បាត់ដំបងៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចទំហំ ១០៤ ហិកតា ស្ថិតនៅក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីសាងសង់ផ្ទះចំនួន ១០៤ ខ្នង ជូនអតីតយុទ្ធជនសម្រាប់រស់នៅ និងប្រកបរបរកសិកម្មផ្សេងៗ ខណៈពេលបច្ចុប្បន្នមន្ត្រីកំពុងវាស់វែងបែងចែកជូនពួកគាត់ចំនួន ១០៤ គ្រួសារ។
លោក គន់ រ័ត្នមុនី អនុប្រធានក្រុមជំនួយការអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែកក្កដាថា នៅថ្ងៃនេះ (២០ ខែកក្កដា) លោកបានសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង ចុះវាស់វែងកំណត់ទីតាំងដី និងសាងសង់ផ្ទះខាងលើនេះ។
លោកបន្តថា ដីដែលបានវាស់វែង ជាដីសម្បទានសង្គមកិច្ចនេះ ត្រូវផ្តល់ឱ្យតែអតីតយុទ្ធជននៅក្នុងខេត្តបាត់ដំបងប៉ុណ្ណោះ។ តាមគម្រោងដែលបានចាប់ឆ្នោតរួចហើយ គឺមានចំនួន ១០៤ គ្រួសារ ដោយក្នុង ១ គ្រួសារ ទទួលបានដី ១ ហិកតា ផ្ទះ ១ ខ្នង និងបន្ទប់ទឹក ១។
បើតាមលោក គន់ រ័ត្នមុនី លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការបានបើកសម្ពោធសាងសង់ផ្ទះជូនអតីតយុទ្ធជននៅទីតាំងនេះកាលពីសប្តាហ៍មុន និងចាប់ផ្តើមសាងសង់ពីពេលនោះតទៅ ដោយគ្រោងចំណាយប្រមាណ ៤ ៥០០ ដុល្លារអាមេរិក ក្នុង ១ ខ្នងផ្ទះ រួមជាមួយនឹងបន្ទប់ទឹក។ តាមគម្រោងយ៉ាងយូរ ៣ ខែ នឹងបញ្ចប់ការសាងសង់ជាស្ថាពរ និងត្រូវប្រគល់ជូនឱ្យពួកគាត់ទាំង ១០៤ គ្រួសារនោះហើយ។
លោកថ្លែងថា៖ «ដីនេះគឺជាដីសម្បទានសង្គមកិច្ចរបស់រដ្ឋ ហើយផ្ទះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ា ម៉ម វណ្ឌី។ គោលដៅរបស់សមាគម គឺផ្តល់ជូនសម្រាប់តែអតីតយុទ្ធជនដែលមានពិការភាព ក្រីក្រ អត់មានដី និងអត់មានផ្ទះនៅក្នុងខេត្តបាត់ដំបងពិតប្រាកដ»។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ខែកក្កដាថា ដីសម្បទានសង្គមកិច្ចត្រូវបានរាជរដ្ឋាភិបាល សម្រេចផ្តល់ជូនដល់អតីតយុទ្ធជននៅក្នុងខេត្តបាត់ដំបង ដែលកំពុងទទួលរងនូវផលលំបាកជីវភាពរស់នៅសម្រាប់ធ្វើការសាងសង់ផ្ទះ និងធ្វើកសិកម្ម ដើម្បីធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែល្អប្រសើរ។
លោកបានថ្លែងថា៖ «អតីតយុទ្ធជនខ្លះដែលគ្មានផ្ទះ និងគ្មានដី ត្រូវបានសមាគមជ្រើសរើស។ ពួកគាត់នឹងត្រូវទទួលផ្ទះ និងដី។ប៉ុន្តែ អតីតយុទ្ធជនខ្លះ គាត់មានហើយ គឺមិនទទួលដី និងផ្ទះនៅទីនេះទេ»។
បើតាមលោក សុខ លូ ជាជំហានដំបូង សមាគមអតីតយុទ្ធជន ជ្រើសរើសយក ១ ទីតាំងខាងលើ ដើម្បីកសាងជូនដល់អតីតយុទ្ធជនចំនួន ១០៤ គ្រួសារសិន និងជំហានបន្តបន្ទាប់ទៀត ក៏នឹងត្រូវរៀបចំ និងជ្រើសរើសសាងសង់ និងផ្តល់ជូនអតីតយុទ្ធជននៅក្នុងខេត្តដែលជួបការលំបាកបន្តទៀត។
លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ បានចាប់ឆ្នោតប្រគល់ដីសម្បទានសង្គមកិច្ច (ដីលំនៅឋាន និងដីកសិកម្ម) ព្រមទាំងបើកការដ្ឋានសាងសង់ផ្ទះជូនអតីតយុទ្ធជននៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចំនួន ១០៤ គ្រួសាររួចរាល់ហើយ។
បើតាមលោក គន់ គីម ដីសម្បទានសង្គមកិច្ចដែលផ្តល់ជូនអតីតយុទ្ធជនក្នុង ១ គ្រួសារ ទទួលបានផ្ទះទំហំ ៥ ម៉ែត្រគុណនឹង ៧ ម៉ែត្រ និងដី ១ ហិកតា ដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា៕