ភ្នំពេញៈ អង្គជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ២០ ខែកក្កដា បានបន្តសួរដេញដោល លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ក្រោមបទចោទ សន្ទិដ្ឋភាពជាមួយបរទេស ឬឃុបឃិតជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោក កឹម សុខា ប្រមូលកម្លាំង ដើម្បីចូលរួមធ្វើបាតុកម្មផ្លាស់ប្តូរនៅទីលានប្រជាធិបតេយ្យ នៅឆ្នាំ ២០១៣។
លោកប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្រោយពីបញ្ចប់ការជំនុំជម្រះថា សវនាការលើសំណុំរឿងរបស់លោក កឹម សុខា លើកនេះ បានផ្តោតការសួរលើវីដេអូធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០១៣ ដែលលោក កឹម សុខា ជាជនជាប់ចោទប្រមូលកម្លាំងពីគ្រប់មជ្ឈដ្ឋាន មាន កម្មករ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកសិករជាដើម ដើម្បីចូលរួមធ្វើបាតុកម្មប្តូរក្នុងឆ្នាំ ២០១៤ ។
លោកថា សវនាការនេះ គឺជាសវនាការរឿងក្តីព្រហ្មទណ្ឌធម្មតាដូចសំណុំរឿងក្តីព្រហ្មទណ្ឌដទៃទៀតដែរ មិនដូចអ្វីដែលអង្គការសង្គមស៊ីវិល និងបុគ្គលមួយចំនួនដែលកំពុងតាមដានសំណុំរឿងនេះ បានចោទថា ជារឿងនយោបាយនោះទេ។
លោកថ្លែងថា៖ «អ្វីដែលអ្នកតាមដានបានលើកនោះ ខ្ញុំមិនមានយោបល់អ្វីទេ ព្រោះថាប្រហែលជាគាត់ទើបតែចូលស្តាប់សវនាការលើកដំបូងក៏មិនដឹង»។
លោកផែង ហេង សហមេធាវី លោក កឹម សុខា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ដែរថា សវនាការពេញ ១ ព្រឹកនៅថ្ងៃទី ២០ ខែកក្កដា ដូចនឹងសវនាការ កាលពីសប្តាហ៍មុនដែរ គឺមិនជឿនលឿនទៅមុខ ព្រោះអង្គជំនុំជម្រះ បានចាក់វីដេអូ មួយ ដែលលោក កឹម សុខា ឡើងនិយាយក្នុងពេលធ្វើបាតុកម្ម នៅទីលានប្រជាធិតេយ្យ ។
លោកបញ្ជាក់ថា តំណាងអយ្យការបានចោទសួរលោក កឹម សុខា ដោយស្រង់សម្តី ចេញពីក្នុងវីដេអូ ដែលលោក កឹម សុខា និយាយនៅទីលានប្រជាធិបតេយ្យ ពាក់ព័ន្ធទៅនឹងពាក្យថា «ប្តូរ»។ តែទោះយ៉ាងណា ទាំងតំណាងអយ្យការ និងមេធាវី ការពារឱ្យរដ្ឋាភិបាលធ្វើអត្ថាធិប្បាយ និងសន្និដ្ឋានច្រើនជាងការសួរដេញដោលលោក កឹម សុខា។
លោកថ្លែងថា៖ «សំណួរហ្នឹង ដូចជាលើកសម្តីថា «ប្តូរ» ហើយប្តូរអង្កាល់? ប្តូរពេលណា អ៊ីចឹង? ហើយចំណុចខ្លះក៏ធ្វើការកត់សម្គាល់។ ឯកឧត្តម កឹម សុខា ថា កន្លែងខ្លះ វាជាវោហារសាស្ត្ររបស់អ្នកនយោបាយ គ្រាន់តែនិយាយ»។
បើតាមលោក ផែង ហេង ករណីការចោទលោក កឹម សុខា ពាក់ព័ន្ធនឹងប្រទូស្តរ៉ាយ ឬផ្តួលរំលំរាជរដ្ឋាភិបាលនេះ គឺមិនមាននោះទេ ក្រៅតែពីស្រង់សម្តី របស់លោក កឹម សុខា យកមកបញ្ជាក់ឡើងវិញតែប៉ុណ្ណោះ ហើយរាល់វីដេអូដែលចាក់នៅក្នុងបន្ទប់សវនាការ ទៀតសោត គឺជាវីដេអូដដែលៗ និងសំណួរក៏ដដែលដែរ។
លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅរំលងអធ្រាត្រ ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៧ និងត្រូវបានតុលាការចោទពីបទសន្ទិដ្ឋភាពជាមួយបរទេស ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈវីដេអូ ដែលលោក កឹម សុខា ថ្លែងនៅប្រទេសអូស្រ្តាលី ក្នុងជំនួបជាមួយអ្នកគាំទ្ររបស់ខ្លួន កាលពីឆ្នាំ ២០១៣។
សវនាការបន្តលើសំណុំរឿងក្តី របស់លោក កឹម សុខា នឹងធ្វើនៅថ្ងៃពុធ ទី ២៧ ខែ កក្កដា ឆ្នាំ ២០២២៕