ភ្នំពេញៈ យុវជនស្ម័គ្រចិត្ត និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) បានចាប់ផ្តើមធ្វើយុទ្ធនាការ ហ្វរអ (4Rs) ក្រោមប្រធានបទ បដិសេធប្លាស្ទិកផ្តើមចេញពីអ្នក ដើម្បីជំរុញយុវជន និងពលរដ្ឋឱ្យចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលត្រូវបានចាត់ទុកថា ជាវត្ថុដែលផ្តល់ផលប៉ះពាល់ខ្លាំងក្នុងរយៈពេលវែងដល់សុខភាពមនុស្ស សត្វ និងធម្មជាតិ។
យុទ្ធនាការនេះ ត្រូវបានប្រកាសអនុវត្ត នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមពីសង្គមស៊ីវិល ក្រុមអាជីវករ យុវជន និងតំណាងរដ្ឋាភិបាលប្រមាណជាង ២០០ នាក់ នៅសាលា AII ទួលគោក រាជធានីភ្នំពេញ។
កញ្ញា សល់ លីហ័ង ជំនួយការគម្រោង លើកកម្ពស់ការចូលរួមរបស់យុវជន ដើម្បីឥទ្ធិពលគោលនយោបាយ នៃអង្គការ YRDP បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៨ កក្កដាថា យុទ្ធនាការនេះ ធ្វើឡើងដោយ YRDP រួមគ្នាជាមួយយុវជនស្មគ្រ័ចិត្ត ក្នុងគោលបំណងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជនក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយផ្តោតសំខាន់ទៅលើប្រភេទប្លាស្ទិកដែលប្រើប្រាស់បានតែម្តង។
យុទ្ធនាការនេះ ធ្វើឡើងក៏ដើម្បីរួមចំណែកជំរុញឱ្យមានការអនុវត្តគោលនយោបាយគ្រប់គ្រងប្លាស្ទិក និងគោលការណ៍ «ហ្វរអ» ក្នុងជីវភាពប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើងផងដែរ ខណៈដែលប្រភេទប្លាស្ទិកទាំងនេះ បន្តផ្តល់ផលប៉ះពាល់ដល់ជីវិតរស់នៅរបស់មនុស្ស និងសត្វ ជាពិសេសគឺធម្មជាតិ។
កញ្ញាបញ្ជាក់ថា៖ «យុទ្ធនាការនេះ យើងធ្វើជា ៣ ដំណាក់កាល ចន្លោះពី ៤ ទៅ៥ សប្តាហ៍ តាមរយៈ អនឡាញ ការជួបជុំគ្នាប្រារព្វពិធី និងតាមរយៈការចុះទៅផ្សព្វផ្សាយដោយផ្ទាល់នៅតាមទីផ្សារនានា។ យើងក៏បន្តឱ្យយុវជនរបស់យើងដែលចូលរួមក្នុងយុទ្ធនាការនេះ ផ្តល់ជាសារទាក់ទងទៅហ្នឹងយុទ្ធនាការនេះដែរ»។
កញ្ញា សល់ លីហ័ង យល់ឃើញថា ក្នុងពេលបច្ចុប្បន្ន យុវជន បានងាកមកចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានច្រើន ជាពិសេសគឺប្រភេទប្លាស្ទិកដែលប្រើប្រាស់តែម្តង ខណៈតម្រូវការនៃការប្រើប្រាស់ប្លាស្ទិកមានលក្ខណៈកើនឡើង។
កញ្ញាបានលើកឡើងទៀតថា យុវជន បានងាកមកប្រើប្រាស់សម្ភារដែលអាចប្រើបានច្រើនដងជំនួសឱ្យការប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែម្តង ហើយបានយល់ដឹងពីផលប៉ះពាល់ដល់សុខភាពចំពោះការប្រើប្រាស់ប្លាស្ទិក បើទោះបីជាសកម្មភាពនៃការកាត់បន្ថយប្រើប្រាស់ប្លាស្ទិកនេះ មិនបាន ១០០ ភាគរយក៏ដោយ។
កញ្ញាបានបន្តថា៖«អ្វីដែលខ្ញុំរំពឹង គឺសង្ឃឹមថា អ្នកចូលរួម នឹងយកចំណេះដឹង ដែលគាត់ទទួលបានទៅអនុវត្ត បើទោះជាភ្លាមៗ (ការមិនប្រើប្លាស្ទិក) ហើយពួកគាត់ នឹងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកមិនចាំបាច់មួយចំនួន ដូចជាកែវកាហ្វេអ៊ីចឹង យើងអាចជំនួសវាមកប្រើដបទឹកបរិស្ថានបាន»។
គោលការណ៍ ហ្វរអ (4Rs) ក្នុងជីវភាពប្រចាំថ្ងៃ គឺមានដូចជា ការបន្ថយ (Reduce) ការប្រើប្រាស់ឡើងវិញ (Reuse) ការបដិសេធ (Refuse) និង ការកែច្នៃឡើងវិញ (Recycle)។
បើតាម ក្រសួងបរិស្ថាន ប្លាស្ទិក គឺជាសារធាតុម្យ៉ាងស្តើងដែលមានភាពយឺត ទន់ ងាយស្រួលបត់បែន និងប្រើប្រាស់បានយូរ ប៉ុន្តែវាបង្កផលប៉ះពាល់ជាច្រើន ដល់បរិស្ថាន និងសុខភាពមនុស្ស។ ប្លាស្ទិកភាគច្រើន ធ្វើឡើងពីធនធានធម្មជាតិកម្រ រួមមានដូចជាប្រេង ធ្យូងថ្ម និងសែនល្យូលូស ដែលធនធានទំាងនេះសុទ្ធតែពិបាកនឹងកកើតឡើងវិញ។
យុវជន ណូន ពន្លឺ និស្សិតឆ្នាំ ៤ ផ្នែកសង្គមវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានចូលរួមក្នុងយុទ្ធនាការនេះ បានលើកឡើងថា ខ្លួនបានចូលរួមចំណែកតាមរយៈសកម្មភាពប្រចាំថ្ងៃ ដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យកាន់តែតិចបំផុត។
យុវជនរូបនេះ និយាយថា សកម្មភាពទាំងនោះ មានដូចជា នៅពេលទៅទិញអ្វីមួយលើទីផ្សារ គឺបដិសេធមិនប្រើប្រាស់ថង់ប្លាស្ទិកតាមដែលអាចធ្វើទៅបាន ចំណែកការទៅផ្សារ គឺត្រូវនាំទៅជាមួយថតក្រណាត់ ដែលអាចប្រើប្រាស់បានច្រើងដងជាដើម។
បន្ថែមពីនេះយុវជន ណូន ពន្លឺ ក៏តែងតែប្រើប្រាស់ប្រអប់បាយ ដបទឹក ដែលអាចប្រើប្រាស់បានច្រើនដង ដោយចៀសវាងប្រើប្រាស់សម្ភារដែលប្រើប្រាស់តែម្តងចោលផងដែរ។
យុវជន ណូន ពន្លឺ និយាយថា៖«ការផ្តើមឱ្យមានការលើកកម្ពស់ក្នុងការកាត់បន្ថយប្លាស្ទិកនេះ គឺមានសារៈសំខាន់មែនទែន។ បើយើងមើលទៅ ប្លាស្ទិកប៉ះពាល់ខ្លាំងមិនថាមនុស្សទេ រុក្ខាជាតិ សត្វ មច្ឆាផ្សេងៗ គឺប៉ះពាល់ខ្លាំង។ បើសិនជាយើងមានយុទ្ធនាការនេះ ហើយជំរុញឱ្យយុវជនចូលរួមឱ្យបានយល់ដឹង នោះអាត្រាប្រើប្រាស់ ក៏បានកាត់បន្ថយ»។
ចំណែក លោក សុន យឺម ជាយុវជនម្នាក់ទៀត ដែលចូលរួមក្នុងយុទ្ធនាការនេះ អំពាវនាវដល់សាធារណជន ជាពិសេសយុវជនកម្ពុជា ឱ្យចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក ដែលផ្តល់ផលប៉ះពាល់ច្រើនទៅដល់ជីវចម្រុះនៅជុំវិញខ្លួន។ យុវជនរូបនេះ រំពឹងថា ការចូលរួមម្នាក់បន្តិចៗ គឺអាចជួយដល់សុខភាពផ្ទាល់ខ្លួន និងសេដ្ឋកិច្ចជាតិ និងសំខាន់ជួយដល់ភពផែនដី។
លោក សុន យឺម បានបញ្ជាក់ថា៖«មានវិធីសាស្ត្រច្រើនមែនទែនក្នុងការដែលយើងបដិសេធទៅនឹងការប្រើប្រាស់ប្លាស្ទិក។ គ្រាន់តែយើងមានដបទឹកបរិស្ថាន មានស្បោងក្រណាត់បរិស្ថាន ក៏យើងអាចចូលរួមបានក្នុងការបដិសេធ ឬចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះដែរ»។
លោក នេត្រ ភត្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន សាទរចំពោះសកម្មភាពនានា ដែលមាន គោលបំណង់ចូលរួមជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិក។ សកម្មភាពទាំងនេះ គឺជាការ ចូលរួមជួយឱ្យបរិស្ថាននៅក្នុងប្រទេសកម្ពុជា មានលក្ខណៈល្អប្រសើរ ដោយគ្មានសំណល់ប្លាស្ទិក ស្របតាមការអំពាវនាវ របស់ក្រសួងបរិស្ថានផងដែរ។
លោក បញ្ជាក់ថា៖«ក្រសួងបរិស្ថានយើង ក៏អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តនូវគោលនយោបាយគ្រប់គ្រងប្លាស្ទិក និងការប្រើប្រាស់ប្លាស្ទិក។ យើងក៏កំពុងផ្លាស់ប្តូរ ប្រជាពលរដ្ឋយើងឱ្យចេះញែកសំរាម ដើម្បីកាត់បន្ថយការបំពុល។ ជាពិសេសប្លាស្ទិក យើងជំរុញឱ្យមានការកាត់បន្ថយ ការកែច្នៃ ការប្រើប្រាស់ឡើងវិញ និងបដិសេធប្រើប្រាស់ប្លាស្ទិកតែម្តង»។
បើតាមលោក នេត្រ ភក្ត្រា បច្ចុប្បន្ននេះ សំរាមដែលបង្កើតនៅកម្ពុជារាល់ថ្ងៃ គឺមានជាង ១ ម៉ឺនតោន ហើយក្នុង១ ឆ្នាំ ជាង ៤ លានតោន ក្នុងនោះ ពី ៦៥ ទៅ៦៨ ភាគរយ ជាសំណល់សេរីរាង្គ និងជាង ២០ ភាគរយ ជាសំណល់ប្លាស្ទិក និង១០ ភាគរយជាសំណល់រឹង៕