ភ្នំពេញៈ រាជរដ្ឋាភិបាលជប៉ុនផ្តល់ជំនួយរថយន្តដឹកសំរាមចំនួន ១០ គ្រឿង ដល់ក្រសួងបរិស្ថាន ហើយក្រសួងនេះបានបន្ថែមរថយន្ត ៥ គ្រឿងទៀត ដើម្បីបន្តចែកទៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនក្នុងការចូលរួមពង្រីកសេវាប្រមូលសំរាម ឱ្យបានស្អាត និងទាន់ពេលវេលាក្នុងមូលដ្ឋានខេត្តទាំងនោះ។
ពិធីប្រគល់ទទួល រថយន្តដឹកសំរាមនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ១៨ ខែកក្កដា នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ។ ការផ្តល់ជំនួយនេះធ្វើឡើងតាមរយៈគម្រោង ៣ សេវា ៣ គាំទ្រ (៣ ស ៣ គ) ដើម្បីការរស់នៅស្អាត ភូមិឋានស្អាត។
ក្រសួងបរិស្ថានបានឱ្យដឹងថា រថយន្តដឹកសំរាមដែលជាជំនួយរបស់ជប៉ុនចំនួន ១០ និងរថយន្តរបស់ក្រសួងបរិស្ថានចំនួន ៥ គ្រឿងទៀត ត្រូវបានចែកជូនបន្តដល់មន្ទីរបរិស្ថាន និងរដ្ឋបាលក្រុង ស្រុក សម្រាប់ផ្តល់សេវាសម្អាត ប្រមូល ដឹកជញ្ជូនសំរាមសំណល់រឹងនៅតាមក្រុង-ស្រុកចំនួន ១១ នៃខេត្តកំពង់ឆ្នាំង បន្ទាយមានជ័យ កោះកុង កំពង់ស្ពឺ កែប តាកែវ ស្ទឹងត្រែង ស្វាយរៀង ពោធិ៍សាត់ ព្រះសីហនុ និងខេត្តសៀមរាប។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ការផ្តល់រថយន្តដឹកសំរាមទៅមន្ទីរបរិស្ថាន និងរដ្ឋបាល-ក្រុង-ស្រុកនាពេលនេះ គឺជាការគាំទ្របន្ថែមដល់អាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យមានមធ្យោបាយគ្រប់គ្រាន់ក្នុងការប្រមូលសំរាមនៅតាមទីប្រជុំជន និងតំបន់របស់គាត់។ លោកថា៖ «ជប៉ុនផ្តល់ឱ្យយើង ១០ គ្រឿង ហើយយើងបន្ថែម ៥ គ្រឿង ដែលជាថវិការបស់ក្រសួង ព្រោះយើងក៏មានលទ្ធភាពដែរ ដើម្បីគាំទ្រទាំងមធ្យោបាយ និងបច្ចេកទេសទៅឱ្យថ្នាក់ក្រោមជាតិ»។ លោកបន្តថា គិតមកដល់ពេលនេះ ក្រសួងបរិស្ថានបានផ្តល់រថយន្តដឹកសំរាមចំនួន ៥៨ គ្រឿង ជូនដល់រាជធានី-ខេត្ត ចំនួន ២២។
ប្រធានមន្ទីរបរិស្ថានខេត្តតាកែវ លោក ឆម ប៊ុនលី ដែលចូលរួមកម្មវិធីនោះបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រទេសជប៉ុន ដែលបានផ្តល់ជំនួយឥតសំណងជារថយន្ត សម្រាប់យកមកបម្រើការងារប្រមូលសំរាមនៅទីប្រជុំជន។ សម្រាប់ខេត្តតាកែវទទួលបានរថយន្តដឹកសំរាមចំនួន ៣ គ្រឿង ហើយនឹងបែងចែកបន្ត ទៅស្រុកគិរីវង់ ១ គ្រឿង ស្រុកបាទី ១ គ្រឿង និងដូនកែវ ១ គ្រឿង។ «កន្លងមកទទួលបាន ២ គ្រឿងហើយ ឥឡូវបាន ៣ គ្រឿងទៀត អ៊ីចឹងសរុបមកបាន ៥ គ្រឿងហើយ ប៉ុន្តែតម្រូវការនៅខ្វះទៀត ព្រោះយើងមាន ១០ ស្រុក អ៊ីចឹងយើងនៅមានហានិភ័យបញ្ហាសំរាមនៅតាមទីតាំងខ្លះដូចជានៅស្រុកត្រាំកក់ និងតាមផ្លូវជាតិនៅមានសំរាមច្រើន»។
លោកគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានរថយន្តនេះ លោកនឹងបន្តតាមដានឃ្លាំមើលការប្រមូលសំរាមនៅក្នុងស្រុកដែលទទួលបានរថយន្តនេះ និងជំរុញការប្រមូលសំរាមឱ្យបានស្អាត និងទៀងទាត់ ដើម្បីលើកកម្ពស់សុខុមាលភាពមូលដ្ឋាន។
លោកថា៖ «ខ្ញុំជំរុញដល់រដ្ឋបាល-ក្រុង-ស្រុកទាំងអស់រកដៃគូ បើគាត់ធ្វើខ្លួនឯងធ្វើចុះ ប៉ុន្តែបើអត់លទ្ធភាពធ្វើ គាត់ប្រគល់ឱ្យដៃគូអ្នកម៉ៅការសេវាសម្រាប់ប្រមូលសំរាម ធ្វើយ៉ាងណាប្រមូលសំរាមឱ្យបានស្អាតនៅតាមទីប្រជុំជន តាមដងផ្លូវជាតិ និងនៅតាមផ្សារហើយក្នុង ១ ថ្ងៃត្រូវធ្វើរបាយការណ៍ម្តង ដើម្បីឱ្យមន្ទីរបរិស្ថានខេត្តធ្វើរបាយការណ៍ទៅថ្នាក់លើ»។
ក្រសួងបរិស្ថានគូសបញ្ជាក់ថា រថយន្តដឹកសំរាមនេះនឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាន ដែលពង្រីកសេវាប្រមូលសំរាមដោយខ្លួនឯងឱ្យស្អាតឱ្យអស់ទាន់ពេល និងធានានិរន្តរភាព។ តាមរយៈការផ្តល់រថយន្តនេះ រដ្ឋបាលស្រុកនឹងមានលទ្ធភាពធ្វើជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ព្រមទាំងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕