ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាគាំទ្រចំពោះសំណើរបស់អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុនក្នុងការរៀបចំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីច្បាប់ និងយុត្តិធម៌ ជប៉ុន-អាស៊ាន ឆ្នាំ ២០២៣។
ការប្រកាសគាំទ្ររបស់កម្ពុជាចំពោះកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីច្បាប់ និងយុត្តិធម៌ ជប៉ុន-អាស៊ាន ឆ្នាំ ២០២៣ នេះ ធ្វើឡើងតាមរយៈជំនួបពិភាក្សាការងារចំនួន ២ ផ្សេងគ្នា រវាងលោកឧបនាយកដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ជាមួយលក KADA Hiroyuki អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន កាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២២។
ក្នុងជំនួបរវាងលោក ស ខេង និងលោក KADA Hiroyuki នៅវិមានរដ្ឋសភាកាលពីថ្ងៃទី ១៩ ខែកក្កដា លោក KADA បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដែលបានចូលរួមរំលែកមរណទុក្ខចំពោះមរណភាពលោក ស៊ីន ហ្សូអាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។
លោក KADA បានជម្រាបជូនលោក ស ខេង ថា ក្រសួងយុត្តិធម៌ជប៉ុនកំពុងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជប៉ុន-អាស៊ាន ដែលគ្រោងធ្វើឡើងនៅឆ្នាំ ២០២៣ ជាកិច្ចប្រជុំលើកទី១ ដែលអាស៊ានមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាមួយប្រទេសក្រៅពីសមាជិកអាស៊ាន។
លោកបានថ្លែងថា៖ «ការចែករំលែកតម្លៃជាសកលដូចជានីតិរដ្ឋនិងសិទ្ធិមនុស្សមានសារៈសំខាន់សម្រាប់សហគមន៍អន្តរជាតិក្នុងនោះកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ការចែករំលែកគុណតម្លៃជាសកលនេះ។ ដូច្នេះកិច្ចប្រជុំនេះត្រូវការចែករំលែកជាសកលនានាក្នុងអាស៊ាន រួមទាំងកម្ពុជាផង»។
លោក ស ខេង បានស្វាគមន៍លោក KADA រួមទាំងប្រតិភូសម្រាប់ដំណើរទស្សនកិច្ចនៅកម្ពុជានិងសង្ឃឹមថា កិច្ចសហប្រតិប្រតិបត្តិការក្នុងវិស័យច្បាប់រវាងកម្ពុជានិងជប៉ុននឹងកាន់តែរីកចម្រើន។ជាមួយគ្នានេះលោកសម្ដែងការសោកស្ដាយចំពោះការទទួលមរណភាពលោក ស៊ីន ហ្សូអាបេ ដែលបានរួមចំណែកផងដែរក្នុងវិស័យថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម។
លោកថ្លែងថា៖ «ចំពោះកិច្ចសហប្រតិបត្តិការច្បាប់និងវិស័យយុត្តិធម៌កម្ពុជាគាំទ្រចំពោះការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន-អាស៊ាន។ កិច្ចសហប្រតិបត្តិការនេះជាឱកាសដ៏ល្អក្នុងការចែករំលែកបទពិសោធជាមួយជប៉ុនទាំងវិស័យយុត្តិធម៌ វិស័យពន្ធនាគារ និងវិស័យអន្តោប្រវេសន៍»។
ដោយឡែកក្នុងជំនួបរវាងលោក កើត រិទ្ធ និងលោក KADA Hiroyuki នៅទីស្ដីការក្រសួងយុត្តិធម៌កាលពីថ្ងៃទី ១៩ ខែកក្កដា គឺក្នុងគោលដៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ក្នុងវិស័យច្បាប់ និងយុត្តិធម៌។
តាមរបាយការណ៍កិច្ចប្រជុំរបស់ក្រសួងយុត្តិធម៌បានឱ្យដឹងថា ដំណើការរៀបចំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីច្បាប់ និងយុត្តិធម៌ ជប៉ុន-អាស៊ាន ឆ្នាំ ២០២៣ តាមសំណើរបស់អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុននេះ លោក កើត រិទ្ធ បានគាំទ្រដែលគ្រោងនឹងរៀបចំនៅខែកក្កដា ឆ្នាំ ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
កិច្ចប្រជុំពិសេសនេះធ្វើឡើងក្នុងគោលដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងបណ្តាប្រទេសសមាជិកអាស៊ានលើវិស័យច្បាប់ និងយុត្តិធម៌។ កិច្ចប្រជុំពិសេសនេះត្រូវបានរៀបចំឡើងស្របពេលនៃការប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងរវាងជប៉ុន-កម្ពុជា និងខួបលើកទី៥០ នៃទំនាក់ទំនងរវាងជប៉ុននិងអាស៊ាន។នេះបើតាមរបាយការណ៍។
លោក កើត រិទ្ធ បានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍វិស័យច្បាប់និងយុត្តិធម៌ថា ជាកិច្ចសហប្រតិបត្តិការមានរយៈពេលវែងជាងគេ និងគ្រប់ជ្រុងជ្រោយក្នុងវិស័យរដ្ឋប្បវេណី។ លោកក៏បានថ្លែងអំណរគុណដល់ភាគីជប៉ុនដែលបានឯកភាពតាមសំណើរបស់កម្ពុជាក្នុងការបន្តផ្តល់ជំនួយក្នុងគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ ដែលផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្សតាមរយៈការពង្រឹងប្រព័ន្ធនិងការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការនិងបានផ្តល់អាហារូបករណ៍ដល់មន្ត្រីនៃក្រសួងយុត្តិធម៌ ដើម្បីបន្តការសិក្សានៅប្រទេសជប៉ុន ក៏ដូចជាការផ្តល់អាហារូបករណ៍ដល់និស្សិតច្បាប់ផ្សេងទៀតផងដែរ។
តាមរយៈអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក កើត រិទ្ធ បានសំណូមពរដល់ភាគីជប៉ុនឱ្យបន្តផ្តល់ការគាំទ្រដល់កម្ពុជាលើការពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌ ពិសេសការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា ក្នុងវិស័យយុត្តិធម៌បន្ថែមទៀត ដោយក្រសួងយុត្តិធម៌កម្ពុជាចាត់ទុកថា ការពង្រឹងធនធានមនុស្សក្នុងវិស័យយុត្តិធម៌ក៏ជាសសរស្តម្ភ និងជាអាទិភាពគោលនយោបាយសម្រាប់ការងារកែទម្រង់ច្បាប់និងយុត្តិធម៌នៅកម្ពុជាផងដែរ៕