សៀមរាបៈ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តសៀមរាបបានឲ្យដឹងថានៅថ្ងៃទី ២០ ខែកក្កដាថា មន្ត្រីជំនាញបសុសត្វ ខេត្តសៀមរាប បានទទួលថ្នាំវ៉ាក់សាំងចំនួនជាង ៦ម៉ឺនកម្រិតសម្រាប់ចាក់ការពារសត្វគោក្របីរបស់ប្រជាពលរដ្ឋលើកទី២ ក្នុងឆ្នាំ ២០២២ នេះ ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋរូតរះយកសត្វគោក្របីរបស់ខ្លួនទៅចាក់ថ្នាំការពារជំងឺឲ្យបានគ្រប់ៗគ្នា តាមកម្មវិធីដែលមន្ត្រីបសុពេទ្យចុះទៅធ្វើការផ្សព្វផ្សាយតាមមូលដ្ឋានភូមិឃុំ ធ្វើយ៉ាងណាយកសត្វទៅចាក់ថ្នាំការពារឱ្យបាន ២ ដង ក្នុង ១ ឆ្នាំ។
លោក ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានជួយកៀរគរប្រជាពលរដ្ឋដែលមានសត្វគោក្របីឱ្យយកសត្វទៅចាក់ថ្នាំការពារផងដែរ។ ក្នុងនោះប្រសិនបើចាំបាច់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ក៏អាចធ្វើការប្រមូលផ្តុំសត្វហើយស្នើសុំថ្នាំវ៉ាក់សាំងតាមរយៈការិយាល័យកសិកម្មក្រុង-ស្រុក មកមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត ដើម្បីស្នើសុំសម្ភារៈនិងថ្នាំវ៉ាក់សាំងយកទៅប្រើប្រាស់បានគ្រប់ពេល។
លោកបញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការយកសត្វគោក្របីមកចាក់ថ្នាំការពារជំងឹ និងការចូលរួមពីអាជ្ញាធរភូមិឃុំក្នុងដំណើរការចាក់ថ្នាំការពារសត្វគោក្របីនេះគឺជាការចូលរួម លើកកម្ពស់ផលិតកម្មសត្វឱ្យមានការរីកចម្រើននៅមូលដ្ឋាន និងដើម្បីកាត់បន្ថយភាពក្រីក្រ ព្រមទាំងលើកម្ពស់សេដ្ឋកិច្ចដល់ប្រជាកសិករផងដែរ។ លោកថា វ៉ាក់សាំងដែលបានចាក់ដល់សត្វគោ ក្របី របស់ប្រជាកសិករទាំងអស់សុទ្ធតែមានសារៈសំខាន់ ក្នុងការពារសត្វទាំងនោះពីជំងឺឆ្លងផ្សេងៗ ចៀសវាងសត្វឈឺ ឬងាប់ ឬអាចឆ្លងជាទ្រង់ទ្រាយធំ ដែលនាំឱ្យប្រជាកសិករត្រូវខាតបង់ថវិកា។
លោកថ្លែងថា៖ «ការចាក់វ៉ាក់សាំងជារឿងសំខាន់ ហើយត្រូវតែចាក់ ដោយសារតែ ប្រសិនបើជំងឺផ្ទុះឡើងវាធ្វើឱ្យមានការឆ្លងរាលដាលច្រើន វាឆ្លងលឿនដូចជំងឺកូវីដ យើងរាល់ថ្ងៃអ៊ីចឹង កាលណាផ្ទុះនៅតំបន់ណាមួយគឺធ្វើឱ្យសត្វគោក្របីមានការឆ្លងរាលដាលលឿនហើយការខាតបង់វាធ្ងន់ធ្ងរព្រោះសត្វគោក្របីសុទ្ធតែថ្លៃៗ»។
លោក ព្រំ វិច ប្រាប់ថា សត្វគោ ក្របី ដែលមិនបានចាក់ថ្នាំវ៉ាក់សាំងការពារគឺងាយរងគ្រោះដោយជំងឺ៣ប្រភេទរួមមាន ជំងឺសាទឹក ជំងឺអុតក្តាម និងជំងឺបូសខ្យល់ ហើយជំងឺទាំងអស់នេះ កាលណាវាផ្ទុះឡើងហើយ អាចឆ្លងពីសត្វ១ទៅ១ទៀតយ៉ាងឆាប់រហ័ស ហើយនៅពេលដែលឆ្លងជំងឺនេះ ធ្វើឱ្យសត្វគោ ក្របីងាប់លឿន។ សត្វដែលឈឺងាប់ដោយជំងឺនេះ ប្រសិនបើមន្ត្រីបសុពេទ្យដឹង គឺត្រូវតែយកទៅកប់ចោលមិនអនុញ្ញាតឱ្យយកទៅកាប់សាច់ ឬបរិភោគបានទេ។
លោក ឡាត ស៊ីប មេឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប បានឱ្យដឹងថា ការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺឆ្លងគោក្របីលើកទី២ មិនទាន់ចាក់ដល់ឃុំត្រាំសសរនៅឡើយ ប៉ុន្តែលោកបានជូនដំណឹងនឹងធ្វើការផ្សព្វផ្សាយដល់ប្រជាកសិកររួចហើយដើម្បីឱ្យពួកគាត់ ត្រៀមខ្លួនយកសត្វគោក្របីមកចាក់ថ្នាំការពារទាន់ពេលវេលា ជាពិសេសពេលមន្ត្រីបសុពេទ្យចុះដល់មូលដ្ឋានផ្ទាល់។
លោកបានឱ្យដឹងទៀតថា ប្រជាកសិករភាគច្រើនឃ្វាលគោក្របី តាមកន្លែងដាច់ដោយឡែកពីគ្នា ហេតុនេះមិនសូវមានហានិភ័យនៃការឆ្លងជំងឺឡើយប្រសិនបើសត្វកើតមានជំងឺនៅភូមិណាមួយ។ មួយវិញទៀតប្រជាពលរដ្ឋបច្ចុប្បន្ននេះ ក៏មានការយល់ដឹងច្រើនជាងមុន ក្នុងការប្រុងប្រយ័ត្នទប់ស្កាត់ការពារចំពោះសត្វចិញ្ចឹម។ លោកថា ភាគច្រើនការចិញ្ចឹមសត្វគោក្របីពលរដ្ឋក្នុងពេលច្ចុប្បន្ន មិនដូចមុននោះទេ ព្រោះពីមុនកសិករចិញ្ចឹមសត្វសម្រាប់អូសរទេះ ធ្វើស្រែចម្ការជាដើម ប៉ុន្តែបច្ចុប្បន្ន ការចិញ្ចឹមគោក្របី គឺសម្រាប់លក់យកចំណូលហិរញ្ញវត្ថុខណៈសត្វប្រភេទនេះមានតម្លៃគួសមលើទីផ្សារ។ ចំណែកការធ្វើស្រែចម្ការ ប្រជាកសិករនិយមប្រើគោយន្តងាយស្រួលជាង៕