ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងធ្វើទំនើបកម្មវិស័យកសិកម្ម ដើម្បីដោះស្រាយបញ្ហាកម្លាំងពលកម្ម ខណៈបច្ចុប្បន្នកម្ពុជាមានកម្លាំងពលកម្មក្នុងវិស័យកសិកម្មប្រមាណ ៣៥ ភាគរយ ហើយអាចនឹងបន្តធ្លាក់ចុះថែមទៀតនាពេលខាងមុខ។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យ ក្រសួងកសិកម្មបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមករបស់ក្រសួងកសិកម្ម» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០២២ នៅទីស្ដីការគណៈរដ្ឋមន្ដ្រីថា យុទ្ធសាស្ដ្ររបស់ក្រសួងដើម្បីធ្វើឱ្យកម្លាំងពលកម្មក្នុងវិស័យកសិកម្មអាចរក្សាបាន គឺត្រូវធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម។
លោកថ្លែងថា៖ «កាលពី ១០ ឆ្នាំ មុនកម្លាំងពលកម្ម (ក្នុងវិស័យកសិកម្ម) សរុបមានជាង ៥០ ភាគរយ។ ប៉ុន្ដែឥឡូវនេះមានតែ ៣៥ ភាគរយ អ៊ីចឹងវាធ្លាក់ចុះ ហើយសួរថា វាឡើងទៅវិញទេ វាអត់ឡើងទេ។ និន្នាការនេះ វានឹងចុះទៀតនៅឆ្នាំ ២០៣០ វានឹងចុះពីជាង ៣០ ភាគរយ នាពេលឥឡូវនេះទៅ ២៥ ទៅ ២០ ភាគរយ។ កម្លាំងពលកម្មដែលបម្រើនៅក្នុងវិស័យកសិកម្មគឺកាន់តែថយទៅ ហើយវាជាក្រឹត្យក្រមគឺត្រូវតែអ៊ីចឹង»។
លោកបញ្ជាក់ ដើម្បីរក្សាកម្លាំងពលកម្មក្នុងវិស័យកសិកម្មឱ្យរក្សាបាននូវគោលដៅដែលអាចរក្សាបានគឺផ្លាស់ប្ដូរការគ្រប់គ្រងក្នុងវិស័យកសិកម្មទៅជាលក្ខណៈទំនើបកម្ម។
លោក វុឌ្ឍី ឱ្យដឹងថា បច្ចុប្បន្នយុវជនវ័យក្មេងបានចេញទៅធ្វើការងារនៅខាងក្រៅនៅសល់តែមនុស្សចាស់ៗ ដែលនៅធ្វើកសិកម្ម។ មនុស្សចាស់ៗមិនអាចទៅធ្វើកសិកម្មដោយខ្លួនឯងបានទេ ពួកគាត់ត្រូវពឹងទៅលើការស្វែងរកសេវាកសិកម្មខាងក្រៅ ដោយស្វែងរកសេវាជួលភ្ជួរ រាស់ស្រែ ចម្ការ និងច្រូតកាត់ជាដើម ដែលនិន្នាការនេះកំពុងកើតមានឡើងនៅកម្ពុជា។
លោក វុឌ្ឍី បានបញ្ជាក់ថា៖ «យុទ្ធសាស្ដ្ររបស់យើងដើម្បីធ្វើម៉េចឱ្យកម្លាំងពលកម្មក្នុងវិស័យកសិកម្មរបស់យើងអាចនៅរក្សាបាន គឺទី ១ យើងធ្វើទំនើបកម្មវិស័យកសិកម្មនេះឯង»។
លោកលើកឡើងថា អ្នកកសិកម្មវ័យក្មេងនៅកម្ពុជាបានចាប់ផ្ដើមប្រើប្រាស់ជំនាញបច្ចេកទេសខ្ពស់ក្នុងការគ្រប់គ្រងលើវិស័យកសិកម្មរបស់ពួកគេ។
លោកឧទាហរណ៍និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចម្ការដូង) ដែលសាលាបានបញ្ជូនពួកគេទៅរៀនជំនាញកសិកម្មដោយផ្ទាល់ នៅឯកសិដ្ឋាននៃប្រទេសអ៊ីស្រាអែលមានរយៈពេល ១ ឆ្នាំ ២ ឆ្នាំនៅទីនោះ។ តាមរយៈការសិក្សានេះនិស្សិតបានស្រូបយកចំណេះដឹង និងជំនាញ ផ្នែកបច្ចេកវិទ្យាទំនើបមកបង្កើតជាសហគ្រាសកសិកម្មនៅមូលដ្ឋានរបស់ពួកគេ។
លោកបានលើកឡើងថា៖ «អ៊ីចឹងមានអ្នកទៅហើយបានមកវិញពួកគេបានដាក់ទុនវិនិយោគដើម្បីចាប់ផ្ដើមនូវជំនាញចំណេះរបស់គេជាអ្នកកសិកម្មវ័យក្មេងដោយប្រើបច្ចេកវិទ្យាទំនើប។ ក្រុមអ្នកកសិកម្មវ័យក្មេងទាំងអស់នោះកំពុងតែធ្វើនាពេលបច្ចុប្បន្ននេះរួចហើយ ហើយក៏នឹងមាននិន្នាការធ្វើរបៀបនេះបន្តទៀត ដែលហៅថា សហគ្រិនវ័យក្មេងដោយចាប់ផ្ដើមដុះឡើងតទៅទៀតក្នុងជំនាញរបស់ពួកគេច្បាស់លាស់»។
បើតាមលោក វុឌ្ឍី បច្ចុប្បន្នក្រុមសហគ្រិនវ័យក្មេងក្នុងវិស័យកសិកម្មបានប្រើប្រាស់ទុនវិនិយោគក្នុងកម្រិតទាប ប៉ុន្ដែទៅថ្ងៃខាងមុខពួកគេអាចនឹងពង្រីកអាជីពកសិកម្ម ទំនើបកម្មរបៀបនេះនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ។
លោកថ្លែងថា៖ «អ៊ីចឹងកម្លាំងពលកម្មមិនមានច្រើនទេ ប៉ុន្ដែកម្លាំងពលកម្មពេលនេះគឺកាន់តែមានជំនាញខ្ពស់លើការគ្រប់គ្រងក្នុងការប្រើម៉ាស៊ីន ប្រើ ដ្រូន ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបផ្សេងៗបញ្ជាទៅលើការគ្រប់គ្រងវិស័យកសិកម្មរបស់ពួកគេ។ វិស័យកសិកម្មទំនើបទាំងនេះ ពី ១ ថ្ងៃទៅ ១ ថ្ងៃនឹងមានការរីកចម្រើនឡើងៗ ដើម្បីជំនួសឱ្យកម្លាំងពលកម្ម។ អ៊ីចឹងពាក់ព័ន្ធនឹងបញ្ហាកម្លាំងពលកម្មក្នុងវិស័យកសិកម្មនេះយើងគិតថា មិនអីទេ យើងអាចដោះស្រាយបាន»។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លើកឡើងថា កាលពីប្រមាណ ១០ ឆ្នាំមុនកម្លាំងពលកម្មក្នុងវិស័យកសិកម្មនៅកម្ពុជាមានច្រើនជាមនុស្សពេញវ័យ ដែលជាអ្នកប្រកបរបរធ្វើកសិកម្មដើម្បីចិញ្ចឹមជីវិត។ ប៉ុន្ដែឈានចូលដល់សម័យកាលឧស្សាហកម្ម កូនកសិករដែលពេញកម្លាំងទាំងនេះបានចាកចេញពីទីជនបទមកស្វែងរកការងារធ្វើនៅក្នុងទីក្រុង និងធ្វើចំណាកស្រុកទៅក្រៅប្រទេស។
លោកបានថ្លែងថា៖ «ខ្ញុំសង្កេតឃើញថា បញ្ហាប្រឈមនៃបញ្ហា កង្វះកម្លាំងពលកម្មនេះនៅតែបន្តកើតឡើង បើទោះបីជាក្រសួងកសិកម្មចង់ធ្វើទំនើបកម្មលើវិស័យកសិកម្មក៏ដោយ ដែលនាំឱ្យមានបញ្ហាដល់ការអភិវឌ្ឍលើវិស័យកសិកម្មនៅកម្ពុជា»។ លោកលើកឡើងថា ដើម្បីដោះស្រាយបញ្ហានេះក្រសួងកសិកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវតែធ្វើយ៉ាងណារៀបចំឱ្យមានការលើកទឹកចិត្ដដល់កសិករវ័យក្មេងនៅជនបទ តាមរយៈការអភិវឌ្ឍ និងផ្ដល់ជូនទាំងផ្នែកបច្ចេកទេស ដើមទុននិងអាហារូបករណ៍ រួមនឹងការបង្កើតជំនាញ វិជ្ជាជីវៈក្នុងវិស័យកសិកម្មនៅតាមមូលដ្ឋានឱ្យបានរឹតតែច្រើនថែមទៀត។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ដែលបានផ្សព្វផ្សាយក្នុងសន្និសីទនេះថា កំណើនវិស័យកសិកម្មក្នុងបរិបទកូវីដ-១៩ កសិកម្មនៅតែរឹងមាំក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងនោះកំណើនតម្លៃបន្ថែមកសិកម្ម (ថ្លៃបច្ចុប្បន្ន) ឆ្នាំ ២០១៩ ៤% ឆ្នាំ ២០២០ ៣,៧% និងឆ្នាំ ២០២១ ៤,៧%។
នៅក្នុងឆ្នាំ ២០២១ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៤,៤% (គិតតាមថ្លៃបច្ចុប្បន្ន) នៃផលិតផលសរុបក្នុងស្រុក (២៤,៩% នៅឆ្នាំ ២០១៧)។ ចំណែកស្ថានភាពវិស័យកសិកម្មតម្លៃបន្ថែមសរុបនៃវិស័យកសិកម្មបានកើនពី ១៨ ៩៩៩ ពាន់លានរៀលនៅឆ្នាំ ២០១២ ដល់ ២០ ៩៨៦ ពាន់លានរៀលនៅឆ្នាំ ២០១៧ និងបានបន្តកើនដល់ ២៤ ៧៥៥ ពាន់លានរៀលនៅឆ្នាំ ២០២១ (កំណើនប្រចាំឆ្នាំមានប្រមាណជា ៤% ក្នុង ១ ឆ្នាំៗ)។
នៅឆ្នាំ ២០២១ ការចូលរួមចំណែកនៃអនុវិស័យក្នុងផលិតផលក្នុងស្រុកសរុបរបស់វិស័យកសិកម្មរួមមាន ផ្នែកដំណាំ ៥៧,៤% ផ្នែកកៅស៊ូ ៥,៧% ផ្នែកផលិតកម្មសត្វ ១១,៤% ផ្នែកជលផល ២៤,៤% និងផ្នែកព្រៃឈើ ៧,៤%។ នេះបើតាមរបាយការណ៍ដដែល។
ដោយឡែកចំពោះផលិតផលស្រូវមានកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ៣% ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ។
នៅក្នុងឆ្នាំ ២០២១ ផ្ទៃដីដាំដុះដំណាំស្រូវសរុបទូទាំងប្រទេសសម្រេចបានចំនួន ៣,៥៥ លានហិកតា (+ ៤,៤១% ធៀបឆ្នាំមុន)។ បរិមាណផលស្រូវសរុបទទួលបានចំនួន ១២,២១ លានតោន(+ ១១,៦% ធៀបឆ្នាំមុន)។ អតិរេកស្រូវបានកើនពី ៣,៩ លានតោននាឆ្នាំ ២០១០ ដល់ ៥,៧៥ លានតោននាឆ្នាំ ២០១៩ និងឆ្នាំ ២០២១ មានចំនួន ៦,៩ លានតោន៕