភាពទស្សនកិច្ចសិក្សារបស់សិស្សនៅតាមសារមន្ទីរ ក៏ដូចជាតំបន់ទេសចរណ៍ និងទីតាំងប្រវត្ដិសាស្ដ្រនានាមានការកើនឡើងវិញច្រើន៕
វីដេអូ៖