ភ្នំពេញៈ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក ឆែម សាវុធ ស្នើប្រធានមណ្ឌលអប់រំកែប្រែនិងពន្ធនាគាររាជធានី-ខេត្ដ បន្តយកចិត្ដទុកដាក់ចំពោះ «បណ្ណាល័យក្នុងពន្ធនាគារ» ឱ្យមាននិរន្តរភាព ខណៈអង្គការស៊ីប៉ាប្រកាសបើកគម្រោងថ្មី«ការអប់រំក្នុងពន្ធនាគារ» ដោយអភិវឌ្ឍបណ្ណាល័យ នៅក្នុងពន្ធនាគារទាំងអស់ ទៅជាមណ្ឌលពហុសិក្សាបែបឌីជីថល។
លោក ឆែម សាវុធ ថ្លែងបែបនេះ ក្នុងពិធីបូកសរុបលទ្ធផលរយៈពេល ១០ ឆ្នាំ (២០១២-២០២២) របស់គម្រោង «បណ្ណាល័យនៅក្នុងពន្ធនាគារ» និងពិធីចុះហត្ថលេខា រវាងអគ្គនាយកដ្ឋានពន្ធនាគារ បណ្ឌិត្យសភានគរបាលកម្ពុជា និងអង្គការស៊ីប៉ា លើគម្រោង «ការអប់រំក្នុងពន្ធនាគារ» រយៈពេល ៣ ឆ្នាំ (២០២២-២០២៥) កាលពីថ្ងៃទី២០ ខែកក្កដា នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងមន្រ្ដីពន្ធនាគាររាជធានីខេត្តជាច្រើនរូបទៀត។
លោក ឆែម សាវុធ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការស៊ីប៉ា ដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធ ឧបត្ថម្ភគាំទ្រដល់នាយកដ្ឋានពន្ធនាគារ ជាបន្តបន្ទាប់ ខណៈកិច្ចសហការនេះជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយជំរុញដល់កំណែទម្រង់នៅក្នុងពន្ធនាគារ និងជួយលើកស្ទួយដល់កម្មវិធី អប់រំ កែប្រែ ស្ដារនីតិសម្បទា និងត្រៀមធ្វើសមាហរណកម្មជនជាប់ឃុំទៅក្នុងសហគមន៍ ប្រកបដោយជំនាញវិជ្ជាជីវៈ និងជួយទប់ស្កាត់ការប្រព្រឹត្តបទល្មើសសាជាថ្មី។
លោកថ្លែងថា៖ «ខ្ញុំសូមស្នើដល់លោកប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ដទាំងអស់ យកចិត្ដទុកដាក់លើកកម្ពស់កម្មវិធីបណ្ណាល័យនៅតាមពន្ធនាគារបន្តទៀត បានន័យថា នៅពេលដែលអង្គការស៊ីប៉ា បញ្ចប់ការងារបណ្ណាល័យនេះ យើងត្រូវបន្តនិរន្តរភាព គឺត្រូវតែម្ចាស់ការ រក្សាការងារបណ្ណាល័យនេះឱ្យបានរលូនជាប្រចាំ»។
នៅពេលមានការខ្វះខាត ឬបាត់បង់សៀវភៅជាដើម គឺត្រូវម្ចាស់ការស្វះស្វែងរកមកដាក់ឡើងវិញតាមរយៈការកៀរគរពីសប្បុរសជន ឬដៃគូអភិវឌ្ឍន៍នានាដើម្បីធ្វើយ៉ាងណារក្សានិរន្តរភាពបណ្ណាល័យនេះ។
បើបណ្ណាល័យចាស់ ទ្រុឌទ្រោម ត្រូវជួសជុលថ្មី ដោយធ្វើយ៉ាងណា ឱ្យបណ្ណាល័យនៅតាមពន្ធនាគារទាំងអស់អាចបន្តសកម្មភាពទៅមុខទៀតបាន។
លោកថ្លែងថា៖ «ខ្ញុំសូមសំណូមពរយ៉ាងទទូច លើការបន្តនិរន្តរភាពបណ្ណាល័យនេះ។ ត្រូវរៀបចំកាលវិភាគឱ្យបានច្បាស់លាស់សម្រាប់ជនជាប់ឃុំចូលអាន និងត្រូវថែរក្សាសម្ភារនៅក្នុងបណ្ណាល័យឱ្យបានល្អប្រសើរ មិនមែនអស់ពីស៊ីប៉ាទៅ បែរជាបាត់បង់ការងារបណ្ណាល័យនេះទេ»។
នៅថ្ងៃទី ២០ ខែកក្កដា នេះដែរ អង្គការស៊ីប៉ា និងអគ្គនាយកដ្ឋានពន្ធនាគារបានប្រកាសបិទគម្រោង «បណ្ណាល័យក្នុងពន្ធនាគារ» និងដាក់ឱ្យដំណើរការជាផ្លូវការ នូវគម្រោងថ្មី «ការអប់រំក្នុងពន្ធនាគារ» ជាមួយអគ្គនាយកដ្ឋានពន្ធនាគារ (DGP) និងបណ្ឌិត្យសភានគរបាលកម្ពុជា។ គម្រោងថ្មីនេះ នឹងអភិវឌ្ឍបណ្ណាល័យនៅក្នុងពន្ធនាគារទាំងអស់ទៅជាមណ្ឌលពហុសិក្សាសម្រាប់ជនជាប់ឃុំ ដែលស្របតាមគោលនយោបាយជាតិរបស់ក្រសួងអប់រំ។ គម្រោងនេះ អនុវត្ដក្រោមជំនួយថវិកា ៣៨០ ១២៦ អឺរ៉ូ ឬស្មើនឹងប្របាណ ៤០ ម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេល ៣ ឆ្នាំ។ នេះបើតាមសចក្ដីប្រកាសព័ត៌មាន។
លោក ហ៊ុក សុទ្ធិ នាយកអង្គការស៊ីប៉ាបានឱ្យដឹងថា គម្រោង «បណ្ណាល័យក្នុងពន្ធនាគារ» ដែលត្រូវបានបិទបញ្ចប់នេះ បានជួយបណ្តុះបណ្តាលគ្រូបង្គោល ដែលជាមន្រ្តីពន្ធនាគារ និងមន្រ្តីនាយកដ្ឋានអប់រំកែប្រែ ស្តីពីកម្មវិធីសមាហរណកម្ម ជាមួយនឹងដៃគូគម្រោងដូចជា អង្គការមិត្តសំឡាញ់អន្តរជាតិ អង្គការមិត្តសំឡាញ់ និងអង្គការម្លប់តាប៉ាង។
លោកថ្លែងថា បន្ទាប់ពីការអនុវត្តគម្រោងដោយជោគជ័យ ១ ទសវត្សរ៍មក គម្រោង«បណ្ណាល័យក្នុងពន្ធនាគារ» បានបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២២។ ជាមួយនឹងថវិកាចំនួន ១ ៦៥០ ០០០ ដុល្លារ គម្រោង «បណ្ណាល័យក្នុងពន្ធនាគារ» ដែលបានបញ្ចប់នេះបានកសាង និងពង្រឹងសមត្ថភាពរបស់បណ្ណារក្ស ដែលជាមន្ត្រីពន្ធនាគារ និងជំនួយការបណ្ណារក្សដែលជាជនជាប់ឃុំ ដើម្បីឱ្យពួកគេអាចគ្រប់គ្រងបណ្ណាល័យ និងអភិវឌ្ឍសេវាអប់រំ ក្រោមភាពជាដៃគូជាមួយនាយកដ្ឋានអប់រំក្រៅប្រព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា (MoEYS)។
លោកបញ្ជាក់ថា៖ «ប៉ុន្តែវាមិនមែនជាទីបញ្ចប់ទេ! ការដាក់ឱ្យអនុវត្តគម្រោងថ្មី "ការអប់រំក្នុងពន្ធនាគារ" នឹងបន្តក្តីសង្ឃឹមសម្រាប់ការអប់រំរបស់ជនជាប់ឃុំ»។
គម្រោង «ការអប់រំក្នុងពន្ធនាគារ» ថ្មីនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ គឺ ទី១ ធ្វើឱ្យកម្មវិធីអប់រំសម្រាប់ទាំងអស់គ្នានៅក្នុងពន្ធនាគារ (ថ្នាក់អក្ខរកម្មតាមកម្មវិធីសិក្សាថ្មី) មាននិរន្តរភាព និង ទី២ ពង្រឹងកម្មវិធីអប់រំសម្រាប់ទាំងអស់គ្នានៅក្នុងពន្ធនាគារដោយដាក់ឱ្យប្រើប្រាស់ធនធានឌីជីថល ដោយមិនប្រើប្រាស់អ៊ីនធឺណិត (NomaLab) ដែលអភិវឌ្ឍដោយអង្គការ Passerelles numériques (PN)។
លោក ឆែម សាវុធ កត់សម្គាល់ឃើញថា ចាប់ពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធនាគារបានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្ដិការ ជាមួយអង្គការដៃគូជាច្រើន ក្នុងនោះក៏មានអង្គការស៊ីប៉ាផងដែរ។ ក្នុងរយៈពេលនេះអង្គការស៊ីប៉ាបានជួយសាងសង់បណ្ណាល័យចំនួន ២៨ នៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែរាជធានី-ខេត្ដ។
លោកថ្លែងថា៖ «ក្រោយបិទបញ្ចប់គម្រោងបណ្ណាល័យតាមពន្ធនាគាររាជធានី-ខេត្ដនេះ អង្គការស៊ីប៉ា នៅតែបន្តសហការជាមួយ អគ្គនាយកដ្ឋានពន្ធនាគារ។ ទៅថ្ងៃអនាគតយើងនឹងមានរៀបចំកម្មវិធីបណ្ដុះបណ្ដាលថ្មីៗថែមទៀតជាបន្តបន្ទាប់ទៀតដល់ជនជាប់ឃុំ»។
លោកបានឱ្យដឹងថា ក្នុងរយៈពេលអនុវត្ដគម្រោងបណ្ណាល័យកន្លងមកនេះ អង្គការស៊ីប៉ា បានខិតខំនាំយកមកសៀវភៅល្អៗឱ្យជនជាប់ឃុំបានអាន។ ផលប្រយោជន៍នៃបណ្ណាល័យនិងការអានសៀវភៅនេះបានជួយដល់ជនជាប់ឃុំឱ្យកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគាររយៈពេលខ្លី។ កាត់បន្ថយអារម្មណ៍ស្មុគស្មាញពីការនឹកផ្ទះសំបែងសាច់ញាតិ។ ធ្វើឱ្យជនជាប់ឃុំគ្មានពេលគិតរកល្បិចកលដើម្បីរត់ចេញពីពន្ធនាគារ។ ជនជាប់ឃុំទទួលបានចំណេះដឹងពីការអានសៀវភៅល្អៗ និងទទួលបានបរិយាកាសល្អ មានគំនិតថ្មីៗ ទុកជាប្រយោជន៍ នៅពេលធ្វើសមាហរណកម្មទៅគ្រួសារ និងសហគមន៍វិញផងដែរ៕