ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសាកលវិទ្យាល័យ Krirk របស់ថៃពិភាក្សាជាមួយក្រសួងអប់រំកម្ពុជា ដើម្បីជ្រើសរើសនិស្សិតកម្ពុជាទៅសិក្សានៅថៃ បន្ទាប់ពីសាកលវិទ្យាល័យនេះបានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៤០ នាក់។
ជាមួយគ្នានេះដែរ លោកក៏បានជំរុញមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី (ADPC) ធ្វើការទប់ស្កាត់គ្រោះមហន្តរាយឱ្យបានជាក់លាក់ បន្ទាប់ពីមជ្ឈមណ្ឌលនេះបានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិ។
ការស្នើ និងជំរុញបែបនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ហ៊ុន សែន និងលោក Krasae Chanawougse សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Krirk (Krirk University) របស់ថៃ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ីនាថ្ងៃទី ២០ ខែកក្កដា នៅវិមានសន្តិភាព។
ហ្វេសប៊ុកលោក ហ៊ុន សែន បញ្ជាក់ថា ក្នុងជំនួបនេះលោក Chanawougse ថ្លែងថា សាកលវិទ្យាល័យរបស់លោកបានសម្រេចផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៤០ នាក់ ដែលមានបញ្ចូលទាំងថ្លៃសាលា ថ្លៃស្នាក់នៅ អាហារ ៣ ពេល និងប្រាក់ឧបត្ថម្ភសម្រាប់និស្សិតទៅសិក្សានៅប្រទេសថៃតាមរយៈអាហារូបករណ៍ឈ្មោះ «សម្ដេចតេជោ»។ លោក ហ៊ុន សែន អរគុណលោក Chanawougse ដែលបានផ្ដល់អាហារូបករណ៍ដាក់ឈ្មោះ «សម្ដេចតេជោ» សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅថៃ។
ហ្វេសប៊ុកដដែលបន្តថា៖ «សម្ដេចក៏បានសុំឱ្យឯកឧត្ដម [លោក Chanawougse] បន្តពិភាក្សាជាមួយឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជ្រើសរើសសិស្ស [និស្សិត] កម្ពុជាទៅសិក្សានៅប្រទេសថៃ»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ កក្កដាថា បើកម្ពុជាទទួលបានអាហារូបករណ៍សម្រាប់និស្សិតទៅរៀនក្រៅប្រទេសច្រើន វាគឺជាការលើកទឹកចិត្តយុវជនឱ្យប្រឹងរៀនសូត្រ ដើម្បីប្រកួតប្រជែងទទួលអាហារូបករណ៍។
លោកបន្តថា ការប្រឡងយកអាហារូបករណ៍គួរតែធ្វើដោយតម្លាភាព និងមានការជឿជាក់ជាទូទៅពីមជ្ឈដ្ឋានយុវជន និងនិស្សិត ដែលនឹងជួយច្រើនក្នុងការលើកកម្ពស់មុខមាត់ការអប់រំរបស់កម្ពុជាក៏ដូចជាការប្រឹងប្រែងរបស់និស្សិតក្នុងការឈោងចាប់ឱកាសពី ១ ជំនាន់ ទៅ ១ ជំនាន់។
លោក យង់ គិមអេង ថ្លែងថា៖ «ការសិក្សានៅថៃ ជាទូទៅក៏គេមានស្តង់ដា គេមានក្បួនខ្នាតរបស់គេ គេមានកម្រិតស្តង់ដាគុណភាពគួរសមដែរ។ អ៊ីចឹងទៅនិស្សិតក៏អាចមានឱកាសក្រេបជញ្ជក់ចំណេះវិជ្ជាតាមមុខជំនាញដែលខ្លួនចូលចិត្តនៅទីនោះដែរ។
លោកបន្តថា៖ «កិច្ចសហការនៅក្នុងវិស័យអប់រំនេះវាជួយខ្លាំងណាស់។ បើយើងចង់អភិវឌ្ឍប្រទេសទៅថ្ងៃអនាគត គឺត្រូវតែវិនិយោគទៅលើវិស័យអប់រំហ្នឹងឱ្យបានខ្លាំងអាហ្នឹងទើបសង្គមយើងមានគ្រឹះរឹងមាំក្នុងការធ្វើដំណើរនៅលើវិថីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គមបានយូរអង្វែងទៅមុខ»។
ក្រៅពីនេះនៅក្នុងជំនួបនេះលោក Chanawougse ថ្លែងប្រាប់លោក ហ៊ុន សែន ថា មជ្ឈមណ្ឌល ADPC មកទល់ពេលនេះបានក្លាយខ្លួនទៅជាមជ្ឈមណ្ឌលអន្តរជាតិ ខណៈលោក ហ៊ុន សែន បានសាទរដែលមជ្ឈមណ្ឌលនេះបានក្លាយជាមជ្ឈមណ្ឌលអន្តរជាតិ។
ហ្វេសប៊ុកដដែលបន្តថា៖ «សម្តេចតេជោបានផ្ដល់ជាអនុសាសន៍ថា គប្បីធ្វើយ៉ាងណាជំរុញឱ្យអង្គការនេះមានសកម្មភាពដោះស្រាយទប់ស្កាត់គ្រោះមហន្តរាយជាក់លាក់»។
បន្ទាប់ពីលោក Chanawougse បានស្នើសុំជួបលោក ហ៊ុន សែន ជាថ្មីនៅឆ្នាំក្រោយ លោក ហ៊ុន សែន បញ្ជាក់ថា លោករីករាយជួបជាមួយលោករាល់ពេលដែលលោកមកកាន់កម្ពុជា។
មជ្ឈមណ្ឌល ADPC គឺជាអង្គការអន្តរជាតិស្វយ័តមួយដែលធ្វើការដើម្បីកសាងភាពធន់របស់មនុស្ស និងស្ថាប័នចំពោះគ្រោះមហន្តរាយ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៦ ដែលផ្តល់សេវាកម្មបច្ចេកទេសដ៏ទូលំទូលាយដល់ប្រទេសក្នុងតំបន់លើវិស័យវិទ្យាសាស្ត្រសង្គម និងរូបវន្ត ដើម្បីគាំទ្រដំណោះស្រាយប្រកបដោយនិរន្តរភាពក្នុងការកាត់បន្ថយហានិភ័យ និងគាំទ្រភាពធន់ទ្រាំនឹងអាកាសធាតុ។
មជ្ឈមណ្ឌល ADPC គាំទ្រប្រទេស និងសហគមន៍នៅអាស៊ី និងប៉ាស៊ីហ្វិកក្នុងការកសាងប្រព័ន្ធយន្តការស្ថាប័ន និងសមត្ថភាពនៃប្រទេសទាំងនោះ ដើម្បីឱ្យមានភាពធន់នឹងគ្រោះមហន្តរាយនានាដូចជា គ្រោះទឹកជំនន់ បាក់ដី រញ្ជួយដី ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួតជាដើម៕